ជាតិ
នយោបាយជាតិ
សម្ដេច ស ខេង ហួសចិត្តនឹងមន្ត្រីដែលរអ៊ូថា ទៅកាន់ការងារនៅកន្លែងនោះ «អត់មានអីផង»!
× ភ្នំពេញ៖ រយៈពេលពីរថ្ងៃហើយ ដែលសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកយករឿងហួសចិត្ត ទាក់ទងនឹងមន្ត្រីខ្លះ ដែលចង់បានផលប្រយោជន៍ខ្លួន នៅពេលទៅកាន់ការងារនៅកន្លែងណាមួយ ដែលរដ្ឋាភិបាលបញ្ជូនទៅបំពេញកាតព្វកិច្ច។ ដោយសារមើលឃើញពីចំណុចអវិជ្ជមាននេះ ទើបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាស់តឿនឲ្យថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ ឲ្យគិតពីរឿងបម្រើប្រយោជន៍ជូនពលរដ្ឋជាធំ ជាងគិតពីលាភសក្ការ។
«កន្លងមក មានអ្នកខ្លះមានទស្សនមិនត្រូវទេ។ (ពួកគេ)មានទស្សនថា (ផ្ទេរ)ទៅកន្លែងហ្នឹង អត់មានអីផង! តើចង់បានន័យថាយ៉ាងម៉េច?...»។ នេះការលើកឡើងរបស់សម្ដេច ស ខេង ដែលឆ្ងល់នឹងពាក្យសម្តីរបស់មន្ត្រីរដ្ឋាភិបាលខ្លះ ដែលហាក់មិនពេញចិត្តចំពោះការផ្ទេរតំណែងពីមួយទៅមួយ តាមការសម្រេចរដ្ឋាភិបាល។ មិនពេញចិត្តដោយសារកន្លែងខ្លះ ដែលរដ្ឋាភិបាលបញ្ជូនទៅ គឺពួកគេគិតថា គ្មានលាភសក្ការអ្វី សម្រាប់ជាប្រយោជន៍ដល់ពួកគេ។
ត្រង់ចំណុចសម្ដេច ស ខេង បាននិយាយក្នុងន័យនេះថា បើសិនមន្ត្រីរដ្ឋាភិបាល ចង់ទៅគ្រប់គ្រងកន្លែង ឬតំបន់ណាមួយ ដែលសម្បូរទៅដោយលាភសក្ការនោះ វាជារឿងមិនត្រឹមត្រូវទេ ព្រោះមន្ត្រីរាជការ ត្រូវគិតរឿងបម្រើប្រយោជន៍ជូនពលរដ្ឋជាធំ ជាងការទាញប្រយោជន៍សម្រាប់ខ្លួន។
ថ្លែងក្នុងពិធីប្រកាសតំណែងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន នៅព្រឹកថ្ងៃទី២៩ មិថុនានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងដូច្នេះថា៖«ការបញ្ជូនមន្រ្តីឲ្យទៅធ្វើការងារនៅស្រុក ខេត្ត មានអ្នកខ្លះគិតថាឲ្យទៅកន្លែងហ្នឹង គ្មានអីទេ! (ខ្ញុំ) សួរថាយោបល់ហ្នឹងត្រូវឬខុស គឺអត់ត្រូវទេ។ ព្រោះដោយសារតែវាគ្មានអីហ្នឹងហើយ បានជាគេឲ្យលោកឯងទៅ។ បើមានហើយ លោកឯងទៅធ្វើអី? អ៊ីចឹងបានន័យថា ទល់តែកន្លែងមាន (លាភ ឬផលប្រយោជន៍) បានលោកឯងទៅ(ធ្វើការ) ឬយ៉ាងម៉េច? ទៅប្រមូលយក(ប្រយោជន៍) ឬយ៉ាងម៉េច? ទស្សនហ្នឹង គឺខុស មហាខុសហ្មង! សក្ដានុពល នៅក្នុងទឹកដីកម្ពុជា នៅកន្លែងណាក៏មានដែរ គ្រាន់តែវាខុសគ្នា ត្រង់កន្លែងខ្លះ មានសក្ដានុពលខាងវិស័យនេះ លើវិស័យនោះ វាខុសគ្នាតែប៉ុណ្ណឹងទេ តែមានសក្ដានុពលដូចគ្នា»។
ដោយមិនអស់ចិត្ត សម្ដេច ស ខេង បានសង្កត់ថា រាល់ពេលដែលរដ្ឋាភិបាលបញ្ជូនមន្ត្រីណាមួយ ទៅកន្លែងដែលមិនទាន់មានការអភិវឌ្ឍនោះ គឺរដ្ឋាភិបាលចង់ដឹងថា តើមន្ត្រីរូបនោះ អាចមានសមត្ថភាពអភិវឌ្ឍន៍កន្លែងនោះ ឲ្យមានសក្ដានុពល ហើយបម្រើផលប្រយោជន៍ដល់ពលរដ្ឋដែរឬទេ? ពោលគឺមិនឲ្យបញ្ជូនមន្ត្រីទៅ ដើម្បីប្រមូលប្រយោជន៍សម្រាប់ខ្លួននោះទេ។ «កន្លែងដែលអត់មាន(លាភ ឬសក្ដានុពល) ហ្នឹងហើយ ដែលត្រូវការលោកឯងទៅ ដើម្បីឲ្យលោកឯងធ្វើវាឲ្យកើតមាន មិនមែនឲ្យទៅហើយ(និយាយថា)កន្លែងខ្ញុំគ្មានអីទេកន្លែងខ្ញុំ បើធ្វើអ៊ីចឹងមិនចាំបាច់ធ្វើការទេ ទៅរកតែកន្លែងស្រួល កន្លែងស្រណុកចុះ»។ នេះជាការលើកឡើងបែបហួសចិត្តរបស់សម្ដេច ស ខេង ចំពោះមន្ត្រីដែលហាក់គិតពីប្រយោជន៍ខ្លួនជ្រុល៕
Tag:
ស ខេង
មន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com