ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីវប្បធម៌ ចង់​រៀបចំ​ច្បាប់​កម្រិត​ការ​ស្លៀកពាក់​នៅក្រៅ​តំបន់​ប្រាសាទ ក្រោយ​ភ្ញៀវទេសចរ​ខ្លះ​ស្លៀក​មិន​សមរម្យ​
30, Jun 2019 , 3:44 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ ​ថតនៅម្ដុំផ្សារកណ្ដាល ក្រុងសៀមរាប
រូបពីហ្វេសប៊ុកលោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ ​ថតនៅម្ដុំផ្សារកណ្ដាល ក្រុងសៀមរាប
​សៀមរាប​៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា ចង់​រៀបចំ​ច្បាប់​កម្រិត​ការ​ស្លៀកពាក់​នៅក្រៅ​តំបន់​ប្រាសាទ ដើម្បី​ការពារ​គុណ​តម្លៃ​វប្បធម៌​ឲ្យ​កាន់តែ​រឺ​ង​មាំ​។ ការបង្ហាញ​ជំហរ​របស់​រដ្ឋមន្ត្រី​រូបនេះ ធ្វើឡើង​ក្រោយពី​ប្រជាពលរដ្ឋ រិះគន់​លើ​ភ្ញៀវទេសចរ​មួយក្រុម ដែល​ស្លៀកពាក់​មិន​សមរម្យ ក្នុងពេល​ដើរ​កម្សាន្ត​ក្នុង​ក្រុង​ទេសចរណ៍វប្បធម៌​សៀមរាប​។​

 
​ភ្ញៀវទេសចរ​មួយក្រុម ដែល​តាម​ការពិនិត្យ​ភិនភាគ​ទំនងជា​ក្រុម​ទេសចរ​ប៉ែក​អឺរ៉ុប​នោះ បាននាំគ្នា​ស្លៀកពាក់​មិន​សមរម្យ​ស្ទើរ​លេច​លើ​លេច​ក្រោម ក្នុងពេល​ដើរ​កម្សាន្ត​ក្នុង​ក្រុង​ទេសចរណ៍វប្បធម៌​សៀមរាប កាលពីពេល​ថ្មី​នេះ​។ ដោយសារតែ​ទង្វើរ​បែបនេះហើយ ទើប​ពលរដ្ឋ​ខេត្តសៀមរាប បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​រឹតបន្ដឹង​ការ​ស្លៀកពាក់​របស់​ភ្ញៀវទេសចរ​ទាំងនោះ​។​
 
​លោក  កៅ ហ្វ​លី​ព ប្រធាន​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថា លោក​មិនអាច​ទទួលយក​បានទេ​ចំពោះ​ទង្វើ​ភ្ញៀវទេសចរ​ដែល​ស្លៀកពាក់​មិន​សមរម្យ ដើរ​ពេញ​ក្នុង​ក្រុង​សៀមរាប​ឡើយ​។ តាម​ការបញ្ជាក់​ពី​ម្ចាស់​សណ្ឋាគារ​មេ​ម៉​រ​មួយ​នេះ ទង្វើ​ទាំងនោះ​គឺ​ប្រាសចាក​ពី​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ដោយ​ចាត់ទុក​ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍វប្បធម៌ អរិយធម៌ ហើយ​មាន​វប្បធម៌​ដ៏​រុងរឿង ។ 
 
​ក្រៅពី​ថា​ទទួលយក​មិនបាន​ហើយ លោក ហ្វី​លី​ព ក៏​ចង់ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​មើល​លើ​បញ្ហា​ទាំងនេះ និង​គួរ​មានការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នៅតាម​ប្រាសាទ សណ្ឋាគារ ទីសាធារណ ព្រលានយន្តហោះ ឬ​តាម​វេ​ប​សាយ​ជាដើម​។ លោក​បន្ថែមថា​៖« សូម្បី​កាស៊ីណូ គេ​មិន​អនុញ្ញាត​ឱ្យធ្វើ​នៅ​សៀមរាប​ផង ចុះ​ទម្រាំ​ស្លៀកពាក់​ដូច​អត់​អី​ស្លៀក​បែបនេះ ទទួលយក​មិនបាន​»​។​
 
​ចំណែក​លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ​ដ៏​ល្បីឈ្មោះ​មួយរូប​នៅ​កម្ពុជា បាន​បង្ហោះ​សារ​ខ្លី​អមដោយ​រូប​ភ្ញៀវទេសចរ​ស្លៀកពាក់​មិន​សមរម្យ ដែល​លោក​ថត​បាន​នៅពេល​កំពុងធ្វើដំណើរ​តាម​រថយន្ត​។ លោក​បាន​សរសេ​រលើប​ណ្ដា​ញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​ចោទ​ជា​សំណួរ​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​តើ​គួរ​កម្រិត​ការ​ស្លៀកពាក់​ទេ​នៅក្នុង​ក្រុង​សៀមរាប​»? ដោយ​លោក​បានបញ្ជាក់​នៅ​ចុង​ឃ្លា​នេះ​ថា ថត​បាន​នៅ​រសៀល​ថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០១៩​។​
 
​ចំពោះ​បញ្ហា​នេះដែរ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា ក៏​យល់ថា​មិន​សម​ភ្នែក​ដែរ​។ តែ​យ៉ាងណា​រដ្ឋមន្ត្រី​វប្បធម៌ ទទួលស្គាល់ថា បច្ចុប្បន្ន​អាជ្ញា​ធរមាន​សមត្ថកិច្ច អាច​ហាមឃាត់​ភ្ញៀវទេសចរ​ដែល​ស្លៀកពាក់​មិន​សមរម្យ​ទាំងនោះ នៅត្រឹមតែ​បរិវេណ​តំបន់​ប្រាសាទ​ប៉ុណ្ណោះ តែ​មិនទាន់មាន​ក្រិ​ត្យ​ក្រម​ណាមួយ​ចំពោះ​ករណីបែបនេះ នៅ​ក្រៅពី​តំបន់​ប្រាសាទ​ឡើយ​។ បើតាម​លោកស្រី ស​កុ​ណា នៅ​តំបន់​រមណីយដ្ឋាន​អង្គរ គឺមាន​ក្រុម​ប្រតិបត្តិ​អង្គរ ដែល​មិន​អនុញ្ញាតឱ្យ​ឲ្យ​ភ្ញៀវទេសចរ​ស្លៀកពាក់​មិន​សមរម្យ​ចូល​ជាដាច់ខាត​។ លោកស្រី​ពន្យល់ថា «​អ្វីដែល​ខុសពី​ប្រពៃណី​ជាតិខ្មែរ គឺ​វា​ខុស​ហើយ​»​។​
 
​នៅពេលដែល​សួរថា​តើ អាចមាន​ការគិត​គួរ​ពី​ការធ្វើ​ច្បាប់​នៅក្រៅ​តំបន់​ប្រាសាទ​ដែរឬទេ​? រដ្ឋមន្ត្រី​វប្បធម៌​រូបនេះ មិន​ឆ្លើយ​ឲ្យ​ចំ​សំនួរ​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា ការរៀបចំ​ច្បាប់​នោះ គឺ​ត្រូវ​ការចូលរួម​ពី​អន្តរក្រសួង និង​ភាគី​ពាក់ព័ន្ធ​។ 
 
«​ការងារ​នេះ​អាចធ្វើ​ទៅបាន តែ​ត្រូវមាន​អន្ដរក្រសួង​ចូលរួម ព្រោះ​វា​ស្មុគស្មាញ​បន្តិច​ហើយ ដើម្បី​កំណត់ថា​តើ​ការ​អនុវត្តបាន​កម្រិត​ណា និង​នៅ​តំបន់​ណាខ្លះ​ជាដើម ក្រៅពី​ខេត្តសៀមរាប​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ភឿង ស​កុ​ណា ដែល​ចាត់ទុកថា រូបភាព​ភ្ញៀវទេសចរ​ស្លៀកពាក់​មិន​សមរម្យ​នៅ​ទីក្រុង​សៀមរាប ជា​រឿង​មិន​គប្បី​ចំពោះ​ភ្នែក​មហាជន​៕
 
 
 

Tag:
 ទេសចរ​
  ស្លៀកពាក់​
  កៅ ហ្វី​លី​ព​
© រក្សាសិទ្ធិដោយ thmeythmey.com