ជាតិ
សង្គមជាតិ
តំបន់ការពារធម្មជាតិ១៩កន្លែងនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ត្រូវបានដាក់បញ្ចូលជាតំបន់ការពារ និងអភិរក្ស
×
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសដាក់បញ្ចូលតំបន់ការពារធម្មជាតិចំនួន១៩កន្លែងនៅដែនជម្រកសត្វព្រៃ«ព្រៃឡង់» ក្នុងភូមិសាស្ត្រខេត្ត ស្ទឹងត្រែង កំពង់ធំ ព្រះវិហារ និងក្រចេះ ជាតំបន់ការពារ និងអភិរក្ស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ មិថុនា។
យោងតាមសេចក្តីប្រកាសរបស់ក្រសួង តំបន់ការពារធម្មជាតិទាំង១៩កន្លែងនោះ រួមមាន ខេត្តស្ទឹងត្រែង មាន៥សហគមន៍ គឺតំបន់ការពារធម្មជាតិផ្អាវ ទាល់ អន្លង់ភេ គីរីសុខសាន្ត និងអន្លង់ជ្រៃ។ ខេត្តកំពង់ធំ មាន២សហគមន៍ គឺសហគមន៍តំបន់ការពារធម្មជាតិ ក្បាលដូនក្រី និងកងមាស។ ខេត្តព្រះវិហារ មាន៨សហគមន៍ គឺសហគមន៍តំបន់ការពារធម្មជាតិ ឈើទាលកោង ស្រែវាល ភ្នំជ្រាប់ត្រីកម្សាន្ត ភ្នំល្អាង ភូមិពើក ព្រៃកំវ៉ែង បង្កនសែនជ័យ និងខេត្តក្រចេះមាន៤សហគមន៍ គឺតំបន់ការពារធម្មជាតិកំពង់ក្បឿង អង្គរឥន្ទ ឥន្ទជ័យ និងកំពង់ដំរី។
លោក សាយ សំអុល រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា តំបន់ដែលដាក់បញ្ចូលជាតំបន់ការពារ និងអភិរក្សនោះ ក្នុងគោលបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
Tag:
ធម្មជាតិ
ព្រៃឡង់
© រក្សាសិទ្ធិដោយ thmeythmey.com