ភ្នំពេញ៖ ព្រឹត្តិការណ៍រលំអគារ៧ជាន់នៅក្នុងខេត្តព្រះសីហនុកាលពីប៉ុន្មានថ្ងៃមុន បានធ្វើឲ្យមានការផ្លាស់ប្តូរតំណែងមួយចំនួននៅក្នុងជួរថ្នាក់ខេត្ត និងក្នុងរាជរដ្ឋាភិបាលជាន់ខ្ពស់។ លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ បានលាលែងពីតំណែង ជំនួសដោយលោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ហើយខេត្តកំពង់ចាម ជំនួសដោយលោកអ៊ុន ចាន់ដា ដែលធ្លាប់ជាអភិបាលខេត្តព្រះវិហារ។ រីឯ លោក ប្រាក់ សុវណ្ណ អតីតអភិបាលខេត្តរងខេត្តស្វាយរៀង ត្រូវបានតែងតែជាអភិបាលខេត្តព្រះវិហារវិញ។ ការផ្លាស់ប្តូរមានច្រើន តែក្រសែភ្នែករបស់មហាជនសំឡឹងមើលចៅហ្វាយខេត្តព្រះសីហនុតែមួយគត់ប៉ុណ្ណោះ។ តើអ្វីខ្លះជាវិញ្ញាសាថ្មី«កម្រិតខ្ពស់»សម្រាប់លោក គួច ចំរើន?
ព័ត៌មានផ្លាស់លោក គួច ចំរើន ពីខេត្តកំពង់ចាម មកកាន់ខេត្តព្រះសីហនុ អាចធ្វើឲ្យលោកមានអារម្មណ៍រំភើបផង និងបារម្ភផង។ រំភើប ព្រោះថា នេះ គឺជាកិត្តិយសដែលថ្នាក់ដឹកនាំផ្តល់សេចក្តីទុក្ខចិត្តឲ្យលោកដឹកនាំខេត្តមួយដែលកំពុងប្រឈមនឹងភាពចម្រូងចម្រាស។ បារម្ភ ព្រោះថា ខេត្តតូចមួយនេះ មានប្រជាពលរដ្ឋតិច តែមានបញ្ហាច្រើន។
ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩ គឺជាថ្ងៃប្រកាសចូលកាន់តំណែងរបស់លោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុជាផ្លូវការ។ ក្នុងពិធីនោះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីគុណសម្បត្តិរបស់លោក គួច ចំរើន ក្នុងការគ្រប់គ្រង និងបទពិសោធន៍ការងារនាពេលកន្លងមក។ ដូចគ្នាដែរ កាលពីប៉ុន្មានថ្ងៃមុន ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន ក៏បានទទួលស្គាល់សមត្ថភាពលោក គួច ចំរើន ក្នុងការដឹកនាំខេត្តព្រះសីហនុផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានការវិនិយោគពីជនជាតិចិនយ៉ាងគំហុក ខេត្តព្រះសីហនុទទួលបានការរីកចម្រើនយ៉ាងខ្លាំងនៅលើគ្រប់វិស័យ។ ជាលទ្ធផល បញ្ហាក៏កើតឡើងរាប់មិនអស់ដែរ។ បញ្ហាទាំងនោះ ជារួមមាន៖ សំណង់អត់ច្បាប់, អំពើចោរកម្ម, អសន្តិសុខមួយចំនួនបង្កឡើងដោយជនជាតិចិន, ចរាចរណ៍ស្មុគស្មាញ, ជម្លោះដីធ្លី, ឆ្នេរសមុទ្រមិនស្អាត, ការបាត់បង់អត្តសញ្ញាណខេត្តព្រះសីហនុ, បញ្ហាបរិស្ថាន, អ្នកជំនួញជនជាតិបរទេសលោកខាងលិចរើចេញពីខេត្តព្រះសីហនុ។ល។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នៅក្នុងពិធីផ្ទេរចូលកាន់តំណែងរបស់លោក គួច ចំរើន នៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩, បានទទួលស្គាល់ថា៖«ខេត្តព្រះសីហនុតូច តែមានបញ្ហាច្រើន»។ លោកអំពាវនាវឲ្យមានការអភិរក្សអត្តសញ្ញាណខេត្ត ឲ្យរក្សាសម្រស់ឆ្នេរសមុទ្រខេត្តព្រះសីហនុដែលជាឆ្នេរស្រស់ស្អាតជាងគេ។
ងាកមកនិយាយពីវត្តមានរបស់លោក គួច ចំរើន នៅលើដែនដីឆ្នេរសមុទ្រថ្មីនៃខេត្តព្រះសីហនុវិញ។ លោកធ្លាប់ធ្វើជាអភិបាលខណ្ឌចំនួន៣នៅរាជធានីភ្នំពេញ និងធ្លាប់ជាអភិបាលខេត្តកំពង់ចាម មុននឹងឡើងមកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ដែលជាខេត្តមានអ្នកជំនួញជនជាតិចិនច្រើន និងបញ្ហាច្រើន។ បញ្ហាប្រឈមខាងក្រៅរបស់លោក គួច ចំរើន ដែលត្រូវដោះស្រាយនាពេលខាងមុខ មានដូចជា៖ ទំនាស់ដីធ្លី, បញ្ហាចរាចរណ៍, សំណង់មិនត្រឹមត្រូវ, បញ្ហាអនាម័យ, សន្តិសុខទូទៅ, សម្ផស្សឆ្នេរសមុទ្រធ្លាក់ចុះ, ការរក្សាកម្រិតទាក់ទាញទេសចរ, ការរក្សាអត្តសញ្ញាណខេត្ត, កែលម្អរបរិស្ថាន។ល។ មិនត្រឹមតែប៉ុណ្ណោះ លោក«ត្រូវប្រើប្រាស់សិល្បៈដឹកនាំ»របស់លោកដើម្បីសម្របសម្រួលផ្ទៃក្នុងដើម្បីឈានទៅសម្រេចគោលដៅដ៏វែងឆ្ងាយរបស់លោកដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ និយាយដោយឡែក និងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល និយាយជារួម។ នេះ គឺជាវិញ្ញាសាថ្មី«កម្រិតខ្ពស់»សម្រាប់លោក គួច ចំរើន នៅលើដែនដីថ្មីនៃទឹកដីឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា។ ជោគជ័យ ឬបរាជ័យ លទ្ធផលជាក់ស្តែងនឹងបង្ហាញនាពេលខាងមុខ…៕