ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​ថា​ការបរិច្ចាគ​ឈាម​ជាការ​ជួយ​សង្គម​បែប​ប្រយោល​!
30, Jun 2019 , 7:59 pm        
រូបភាព
​សៀមរាប​៖ បច្ចុប្បន្ននេះ ដោយសារ​ការយល់ដឹង​ទាក់ទង​នឹង​ការបរិច្ចាគ​ឈាម​ហាក់​ទូលំទូលាយ គេ​សង្កេតឃើញ​មាន​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន ចូលរួម​បរិច្ចាគ​ឈាម​នៅតាម​មន្ទីរពេទ្យ​នានា​។ ការបរិច្ចាគ​ឈាម គឺជា​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​ត្រូវការ​ឈាម​បន្ទាន់​ក្នុង​គ្រាអាសន្ន​ណាមួយ​។ ក្រុមយុវជន​យល់ថា ការបរិច្ចាគ​ឈាម​គឺជា​ការ​ផ្នែក​មួយ​ក្នុង​ការជួយ​សង្គម​បែប​ប្រយោល ហើយ​វា​ជា​កាតព្វកិច្ច​ដែល​ពួកគេ​គួរតែ​ចូលរួម​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​


 
​ការបរិច្ចាគ​ឈាម​ហាក់​ស្ថិតក្នុង​ផ្លូវ​អវិជ្ជមាន​សម្រាប់​ពលរ​ដ្ឋ​ខ្មែរ​កាលពី​ជាង​១០​ឆ្នាំមុន ដ្បិត​ពួកគេ​យល់ថា វិធី​នេះ​មាន​គ្រោះថ្នាក់​ឬ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ក្រោយ​បរិច្ចាគ​រួច​។ សព្វថ្ងៃ អ្វីៗ​ហាក់​មានការ​ផ្លាស់ប្ដូរ​ច្រើន ព្រោះថា​ពលរដ្ឋ​ខ្មែរ​ជាច្រើន ពិសេស​ក្រុមយុវជន​តែម្ដង​បានបង្ហាញ​វត្តមាន​ដ៏​សកម្ម​របស់ខ្លួន​ក្នុង​ពិធី​បរិច្ចាគ​ឈាម​។ 
 
​នៅ​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប កាលពី​ពាក់កណ្ដាល​ខែមិថុនា​កន្ល​ង​ទៅ មាន​យុទ្ធនាការ​បរិច្ចាគ​ឈាម​ជា​ទ្រង់ទ្រាយ​ធំ ដែល​រៀបចំឡើង​ដោយ​សមាគម​សហគ្រិន​វ័យក្មេង​ខេត្តសៀមរាប​និង​សហការ​ចូលរួម​ដោយ​ធនាគារ​ព្រី​នស៍​។ តាម​របាយការណ៍​នៃ​អ្នករៀបចំ​កម្មវិធី យុវជន​ប្រមាណ ១៥០០​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​បរិ​ច្ចា​ឈាម​នេះ ក្នុងនោះ​មាន ជាង​៤០០​នាក់​ដែល​ចូលរួម​បរិច្ចាគ​។​
 
 
​លោក ឡាយ គឹម​សួរ ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​ខេត្តសៀមរាប​បានលើកឡើង​ថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​សមាគម​របស់លោក​បានរៀបចំ​យុទ្ធនាការ​បរិច្ចាគ​ឈាម​សម្រាប់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ជា​អ្នករកស៊ី​មួយរូប លោក គឹម​សួរ យល់ថា ការធ្វើ​ជំនួញ​ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ការងារ​សង្គម ដ្បិតថា​យើង​បាន​ចំណេញ​ពី​សង្គម​ហើយក៏​គួរ​ធ្វើ​អ្វី​សម្រាប់​តបស្នង​ទៅ​សង្គម​វិញ​ដែរ​។ យុទ្ធនាការ​ត្រឹម​២​ថ្ងៃនេះ មិនអាច​ប្រមូល​ឈាម​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​បាន​ច្រើន​ក៏ពិតមែន តែ​លោក គឹម​សួរ យល់ថា វា​ក៏​អាច​បណ្ដុះ​គំនិត​ដល់​យុវជន​ឱ្យ​យល់​ពី​សារសំខាន់​នៃ​ការងារ​មួយ​នេះ​ផងដែរ​។​
 
​ដ្បិតថា យុទ្ធនា​ការគៀងគរ​យុវជន​ចូលរួម​បរិច្ចាគ​ឈាម​របស់​សមាគម​សហគ្រិន​វ័យក្មេង​របស់លោក គឹម​សួរ មាន​ភាព​ផុសផុល​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន​ការកើនឡើង​ក៏ពិតមែន តែ​វា​នៅតែ​មិន​គ្រប់គ្រាន់​ទៅនឹង​តម្រូវ​ការដែល​ត្រូវការ​ប្រចាំថ្ងៃ​ឡើយ​។ សម្រាប់​លោក គឹម​សួរ លោក​ចង់ឱ្យ​ផ្គត់​គំនិត​នេះ​ជ្រាប​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ដែលមាន​ចំនួន​ប្រមាណ ២៥​ម៉ឺន​នាក់​នោះ ដើម្បី​ធានាថា​គ្មាន​កង្វះ​ឈាម​តទៅទៀត​។ «​បើ​ស្មារតី​ចូលរួម​បែបនេះ​ទៀត សូមជួយ​រហូត​៤​ខែ​មក​ម្ដងៗ (​បរិច្ចាគ​ឈាម​) យើង​មិន​ខ្វះ​ឈាម​ប្រើ ហើយ​សមាគម​សហគ្រិន​វ័យក្មេង​មិនបាច់​ធ្វើ​យុទ្ធនាការ​នេះ​ទៀត​ដែរ ដោយសារ​គ្រប់គ្នា​យល់ដឹង សង្គម​យើង​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ ពោរពេញ​ដោយ​ការចែករំលែក​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក គឹម​សួរ​។​
 
 
​យុវជន តាន់ វិសាល ជា​គរុ​សិស្ស​មួយរូប​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​របស់​មន្ទីរពេទ្យ​ខេត្តសៀមរាប​ដែរ​។ ក្នុងនាម​ជា​យុវជន​មួយរូប វិសាល ចាត់ទុក​ការបរិច្ចាគ​ឈាម​នៅពេលនេះ​ថា​ជា​ចំណែក​មួយ​ជួយ​ជីវិត​ជនរងគ្រោះ​ដែលមាន​តម្រូវការ​ឈាម​បន្ទាន់ ដែល​ធ្វើឱ្យ​ពួកគេ​បានឃើញ​ពន្លឺ​ថ្ងៃ​ឡើងវិញ​។ វិសាល បានបង្ហាញ​អារម្មណ៍​រីករាយ​ក្រោយ​បរិច្ចាគ​ឈាម​រួច ហើយ​ប្រាប់ថា​នឹងចូលរួម​ទៀត​នៅ​លើក​ក្រោយៗ​។ វិសាល ក៏​ចង់ឱ្យ​យុវជន​ដទៃទៀត​ចូលរួម​ផងដែរ ដែល​ការងារ​នេះ​វិសាល​យល់ថា​ជា​កិច្ច​ការដែល​យុវជន​អាចធ្វើ​សម្រាប់​ជួយ​សង្គមជាតិ​។​
 
​ចំណែកឯ​យុវជន ម៉េ​ក ម៉ា​យ វិញ​ក៏​រីករាយ​ក្រោយពេល​បរិច្ចាគ​ឈាម​ផងដែរ​។ ម៉េ​ក ម៉ា​យ ថា​នេះ​ជា​លើក​ទី​១​សម្រាប់​គេ ដែល​បាន​បរិច្ចាគ​ឈាម​សម្រាប់​ជួយ​សង្គម​។ ម៉ា​យ​ថា ឈាម​មួយ​ប្លោក​របស់ខ្លួន​អាចជួយ​ជីវិត​មនុស្ស​បាន​ម្នាក់​។​
 
 
​ឱសថការី លឹម ហេង អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ទទួលបន្ទុក​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​បានឱ្យដឹងថា ការរៀបចំ​យុទ្ធនាការ​បរិច្ចាគ​ឈាម​នៅពេលនេះ គឺជា​រូបភាព​ដ៏​ល្អ​ដែល​សហគ្រិន​វ័យក្មេង​បានធ្វើ​។ លោក​បន្ថែមថា សព្វថ្ងៃ​មាន​យុវជន​ជាច្រើន​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​បើ​ធៀប​នឹង​ពេលមុនៗ​គឺ​ខុសគ្នា​ឆ្ងាយ​។ ពីមុន ពុំ​សូវ​មាន​អ្នក​បរិច្ចាគ​ទេ​ព្រោះ​ពួកគេ​យល់ថា ការបរិច្ចាគ​ឈាម​ប៉ះពាល់​ដល់​សុខភាព​។​
 
​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ជំងឺ​ដែល​ត្រូវ​ការបញ្ចូល​ឈាម​ជាបន្ទាន់ រួមមាន​ប្រភេទ​ជំងឺ​វះកាត់ គ្រោះថ្នាក់​ចរាចរណ៍ សម្រាលកូន លាង​ក្រពះ​ពោះវៀន​ជាដើម​។ តាម​ការបញ្ជាក់​ពី​ឱសថការី លឹម ហេង តម្រូវការ​ឈាម​ប្រចាំខែ​នៅក្នុង​មន្ទីរពេទ្យ​នេះ​ជា​មធ្យម​ចន្លោះ​ពី​៤៥០​ទៅ​៥០០​ប្លោក តែ​បរិមាណ​មានការ​កើនឡើង​រហូត ព្រោះថា​ក្រៅពី​ទទួល​ព្យាបាល​អ្នកជំងឺ​ក្នុង​ខេត្តហើយ មន្ទីរពេទ្យ​នេះ​ក៏មាន​អ្នកជំងឺ​មកពី​បណ្ដា​ខេត្ត​ជុំវិញ​ផងដែរ​។ ទាក់ទង​នឹង​តម្រូវការ​ឈាម​នេះ ក៏មាន​ការផ្លាស់ប្ដូរ​ស​ង​ពី​គ្រួសារ​អ្នកជំងឺ​ដែរ តែ​លោកគ្រូ​ពេទ្យ លឹម ហេង បញ្ជាក់ថា ការប្ដូរ​ផ្លាស់​នេះ​មិនបាន​គ្រប់​បរិមាណ​ដែល​បញ្ចូល​នោះទេ ព្រោះ​តម្រូវ​ការបញ្ចូល​ច្រើនជាង​ប្ដូរ​សង​។​
 
 
​ក្រៅពី​ចាប់អារម្មណ៍​ចំពោះ​ការផ្លាស់ប្ដូរ​បរិបទ​នៃ​ការយល់ដឹង​ពី​ការបរិច្ចាគ​ឈាម​ហើយ​នោះ អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ក៏បាន​បកស្រាយ​ចំពោះ​ការលើកឡើង​ដែលថា ការបរិច្ចាគ​ឈាម​ប៉ះពាល់​សុខភាព​។ តាម​ការពន្យល់​របស់​លោកគ្រូ​ពេទ្យ បើទោះបី​បូម​ឬ​មិនបាន​បូម ក៏​ឈាម​ដែល​កើត​ពី​ឆ្អឹងខ្នង​មនុស្ស​រយៈពេល​១២០​ថ្ងៃនោះ នឹង​បាត់បង់​ទៅវិញ​តាម​ធម្មជាតិ​របស់​វា ហើយ​វា​នឹង​កើត​ឡើងវិញ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ និង​គ្រប់​បរិមាណ​ដែល​បាត់បង់​នោះ​វិញ​៕
 
 

 
‬  

Tag:
 បរិច្ចាគ​ឈាម​
  មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com