សៀមរាប៖ បើនិយាយពីតារាជនោះអ្នកណាក៏ស្គាល់ដែរ ដ្បិតជាបដិមាដ៏ល្បីល្បាញមួយអង្គដែលតម្កល់នៅច្រកចូលខាងលិចប្រាសាទអង្គរវត្ត។ បដិមានេះ ត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថាជាព្រះធំ និងមានបារមីស័ក្ដិសិទ្ធបំផុត។ ភ្ញៀវទេសចរដែលមកទស្សនាអង្គរវត្ត មិនសូវដែលរំលងទៅគោរពទីសក្ការៈរូបបដិមាដ៏ធំ នៃទេពព្រហ្មសាសនាមួយនេះណាស់។ តាមការសិក្សាស្រាវជ្រាវ ទេពអង្គនេះ ធ្លាប់ត្រូវឆ្លងកាត់ការជួសជុលច្រើនជំនាន់ និងបន្តការអភិរក្សរហូតមកដល់បច្ចុប្បន្ននេះ។
សូមស្ដាប់បទយកការណ៍ ដែលរៀបចំដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាប ដូចតទៅ៖
បដិមាតារាជ ត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅ។ ទេពអង្គនេះ ត្រូវបានអ្នកមានជំនឿ ចាត់ទុកជាទីសក្ការៈបូជា ដ៏មានបារមីស័ក្ដិសិទ្ធ ដែលតម្កល់នៅប្រាសាទអង្គរវត្ត។ គេបានដឹងពីបារមីទេពដៃ៨អង្គនេះ តែមានតិចណាស់ ដែលដឹងពីប្រវត្តិជួសជុលនាពេលកន្លងមក។
បើទោះបីមានអាយុកាលរាប់រយឆ្នាំក៏ពិតមែន តែតារាជនៅតែឈរយ៉ាងរឹងមាំនិងពេញដោយឬទ្ធានុភាពដ៏ខ្លាំងក្លា។ ទេពអង្គនេះក៏ធ្លាប់ឆ្លងកាត់ការជួសជុលច្រើនដងពីអ្នកជំនាញជាតិនិងអន្ដរជាតិ ដែលរងគ្រោះដោយកត្ដាធម្មជាតិ សង្គ្រាមស៊ីវិល និងការយារយីពីក្រុមឈ្មួញជួញដូរជាដើម។
សម្រាប់ការងារអភិរក្សនិងជួសជុលលោកតារាជ លោក ឡុង ណារី អ្នកជំនាញនៃនាយកដ្ឋានអភិរក្សនិងជួសជុលប្រាសាទក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរានិងធ្លាប់បានចូលរួមក្នុងកិច្ចការជួសជុលនេះបានរៀបរាប់ថា មានប្រវតិ្តច្រើនជំនាន់មកហើយ ចាប់តាំងពីស.វទី១៦ និងជំនាន់ក្រោយមកទៀតមាន បារាំង ឥណ្ឌា និងអាល្លឺម៉ង់។ នៅអំឡុងពេលនោះ គឺនៅលើជើងមានបាក់ពីរកំណាត់ទាំងពីរ ព្រោះតាមការពិសោធន៍របស់អ្នកជំនាញសាច់ថ្មនៅលើជើងនិងដងខ្លួនមានគុណភាពផ្សេងគ្នា។ តាមការសិក្សាស្រាវនាពេលកន្លង បញ្ហានេះអាចដោយសារការផ្លាស់ប្ដូរសាសនាពីព្រហ្មមកព្រះពុទ្ធ។
បន្តមកទៀត នៅឆ្នាំ១៩៤៦ ដោយសារពិនិត្យឃើញពីបដិមាទ្រេតផ្ងារទៅក្រោយ បារាំងក៏ពង្រឹងគ្រឹះ ដើម្បីតម្កល់ព្រះវិស្ណុ ឬតារាជឡើងវិញ។ ចំណែកប្រទេសឥណ្ឌ ក៏ធ្លាប់បានជួសជុលផ្នែកខ្លះ នៃព្រះហស្ថទាំងសងខាងដែលបាក់បែក បាត់បង់ ជំនួសដោយការប្រើស៊ីម៉ងត៍។
ក្រោយមកទៀត ដោយសារពិនិត្យឃើញមានហានិភ័យខ្លាំង ប្រទេសអាល្លឺម៉ង់តាមរយៈក្រុម GACP បានស្នើទៅអាជ្ញាធរជាតិអប្សរា ដើម្បីសុំសហការគ្នាជួសជុលនៅឆ្នាំ ២០០៣។ ក្នុងន័យដើម្បីជួសជុលបន្ទាន់ អាជ្ញាធរជាតិអប្សរា បានស្នើព្រះកេសដើមដែលរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ត្រឡប់មកវិញ។ នៅឆ្នាំ១៩៨៥ ពេលប្រទេសជាតិស្ថិតក្នុងស្ថានភាពវឹកវរ ក្រុមទុច្ចរិក បានប៉ុនប៉ងអារផ្ដាច់ព្រះកេសតារាជ តែមិនបានសម្រេច។ សមត្ថកិច្ចបានយកព្រះកេសទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ មុននឹងបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ ក្នុងស្ថានភាពបែបនោះ ក្រុមអភិរក្សដ្ឋានអង្គរ ក៏បានចម្លងព្រះកេសថ្មី ធ្វើពីស៊ីម៉ងត៍ជំនួសព្រះកេសដើម ដើម្បីបំពេញលក្ខណៈរាងកាយនៃបដិមា និងជំនឿរបស់ប្រជាជនខ្មែរ។
សម្រាប់ការងារអភិរក្សនាពេលបច្ចុប្បវិញ តាមរយៈអាជ្ញាធរជាតិអប្សរា លោក ឡុង ណារី យល់ថា មានភាពម៉ត់ចត់ជាងពេលមុនៗ។ តែអ្នកជំនាញជួសជុលថ្មមួយនេះ ហាក់មិនពេញចិត្តទាល់តែសោះចំពោះអ្នកមានជំនឿមួយចំនួនដែលយកទឹកស្រោចដងខ្លួនតារាជ ដែលការណ៍នេះ អាចឱ្យបដិមាមានភាពប្រេះស្រាំ ពុកផុយបាន។
បញ្ហាផ្សែងធូប និងការគ្រងស្បង់ច្រើនជាន់ពេកនៅលើដងខ្លួនតារាជ ក៏ធ្វើឱ្យសឹកថ្មបានដែរ។ តែបញ្ហាធ្ងន់ដែលលោក ឡុង ណារី ចង់ឱ្យអ្នកមានជំនឿទាំងឡាយបានដឹងនោះ គឺការចាក់ទឹក និងម្សៅនេះតែម្ដង។
ទាក់ទងនឹងការជួសជុល លោក ឡុង ណារី បានឱ្យដឹងថា ការងារនេះមិនសូវខុសគ្នាប៉ុន្មានទេ គ្រាន់តែប្រើបច្ចេកទេសខុសគ្នាបន្ដិចតែប៉ុណ្ណោះ។ សម្រាប់ការប្រើប្រាស់ថ្នាំ ដែលកន្លងមកថាប៉ះពាល់ដល់សាច់ថ្មនោះ លោក ណារី ពន្យល់ថា មុននឹងយកមកប្រើប្រាស់ គឺឆ្លងកាត់ការសិក្សារួចរាល់ហើយ ហើយការប្រើប្រាស់នេះតិចឬច្រើន វាប៉ះពាល់ជៀសមិនរួច។ លោក ណារី យល់ថា អ្វីៗកើតឡើង វាតែងមានទីបញ្ចប់ រីឯការជួសជុលក៏ដូចគ្នា។ យ៉ាងណា លោក ណារី ថាការប្រើប្រាស់វិធីសាស្ដ្របែបនេះ អាចធានាគុណភាពរហូតដល់ទៅ៥០ឆ្នាំផងដែរ ហើយវាអាស្រ័យលើការថែទាំជាក់ស្ដែងបន្ថែមទៀត៕