ជាតិ
សេដ្ឋកិច្ច
សង្គ្រាម​ពាណិជ្ជកម្ម​៖ ក្រុមហ៊ុន​ដែល​ផ្លាស់​ទី​ពី​ចិន នឹង​ទៅ​វៀតណាម​ច្រើន ព្រោះ​កម្ពុជា​នៅ​ខ្វះខាត​
29, Jun 2019 , 1:59 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ដោយសារ​ការដំឡើង​ពន្ធ​របស់​អាមេរិក​លើ​ផលិតផល​ចិន រោងចក្រ​ផលិតកម្ម​មួយចំនួន​នៅ​ប្រទេស​ចិន​ត្រូវបាន​គេ​មើលឃើញថា​នឹងត្រូវ​ផ្លាស់​ទី មក​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​អាច​នាំចេញ​ក្នុង​កម្រិត​ពន្ធ​ធម្មតា ឬ​អនុគ្រោះ​។ ប៉ុន្តែ​អ្នកជំនាញ​បាន​លើកឡើងថា វៀតណាម​នឹង​ទាក់ទាញ​ខ្លាំង​ចំពោះ​លំហូរ​នេះ ខណៈ​កម្ពុជា​នៅ​ប្រឈម​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ និង​តម្លៃ​ដើម​ផលិត​នៅ​ខ្ពស់​។ នេះ​បើតាម​លើកឡើង​របស់​អ្នកជំនាញ និង​មន្ត្រី​ស្ថាប័នរដ្ឋ ក្នុង​វេទិកា​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ក្នុង​បរិបទ​កម្ពុជា នៅ​ថ្ងៃទី​២៨​ខែមិថុនា​។​


 
​វាគ្មិន​មួយរូប​គឺ​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ជំរុញ​ឲ្យ​កម្ពុជា​សម្លឹង​ឱកាស​ចាប់យក​ការផ្លាស់​ទី​រោងចក្រ​ពី​ចិន ដែល​ចង់​គេច​ចេញពី​ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជកម្ម​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ស​ង្រា្គ​ម​ពាណិជ្ជ​កម្មនេះ ប៉ះពាល់​ដល់​ក្រុមហ៊ុន​នៅ​ប្រទេស​ទាំងពីរ​ចិន និង​អាមេរិក តែ​អាស៊ាន​អាច​ទទួលផល​ចំណេញ ព្រោះ​ក្រុមហ៊ុន​ដែល​ចេញពី​ចិន មក​អាស៊ាន ដែល​កម្ពុជា​ទទួលបាន​មួយចំនួន តែ​អ្នក​ដែល​ទទួលបាន​ខ្លាំងជាងគេ​គឺ​វៀតណាម និង​ឥណ្ឌូណេស៊ី​»​។​
 
​តែ​លោក លឹម ហេង មានប្រសាសន៍ថា ប្រទេស​វៀតណាម នឹង​ក្លាយជា​អ្នក​ទាក់ទាញ​ខ្លាំង​នូវ​លំហូរ​ប្ដូរ​ទីតាំង​ទាំងនោះ ព្រោះតែ​កត្តា​កម្លាំង​ពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​ថ្លៃដើម​ផលិត ដូចជា ថ្លៃ​អគ្គិសនី​ទាប​ជាដើម​។​
 
​អុន​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុជាតិ ក៏​យល់ឃើញ​ស្រដៀង​គ្នា​នេះដែរ​។ លោក​និយាយ​ដូចនេះ​ថា​៖«​បើសិន​ផ្លាស់​មក​កម្ពុជា ខ្ញុំ​គិតថា​ពិបាក ព្រោះ​សព្វថ្ងៃ​យើង​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ យើង​កំពុង​ត្រៀមខ្លួន​សម្រាប់​ការវិនិយោគ​ដែល​ត្រូវការ​ពលកម្ម​ជំនាញ ខណៈ​វៀតណាម​មានលទ្ធភាព​ហើយ​ស្រាប់ ដូចនេះហើយ​ចិន​ងាយ​នឹង​ប្ដូរ​មក​វៀតណាម​ជាង​មក​កម្ពុជា ហើយ​កត្តា​ភូមិសាស្ត្រ​វៀតណាម​ជិត​ចិន​ជាង​»​។ 
 
​ទោះយ៉ាងណា​មិនទាន់មាន​ការបង្ហាញ​តួលេខ​ណាមួយ ដែល​បញ្ជាក់​អំពី ក្រុមហ៊ុន​ផ្លាស់​ទី​ពី​ប្រទេស​ចិន​ចំនួន​ប៉ុន្មាន​ចូលមក​កម្ពុជា​នៅឡើយ​។ ​អ្នកវិភាគ​សេដ្ឋកិច្ច​បណ្ឌិត គី សេរី​វឌ្ឍន៍ ក៏បាន​មើលឃើញ​ពី​ការខកខាន​ចាប់យក​ឱកាស​ផ្លាស់​ទី​ផលិតកម្ម​ពី​ចិន​នេះដែរ​។ លោក​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ដើម្បី​ទប់​នឹង​វិបត្តិ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ក្នុង​រយៈពេល​ខ្លី ចិន​ចាប់ផ្ដើម​ផ្លាស់​ទៅ​វៀតណាម​។ ហេតុអ្វី​អត់​មក​កម្ពុជា​? ព្រោះ​ផលិតភាព​នៃ​ផលិតកម្ម​នៅ​វៀតណាម​ខ្ពស់ជាង ថ្លៃដើម​គេ​តិចជាង​»​។​
 
​ទាក់ទង​ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជ​កម្មនេះ មិន​ថា​អ្នកជំនាញ​ក្នុងស្រុក ឬ​អន្តរជាតិ ច្រើនតែ​ចោទ​ជា​ពីរ​ករណី ពោលគឺ​សង្គ្រាម​នេះ​កើតឡើង​រយៈពេល​ខ្លី ឬ​អូសបន្លាយ ខណៈ​អ្នកជំនាញ​មួយចំនួន​មើលឃើញថា​សង្គ្រាម​នេះ​នឹង​បញ្ចប់​ត្រឹម​ការ​អស់​អាណត្តិ​របស់​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ​។ 
 
​លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ចុងខែ​ឧសភា បាន​លើកឡើងថា សង្គ្រាម​ពាណិជ្ជកម្ម នឹងមាន​ឥទ្ធិពល​លើ​កម្ពុជា​ក្នុង​ពីររូប​ភាព​។ បើជា​សង្គ្រាម​រយៈពេល​ខ្លី នោះ​មិនទាន់មាន​ផលវិបាក​ភ្លាម​កើតចេញពី​សង្គ្រាម​នេះ​ទេ ព្រោះ​កម្ពុជា​ជា​ប្រទេស​បើកចំហរ និង​មាន​សក្ដានុពល​នាំចេញ​។ លោក​បន្ថែមថា សង្គ្រាម​ពាណិជ្ជ​កម្មនេះ​ក៏​អាចបង្កើត​ឱកាស ក្នុងការ​ពង្រីក​ទីផ្សារ​នាំចេញ ​និង​ទាញយក​លំហូរ​វិនិយោគ​បន្ថែម​។ ប៉ុន្តែ​ករណី​សង្គ្រាម​នេះ​អូសបន្លាយ​រយៈពេល​វែង កម្ពុជា​អាច​នឹង​ប្រឈម​ផលប៉ះពាល់​អវិជ្ជមាន ដូចជា​ថយចុះ​លំហូរ​ទេសចរ​អន្តរជាតិ និង​លំហូរ​វិនិយោគ​បរទេស ដែល​បណ្ដាល​ពី​កំណើន​យឺត​នៃ​សេដ្ឋកិច្ច​សកល​៕
 
 

Tag:
 សង្គ្រាម​ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com