ជាតិ
ពីនេះ ពីនោះ
«​ចង់​ចេះ​ឱ្យ​សម្លាប់​អាចារ្យ ចង់បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់​» មានន័យ​ដូចម្តេច​?
29, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ អ្នកសិក្សា​អក្សរសាស្ត្រ វប្បធម៌ និង​អរិយធម៌​ខ្មែរ តែងតែបាន​ជួប​នូវ​គំនិត​ទស្សនវិជ្ជា​ផ្សេងៗ​ដែល​កប់​នៅក្នុង​រឿងព្រេង ប្រលោមលោក កំណាព្យ និង​សុភាសិត ជាដើម​។ គំនិត​ទស្សនវិជ្ជា​ទាំងនោះ បានផ្ដល់​ការអប់រំ​អំពី​ឥរិយាបថ​សីលធម៌ ជំរុញឱ្យមាន​ទឹកចិត្ត​តស៊ូ ក្លាហាន ព្យាយាម​ក្នុងការ​សិក្សា​រៀនសូត្រ មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការងារ ជាដើម​។ ក្នុងន័យនេះ តើ​សុភាសិត​ខ្មែរ​មួយ​ដែល​ចែងថា «​ចង់​ចេះ​ឱ្យ​សម្លាប់​អាចារ្យ ចង់បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់​» មាន​អត្ថន័យ​ដូចម្ដេច និង​មាន​ខ្លឹមសារ​អប់រំ​យ៉ាងណាដែរ​?   


  
​មុននឹង​បកស្រាយ​សុភាសិត​ខាងលើនេះ យើង​គប្បី​យល់​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន ដូចជា​ពាក្យ​«​អាចារ្យ​» ដែល​មានន័យថា អ្នក​ប្រដៅ​ឬ​ហាត់​មារយាទ​, អ្នកប្រព្រឹត្ត​ល្អ​, អ្នក​ប្រកាន់​ត្រឹមត្រូវ​, អ្នក​ដែល​សិស្ស​ត្រូវគោរព​, អ្នកធ្វើ​ប្រយោជន៍​ដល់​សិស្ស​, អ្នក​បង្រៀន​ចំណេះដឹង​ដល់​អ្នកដទៃ​, គ្រូបង្រៀន និង​អ្នកផ្ដល់​ប្រឹក្សា​ផ្សេងៗ​ទៀត​។ «​ផ្លែផ្កា​» សំដៅយក​ភោគផល​ដែល​បានមកពី​ការដាំដុះ បានមកពី​រុក្ខជាតិ ការងារ ការប្រឹងប្រែង ការសិក្សា ការព្យាយាម ជាដើម​។ 
 
​សុភាសិត «​ចង់​ចេះ​ឱ្យ​សម្លាប់​អាចារ្យ ចង់បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់​» ចែកចេញជា​ពីរ​ផ្នែក ហេតុនេះ ដើម្បី​ងាយស្រួល​យល់​សុភាសិត​នេះ សូម​អ្នកអាន​ពិនិត្យមើល​ផ្នែក​នីមួយៗ​ដាច់ដោយឡែក​ពីគ្នា​ដូចខាងក្រោម​។ 
 
«​ចង់​ចេះ​ឱ្យ​សម្លាប់​អាចារ្យ​» មិន​មានន័យថា តម្រូវឱ្យ​កូនសិស្ស ឬ​អ្នកសិក្សា យក​កាំបិត ពូថៅ ឬ​ឧបករណ៍​អ្វីមួយ​ទៅ​ផ្ដាច់ជីវិត​អាចារ្យ ឬ​គ្រូ​របស់ខ្លួន​នោះទេ ប៉ុន្តែ មានន័យថា ឱ្យ​យើង​សម្លាប់​ចិត្ត​អាចារ្យ ឬ​គ្រូ​របស់​យើង​តាមរយៈ​ការខិតខំ​ធ្វើយ៉ាងណា​ដើម្បីឱ្យ​គាត់​ចូលចិត្ត ពេញចិត្ត អាណិត និង​ចុងក្រោយ​ឈានទៅដល់​ស្លាប់ចិត្ត​ចំពោះ​យើង​ដែលជា​សិស្ស​របស់គាត់​។​
 ជាធម្មតា ក្នុង​បរិបទ​សង្គម​ខ្មែរ​សម័យបុរាណ​គេ​តែងតែ​ជឿថា អាចារ្យ ឬ​គ្រូ​ទូទៅ ដែល​ចេះ​ជំនាញ អក្សរសាស្ត្រ ក្បាច់គុណ សិ​ល្បិ៍​សាស្ត្រ មន្តអាគម ជាដើម គាត់​មិនដែល​បង្រៀន​សិស្ស​របស់គាត់​ទាំងអស់​នោះទេ គាត់​បង្រៀន​យ៉ាងច្រើន​ត្រឹមតែ​៧០​ទៅ​៨០​ភាគរយ​ប៉ុណ្ណោះ​។ ការធ្វើ​ដូច្នេះ មិន​សំដៅ​ជាពិសេស​លើ​អក្សរសាស្ត្រ និង​ជំនាញ​ធម្មតា​នោះទេ ប៉ុន្តែ អាច​សំដៅយក​ក្បាច់គុណ សិ​ល្បិ៍​សាស្ត្រ ឬ​មន្តអាគម ពីព្រោះ​អាចារ្យ ឬ​គ្រូ ខ្លាច​សិស្ស​ខ្លះ​ដែល​បាន​រៀន​ចេះ​វិជ្ជា​ទាំងនេះហើយ មិន​យកទៅ​ប្រើ​ក្នុង​ផ្លូវត្រូវ បែរជាយក​វា​ទៅប្រើ​ក្នុង​ផ្លូវខុស ដូចជា យកទៅ​ធ្វើបាន​អ្នក​ស្លូតត្រង់ ធ្វើបាប​មិត្តភក្ដិ​រួម​គ្រូ ឬ​វាយបក​មកលើ​គ្រូ ជាដើម​។ ប្រសិនបើ​មាន​ករណី​ដូច្នេះ គ្រូ​ឬ​អាច​រ្យ អាច​យក​ក្បាច់​ឬ​វិជ្ជា​ដែល​ខ្ពស់ជាង​អ្វីដែល​គាត់​បាន​បង្រៀន​សិស្ស​របស់គាត់ ទៅ​រារាំង ឬ​បង្ក្រាប​ពួកគេ​ពី​ការប្រព្រឹត្ត​អំពើអាក្រក់​នោះ​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ចំពោះ​សិស្ស​ណា​ដែល​គាត់​ពេញចិត្ត​ខ្លាំង គាត់​អាច​បង្រៀន​សិស្ស​នោះ​រហូតដល់​១០០​ភាគរយ​។ តើ​យើង​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​យកចិត្ត​គាត់​ឱ្យបាន ឬ​សម្លាប់​ចិត្ត​គាត់​ឱ្យបាន​? ជា​ការណ៍​ពិតណាស់​ដើម្បី​សម្លាប់​ចិត្ត​របស់​គ្រូ​ឬ​អាចារ្យ ជំរុញ​ឱ្យ​គាត់​បង្រៀន​យើង​ទាំងអស់​នូវ​អ្វីដែល​គាត់​ចេះ យើង​គប្បី​ឧស្សាហ៍​ព្យាយាម ប្រឹងប្រែង យកចិត្តទុកដាក់​ទាំង​ការរៀនសូត្រ​ទាំង​ការងារ​ផ្សេងៗ មាន​ភាពស្មោះត្រង់ ចេះ​ឱនលំទោន ចេះ​អធ្យាស្រ័យ ប្រកាន់យក​សីលធម៌​ល្អ​សម្រាប់​ការរស់នៅ​ក្នុងសង្គម រៀបចំខ្លួន​ធ្វើជា​មនុស្ស​ល្អ ពលរដ្ឋ​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​កូន​ល្អ ដែល​អាច​អង្រួន​បេះដូង​របស់​គ្រូ​ឬ​អាចារ្យ​ឱ្យ​កាន់តែ​ស្រឡាញ់​យើង ចូលចិត្ត អាណិត​យើង ហើយ​ទីបំផុត​គាត់​អាច​ស្លាប់ចិត្ត​លើ​យើង ពេលនោះ​ហើយ​ដែល​គាត់​អាច​ព្រម​បង្រៀន​ឬ​ផ្ទេរ​ចំណេះដឹង​ទាំងអស់​ដែល​គាត់​មានមក​ឱ្យ​យើង ដោយ​មិន​គិតពី​ទម្លាប់​ចាស់ មិន​គិតពី​ការលះបង់​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត​ដែល​គាត់​បានធ្វើ​ចំពោះ​យើង ពីព្រោះ​គាត់​អាច​ជឿជាក់ថា យើង​ជាម​នុស្ស​ល្អ ហេតុនេះ​ចំណេះ​ដែល​យើង​ទទួលបាន​ក៏​នឹង​យកទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​ល្អ​ដែរ​។​
 
«​ចង់បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់​» ន័យត្រង់ សំដៅយក​ដើម​រុក្ខជាតិ​ធំៗ​មួយចំនួន ដូចជា ដូង ស្លា ស្វាយ ល្មុត ជាដើម ដែល​វា​ឡើង​គល់ ឬ​ជុំវិញ​គល់​របស់​វា​មាន​ស្មៅ ឬ​កូន​រុក្ខជាតិ​តូច​ផ្សេងៗ​ដុះ​ជុំជិត ដែល​អាច​ស្រូបយក​ជី​នៅ​ជុំវិញ​គល់​របស់​រុក្ខជាតិ​ធំៗ​ទាំងអស់នោះ​។ ក្នុងស្ថានភាព​បែបនេះ តម្រូវឱ្យ​ម្ចាស់​ចម្ការ​ជម្រះ​ស្មៅ និង​កាប់​ចិញ្ច្រាំ​កូន​រុក្ខជាតិ​ទាំងនោះ​ចេញ រួច​ទុក​វា​ឱ្យ​ស្ងួត ប្រមូលផ្ដុំ​វាគរ​ជុំវិញ​គល់​ដូង ស្លា ស្វាយ ឬ​ល្មុត​ទាំងនោះ បន្ទាប់មក​យើង​ដុត​វា ដែល​អាចធ្វើឱ្យ​ស្មៅ និង​កូន​រុក្ខជាតិ​ទាំងនោះ​លែងមាន​ឱកាស់​ស្រូវ​ជី​ពី​ដី​ជុំវិញ​គល់ឈើ​ធំៗ​ទាំងនោះ និង​លើសពីនេះ​ទៀត នៅពេលដែល​ស្មៅ និង​កូន​រុក្ខជាតិ​តូចៗ​ទាំងនោះ​ឆេះ​ក្លាយទៅជា​ផះ វា​ក៏​ក្លាយទៅជា​ជី​សម្រាប់​ដើមឈើ​ធំៗ​ទាំងអស់នោះ​ផងដែរ ហើយ​ប្រសិនបើ​យើង​បាន​ស្រូ​ច​ទឹក ឬ​មាន​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់​នោះ ដំណាំ​ទាំងនោះ​វា​នឹង​ផ្ដល់​ផល ផ្លែផ្កា​កាន់តែច្រើន​ដល់​យើង​។​
 
​ក្នុង​ន័យធៀប​«​ចង់បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់​» មានន័យថា រាល់​ការសិក្សា ការរៀនសូត្រ ការស្រាវជ្រាវ និង​ការងារ​ផ្សេងៗ ប្រសិនបើ​យើង​ព្យាយាម​ធ្វើ​វា​ជា​បន្តបន្ទាប់ រម្លឹក​ជារឿយៗ ពិនិត្យ​តាមដាន ព្រមទាំង​ចេះ​ច្នៃប្រឌិត រិះរក​វិធី​ផ្សេងៗ​ដើម្បី​អភិវឌ្ឍ​វា​ឱ្យ​កាន់​ប្រសើរ ព្រមទាំង​កាត់បន្ថយ​នូវ​ឧបសគ្គ ឬ​ការអូសទាញ​ផ្សេងៗ​ដែល​អាចធ្វើឱ្យ​យើង​ដើរ​ទៅរក​ផ្លូវខុស ឬ​បរាជ័យ នោះ​យើង​ពិតជា​អាច​នឹង​ឈានទៅដល់​ភាពជោគជ័យ ឬ​ការទទួលបាន​ផ្លែផ្កា​ឬ​ផល​ដ៏​ប្រសើរ​គួរ​ជាទី​ពេញចិត្ត​។​
 
​សរុបមក សុភាសិត «​ចង់​ចេះ​ឱ្យ​សម្លាប់​អាចារ្យ ចង់បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់​» ពិត​ជាមាន​បង្កប់​គំនិត​ទស្សនវិជ្ជា​ដ៏​ល្អ​ប្រពៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន ពីព្រោះ​វា​បាន​ប្រាប់​យើង​ពី​គំនិត​និង​វិធី​ដែល​អាច​សម្លាប់​ចិត្ត​របស់​អាចារ្យ ឬ​គ្រូ​ដើម្បីឱ្យ​គាត់​សុខចិត្ត​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និង​ព្រម​បង្រៀន​អ្វីៗ​ទាំងអស់​ដែល​គាត់​ចេះ​មកដល់​យើង ព្រមទាំង​បង្ហាញ​ពី​វិធី​ដែលនាំឱ្យ​យើង​ទទួលបាន​ជោគជ័យ ផ្លែផ្កា ឬ​លទ្ធផល​ល្អ ជាពិសេស ជួយ​ឱ្យ​យើង​គេច​ផុតពី​ឧបសគ្គ ហានិភ័យ និង​កម្លាំង​អូរ​ទាញ​បែប​អវិជ្ជមាន ដែល​អាច​នាំ​យើង​ឱ្យ​អន្តរាយ ខាង​បង់ ផលប្រយោជន៍ ឬ​បរាជ័យ​ជាយថាហេតុ​៕

ដោយ​លោក ឈ​ត ប៊ុន​ថង 
          

© រក្សាសិទ្ធិដោយ thmeythmey.com