ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចាត់ទុកការសម្រេចរបស់តុលាការលើករណីលោក រ៉ាត់ រត្នមុនី ជារឿងអយុត្តិធម៌ ដែលបង្ហាញពីភាពមិនត្រឹមត្រូវរបស់តុលាការ ក្នុងការអនុវត្តនីតិវិធីច្បាប់លើប្រជាពលរដ្ឋ។ ការលើកឡើងរបស់ស្ថានទូតអាមេរិកនេះ ធ្វើឡើងក្រោយពីតុលាការក្រុងភ្នំពេញ បានសម្រេចដាក់ទោសលោក រ៉ាត់ រត្នមុនី ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ កាលពីពេលថ្មីៗនេះ ។
តាមរបាយការណ៍ពីសវនាការរបស់លោក រត្នមុនី ដែលស្ថានទូតអាមេរិកទទួលបាននោះ បានបង្ហាញថា លោក រត្នមុនី មិនទទួលបានការធានាលើសវនាការប្រកបដោយយុត្តិធម៌ទេ។ ដោយសារមើលឃើញចំណុចនេះហើយ ទើបស្ថានទូតអាមេរិក យល់ថា ការដាក់ទោសលោក មុនី បែបនេះ វារឹតតែធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាថែមទៀត។
ជាមួយគ្នានេះស្ថានទូតអាមេរិក ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋគ្រប់រូប ខណៈសិទ្ធិមួយនេះត្រូវបានការពារដោយច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានសរសេរលើទំព័រហ្វេសប៊ុកខ្លួននាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ថា ៖«សហរដ្ឋអាមេរិកគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ នៅទូទាំងពិភពលោក ដោយចាត់ទុកវាជាផ្នែកសំខាន់មួយនៃអភិបាលកិច្ចតាមលទ្ធិប្រជាធិបតេយ្យ។ យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យមនុស្សគ្រប់រូបអនុវត្តដោយសេរីនូវសិទ្ធិនេះ ដែលត្រូវបានការពារនៅក្រោមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ដោយគ្មានរងការគំរាមកំហែងសងសឹក។ សេរីភាពក្នុងការបញ្ចេញមតិក៏មានសារៈសំខាន់ចាំបាច់ផងដែរ ដល់ការចងក្រងឯកសារ និងលើកកម្ពស់ការយល់ដឹងទៅលើបញ្ហាជួញដូរមនុស្សរបស់ប្រទេសកម្ពុជា»។
លោក អ៊ី រិន្ទ ប្រធានរដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញ សុំមិនធ្វើអត្ថាធិប្បាយចំពោះការលើកឡើងរបស់ស្ថានទូតអាមេរិកនោះទេ។ ប៉ុន្តែលោកលើកឡើងថា ក្នុងករណីមានភាគីណាមួយមិនពេញចិត្តទៅនឹងសាលក្រមរបស់សាលាដំបូង អាចដាក់ពាក្យប្តឹងជំទាសទៅសាលាឧទ្ធរណ៍។
ជុំវិញបញ្ហានេះអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុកការសម្រេចរបស់តុលាការលើករណីរបស់លោក រត្នមុនី គឺជារឿងត្រឹមត្រូវ ។ លោកបានសរសេរលើហ្វេសប៊ុកខ្លួន ដូច្នេះថា៖«ការផ្ដន្ទាទោសលោក រ៉ាត់ រត្នមុនី ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ គឺជាសារមួយ មិនត្រឹមតែក្នុងករណីពីបទញុះញង់ឲ្យមានការរើសអើងប៉ុណ្ណោះទេ ក៏ប៉ុន្តែជាសារប្រឆាំងនឹងការបំភ្លៃព័ត៌មាន (fake news) ផងដែរ។
ខ្សែភាពយន្ត «ម្តាយខ្ញុំ លក់ខ្ញុំ» បានធ្វើឲ្យលោក រ៉ាត់ រត្នមុនី រងពីបទ «ញុះញង់ឲ្យមានការរើសអើង»។ សាលាដំបូងរាធានីភ្នំពេញ បានសម្រេចក្តី កាលពីថ្ងែទី ២៦ ខែមិថុនា ឆ្នាំ២០១៩ ដោយតម្រូវឲ្យ លោក រ៉ាត់ រត្នមុនី ត្រូវជាប់ពន្ធនាគារពីរឆ្នាំ ពាក់ព័ន្ធនឹងការផលិតភាពយន្តឯកសារ ក្រោមចំណងជើង «ម្តាយខ្ញុំលក់ខ្ញុំ» ដែលនិយាយពីការជួញដូរផ្លូវភេទនៅកម្ពុជា ។ លោកក៏ត្រូវបង់ប្រាក់៣៥លានរៀល ទៅដើមបណ្តឹងផងដែរ។
លោក សំ ទិត្យសីហា មេធាវីការពារក្តីរបស់លោក រ៉ាត់ រត្នមុនី អះអាងដូចមុនថា កូនក្តីលោក មិនមែនជាអ្នកដឹកនាំផលិតខ្សែភាពយន្តនេះទេ គឺគ្រាន់តែជាបកប្រែពីភាសាខ្មែរទៅជាភាសាអង់គ្លេសប៉ុណ្ណោះ ។ លោកក៏បានចាត់ទុកការសម្រេចរបស់តុលាការថាអយុត្តិធម៌។
រដ្ឋាភិបាលកម្ពុជាបានចោទថា ភាពយន្តឯកសារនោះគឺជាការប្រឌិតក្នុងគោលបំណងធ្វើឲ្យខូចកិត្តិយសកម្ពុជា ក្រោយចេញផ្សព្វផ្សាយដោយ RT កាលពីខែកញ្ញា ឆ្នាំ២០១៨។ លោក រ៉ាត់ រត្នមុនី ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោមកិច្ចសហការជាមួយសមត្ថកិច្ចខ្មែរ។ កន្លងមក ភរិយារបស់លោក និងប្រជាពលរដ្ឋមួយចំនួន បានសុំឲ្យស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ជួយធ្វើអន្តរាគមន៍ជាញឹកញាប់ដែរ តែមិនបានទទួលផលវិជ្ជមានឡើយ៕