កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ Rapinoe ដែល​ឈ្លោះ​ជាមួយ ត្រាំ ស៊ុត​២​គ្រាប់​ឲ្យ​អាមេរិក​ឈ្នះ​បារាំង ឡើង​វគ្គ​១/២
29, Jun 2019 , 5:52 pm        
រូបភាព
​ប្រធាន​ក្រុម Megan Rapinoe បាន​ស៊ុត​បាល់​បញ្ចូល​ទី២​គ្រាប់​ម្នាក់ឯង​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស្ត្រី​អាមេរិក​យកឈ្នះ​ម្ចាស់ផ្ទះ​បារាំង ២-១ ដើម្បី​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FIFA Women's World Cup ឆ្នាំ​២០១៩​។ Rapinoe នេះឯង គឺជា​អ្នក​ឆ្លងឆ្លើយ​រិះគន់​គ្នា​ទល់នឹង​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ នាពេល​ថ្មីៗ​នេះដែរ​។

​សម្រាប់​ជំនួប​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ខ្សែប្រយុទ្ធ Rapinoe ជា​អ្នកសម្រេច​ទី​២​គ្រាប់​ឲ្យ​អាមេរិក​នៅ​នាទី ៥ និង ៦៥ មុនពេល កីឡាការិនី Wendie Renard តាម​ឲ្យ​បារាំង​១​គ្រាប់​វិញ​នៅ​នាទី​៨១​។​
 
ជ័យ​ជ​ន្នះ​នេះ​បាន​នាំ​ឲ្យ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ឡើងទៅ​ជួប​អង់គ្លេស​ដែល​បាន​កៅអី​ទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​មុនគេ ក្រោយ​ឈ្នះ​ន័​រ​វែ​ស ៣-០​។​
​ខ្សែប្រយុទ្ធ Rapinoe វ័យ​៣៣​ឆ្នាំ ធ្លាប់​ទាស់សម្តី​គ្នា​ជាមួយ​លោក ត្រាំ ដោយនិយាយ​ប្រាប់​ក្រុម​សារព័ត៌មាន​ថា នាង​នឹងមិន​ទៅជា​ន់​សេត​វិមាន​ទេ បើសិន​អាមេរិក​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៩ នេះ​។​
 
​ចំ​ណែ​កេ​លោក​ប្រធានាធិបតី​អាមេរិក ក្រោយពី​លឺ​បែបនេះ ក៏បាន​ឆ្លើយតប​តាមរយៈ​បណ្តាញ​សង្គម Twitter ដោយ​ប្រាប់​ទៅ​កីឡាការិនី​រូបនេះ​ថា​ឲ្យ​ចេះ​គោរព «​ប្រទេសជាតិ​ផង​» និង​ថែមទាំង​ថា «​ចាំ​ឈ្នះ​ពាន​ជាមុនសិន​ទៅ សឹម​និយាយ​បែបនេះ​»៕

Tag:
 World Cup Women
  Megan Rapinoe
© រក្សាសិទ្ធិដោយ thmeythmey.com