ពីនេះ ពីនោះ
ឧបករណ៍​នេសាទ «​លប​ឡុ​ក ឬ​ណ​រ៉ាវ​» ត្រូវបាន​គេ​កែច្នៃ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​ចាប់​ត្រី
29, Jun 2019 , 3:50 pm        
រូបភាព
​រូបភាព​ពីលើ​អាកាស​នេះ បានបង្ហាញ​ពីរ​បាំង​ព្រួល​រាង​ដូច​ព្រួញ​ដ៏​ធំ របស់ «​លប​ឡុ​ក ឬ​ណ​រ៉ាវ​» ដែល​ប្រជា​នេសាទ​ដាក់​បង្កប់​ក្នុងព្រៃ​លិច​ទឹក នៅក្នុង​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​រូបភាព​ពីលើ​អាកាស​នេះ បានបង្ហាញ​ពីរ​បាំង​ព្រួល​រាង​ដូច​ព្រួញ​ដ៏​ធំ របស់ «​លប​ឡុ​ក ឬ​ណ​រ៉ាវ​» ដែល​ប្រជា​នេសាទ​ដាក់​បង្កប់​ក្នុងព្រៃ​លិច​ទឹក នៅក្នុង​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
 ឧបករណ៍​នេសាទ «​លប​ឡុ​ក ឬ​ណ​រ៉ាវ​» ជា​ឧបករណ៍​នេសាទ​ខ្នាត​ធំ ដែលមាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា តាំងពី​យូរណាស់​មកហើយ ពិសេស​ក្នុង​បឹង​ទន្លេសាប​។  ឧបករណ៍​នេះ​ត្រូវបាន​អ្នកនេសាទ​ប្រើ​ដាក់​ក្នុង​លំហរ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ដោយមាន​របាំង​ព្រួល​ឬ​ស្សី​រាង​ដូច​ព្រួញ​ដ៏​ធំ និង​វែង​ជា​ជំនួយ​នាំ​ផ្លូវ​ឲ្យ​ត្រី​ចូល​លប​។ របាំង​ព្រួល​ទាំងនោះ​អាចមាន​ប្រវែង​ពី ២០០​ម៉ែត្រ ទៅ ៥០០​ម៉ែត្រ ខណៈ​នៅតាម​ព្រៃ​លិច​ទឹក ឬ​ក្នុង​ទន្លេ អាចមាន​ប្រវែង​ចាប់ពី ៥០​ម៉ែត្រ ទៅ ២០០​ម៉ែត្រ ។



​លប​ប្រភេទ​នេះ ត្រូវបាន​គេ​ហៅ​ឈ្មោះ​ខុសៗ​គ្នា​ទៅតាម​តំបន់​។ នៅ​កំពង់ធំ គេ​ហៅថា «​លប​ឡុ​ក​» នៅ​បាត់ដំបង គេ​ហៅថា «​លប​រ៉ាវ​» រីឯ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត គេ​ហៅថា «​លប​ណ​» តែ​ជាទូទៅ គេ​និយម​គេ​ប្រើ​វា​នៅក្នុង​បឹង​ទន្លេសាប​ដូចគ្នា​។ អ្នកនេសាទ​ប្រើប្រាស់​លប​នេះ សម្រាប់​ចាប់​ពពួក​ត្រី ត្រី​ឆ្តោ - ត្រី​ឌៀប (Channa micropeltes), ត្រី​ឆ្កោក (Cyclocheilichthys enoplos), ត្រី​ប្រា (Pangasius spp),  ត្រី​រៀល (Henicorhynchus spp)  ត្រី​ឆ្ពិន (Barbonymus gonionotus) ត្រី​ខ្មាន់ (Hampala spp) ជាដើម​។​ល​។​
 
​រូបភាព​ពីលើ​អាកាស​នេះ បានបង្ហាញ​ពីរ​បាំង​ព្រួល​រាង​ដូច​ព្រួញ​ដ៏​ធំ​ជាច្រើន​ខ្សែ​របស់ «​លប​ឡុ​ក ឬ​ណ​រ៉ាវ​» ដែល​ប្រជា​នេសាទ​ដាក់​នៅក្នុង​បឹង​ទន្លេសាប​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​ប៉ុន្តែ បច្ចុប្បន្នេះ «​លប​ឡុ​ក ឬ​ណ​រ៉ាវ​» ត្រូវបាន​គេ​កែច្នៃ​ឲ្យ​ប្រសិទ្ធភាព និង​សមត្ថភាព​ចាប់​ត្រី បាន​ខ្ពស់ជាង​មុន ដោយ​ចាប់បាន​ទាំង​ធំ​ទាំង​តូច​មិន​រើស​ប្រភេទ ព្រោះ​គេ​ឈប់​ប្រើ​របាំង​ព្រួល និង​លប​ធ្វើ​ពី​ឬ​ស្សី​ទៀតហើយ​។ ទាំង​របាំង​ព្រួល និង​លប ត្រូវបាន​គេ​ជំនួស​ដោយ​សាច់​អួន​សុទ្ធ​។ ចំណែកឯ​ប្រវែង​របាំង​ព្រួល​ទៀតសោត ក៏​រិត​តែ​វែង​ជាង​មុន រហូតដល់​ជាង​មួយ​ពាន់​ម៉ែត្រ​ឯណោះ ដូច​មាន​រូបភាព​បង្ហាញ​ខាងលើ​ស្រាប់​។ 
 
​គួរ​បញ្ជាក់ថា បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំ​បំផុត​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ផ្ទៃ​បឹង​ក្នុង​រដូវប្រាំង លាតសន្ធឹង​ជាង ២.៥០០​គីឡូម៉ែត្រ​ការ៉េ​។ ក្នុង​រដូវវស្សា ផ្ទៃ​បឹង​បាន​រីក​ធំ​ជាង​មុន​៤​ដង ដោយ​ជម្រៅ​ទឹកបាន​កើនឡើង​ពី​៤ ទៅ​១០​ម៉ែត្រ​។ ដោយសារតែ​ទំហំ​ផ្ទៃ​បឹង​ដ៏​ធំ​ល្វឹងល្វើយ បានធ្វើ​ឲ្យ​មានការ​លំបាក​ដល់​មន្ត្រី​រដ្ឋបាល​ជលផល​ប្រចាំ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ចុះ​ធ្វើការ​បទល្មើស​ផ្សេងៗ ទើប​ធ្វើ​ឲ្យ​មាន​វត្តមាន «​លប​ឡុ​ក ឬ​ណ​រ៉ាវ​» នេះ មាន​គ្រប់​រដូវ ស្ទើរ​ពេល​ផ្ទៃ​បឹង​ទន្លេសាប​ទាំងមូល​។ ការណ៍​នេះ អាច​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប ជាពិសេស ក្នុង​រដូវ​ត្រី​ពង​-​កូន​។​
 
​ទាំងនេះ អាចជា​ដើមចម​មួយ​ក្នុង​បញ្ហា​ជាច្រើន ដែល​កើតមានឡើង​ក្នុង​បឹង​ទន្លេសាប ដូចជា ការប្រែប្រួល​អាកាសធាតុ ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ផង ការទន្ទ្រាន​កាប់ឆ្ការ​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​យក​ធ្វើ​កម្ម​សិទ្ធ​ជា​ដី​កសិកម្ម​ផង ព្រមទាំង​ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​បច្ចុប្បន្ន​បានធ្វើ​ឲ្យ​មច្ឆជាតិ​គ្រប់​ប្រភេទ មាន​និន្នាការ​ធ្លាក់​យ៉ាងខ្លាំង និង​មាន​ប្រភេទ​ខ្លះ ឈានទៅ​ផុត​ពូជ​តែម្តង​៕
 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com