ជាតិ
សង្គមជាតិ
នាយក​សាលា ថា លោក ឯម សុខ​សុវណ្ណ លាឈប់​ព្រោះ​អវត្តមាន​ច្រើន ខណៈ​សាមីខ្លួន​ថា មកពី​បញ្ហា​អយុត្តិធម៌​
30, Jun 2019 , 6:59 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ឯម សុខសុវណ្ណ
រូបពីហ្វេសប៊ុកលោក ឯម សុខសុវណ្ណ
​គ្រូបង្រៀន​ម្នាក់​នៃ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​បាវិត បាន​សុំ​លាឈប់​ពី​ការងារ ក្រោម​ហេតុផល​ថា​រង​សម្ពាធ​ពី​ថ្នាក់ដឹកនាំ​សាលា ។ តែ​ការលើកឡើង​នេះ ត្រូវបាន​លោកនាយក​សាលា បដិសេធ​វិញ​ថា លោកគ្រូ​រូបនេះ បានដាក់​ពាក្យ​លាឈប់ ព្រោះ​មាន​អវត្តមាន​ច្រើន ក្នុងការ​បង្រៀន​សិស្ស​។

 
​លោក ឯម សុខ​សុវណ្ណ ដែលជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​បាវិត ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង បាន​និយាយថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​លាឈប់​ពី​តួនាទី​ជា​គ្រូបង្រៀន ព្រោះ​មិនអាច​ស៊ូទ្រាំ​នឹង​សម្ពាធ​ការងារ​បន្តទៀត​បាន​។ លោក​បាន​បញ្ជាក់ថា សម្ពាធ​ដែល​លោក​បាន​ជួប​នោះ​មានដូចជា ការបែងចែក​ម៉ោង​បង្រៀន​ដោយ​គ្មាន​គណនេយ្យភាព​, តម្លា​ភាព និង​បក្ខពួកនិយម​ជាដើម​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សុខ​សុវណ្ណ បាន​និយាយថា​៖«​ខ្ញុំ​មិនអាច​ទទួលយក​បានទេ ចំពោះ​ភាពអយុត្តិធម៌​ដែល​បានកើត​ចំពោះ​ខ្ញុំ និង​ចំពោះ​គ្រូ​ផ្សេងៗ​ទៀត​ដែរ​។ ការបែងចែក​កាលវិភាគ មិនមាន គណនេយ្យភាព​, តម្លាភាព ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិនអាច​ទទួលយកបាន និង​រឿង​បក្ខពួកនិយម​»​។ 
 
​គ្រូ​គណិតវិទ្យា ដែល​បាន​បម្រើ​ការងារ​អស់​រយៈពេល ៨ ឆ្នាំ​រូបនេះ បាន​និយាយថា លោក​ក៏​ធ្លាប់​លើ​យក​បញ្ហា​ដែល​បានកើត​ឡើង ទៅ​ជជែក​រក​ដំណោះស្រាយ​ក្នុង​អង្គប្រជុំ​នាពេល​កន្លងមក​ដែរ ប៉ុន្តែ​មិនមាន​លទ្ធផល​ជា​វិជ្ជមាន​នោះទេ​។ លោក​បន្តថា ការលាឈប់​របស់លោក​នេះ មិន​ជាប់ទាក់ទង​នឹង​រឿង​នយោបាយ​នោះឡើយ​។ 
 
​លោក ប៉ុល សាវុធ នាយក​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​បាវិត ច្រានចោល​ការលើកឡើង​របស់លោក ឯម សុខ​សុវណ្ណ ។​នាយក​សាលា​រូបនេះ បាន​បកស្រាយ​ថា ការលាឈប់​របស់លោក​គ្រូ ឯម សុខ​សុវណ្ណ ដោយសារ​អវត្តមាន​បង្រៀន​ច្រើនដង ចាប់​តាំងទី​ថ្ងៃទី ២០ ខែមេសា រហូតមកដល់​បច្ចុប្បន្ន​នេះ​។​
 
 
​លោកនាយក​សាលា​រូបនេះ បាន​និយាយថា​៖«​បើ​ខ្ញុំ​ឆ្លើយ​ទៅ​ក្រែង​សារព័ត៌មាន មិន​ជឿ បើ​បង​មកដល់​កន្លែង​ខ្ញុំ​ល្អ អាច​សួរ បុគ្គលិក កូនសិស្ស និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ ប្រហែលជា​ច្បាស់​ជាង​»​។​
 
​ក្នុង​លិខិត​លាឈប់​របស់ លោក ឯម សុខ​សុវណ្ណ ក៏បាន​យោងតាម​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​វត្តមាន​មន្ត្រី​ផងដែរ​។ បច្ចុប្បន្ននេះ​លោក សុខ​សវណ្ណ កំពុង​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សកល​វិទ្យាល័យ​ខេមរៈ ក្នុង​រាជធានី​ភ្នំពេញ​។​
 
​លោក ឯម សុខ​សុវណ្ណ បាន​និយាយ​បន្ថែមថា​៖ «​ដូច​ខ្ញុំ​បាន​សរសេរ​នៅលើ​លិខិត​សុំ​ឈប់​របស់ខ្ញុំ​អ៊ីចឹង ការលាឈប់​របស់ខ្ញុំ​នេះ គឺ​យោងទៅតាម​អវត្តមាន មិន​ខុស​នោះទេ​»​។​
 
​ជាមួយគ្នានេះ​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​អះអាងថា គ្មាន​សម្ពាធ​នយោបាយ​ក្នុង​វិស័យ​អប់រំ​ទេ​។ លោក បូ​លី ដែល​ទទួលបាន​របាយ​ការណ៍​របស់​មន្ទី​អប់រំ​ខេត្តស្វាយរៀង បាន​និយាយថា លោកគ្រូ ឯម សុខ​សុវណ្ណ មិនបាន​បំពេញការងារ​ទៀងទាត់ ដោយ​អវត្តមាន​ច្រើន ។​ដូច្នេះ​ករណីនេះ​ជាការ​អនុវត្ត​និតិ​វិធី​រដ្ឋបាល​លើ​មន្ត្រីរាជការ​ស៊ីវិល​ប៉ុណ្ណោះ ហើយក៏​មិនមែនជា​រឿង​នយោបាយ​ផងដែរ​។ 
 
« ក្នុងករណី​គ្រូ​ប​ង្រៀ​ង​សិស្ស​មិន​ទៀងទាត់ អវត្តមាន​ច្រើន​នេះ បើតាម​និតិ​វិធី​រដ្ឋបាល​របស់​ក្រសួង ជំហាន​ដំបូង ត្រូវធ្វើ​តាមរយៈ​ការជូនដំណឹង​, ជំហាន​ទី​២ ការ​ស្តី​ប​ន្តោ​ស និង​ទី​៣ កា​រប​ញ្ឍ​ប់​ពី​តួនាទី​។ និតិ​វិធី​នេះ​គឺមាន​ក្នុង​ច្បាប់​របស់​ក្រសួង​អប់រំ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អបរំ ដែល​បាន​បន្ថែមថា ក្រសួង​អប់រំ​គឺ​តែងតែ​អនុវត្ត​ការងារ ដោយ​គោរព​ទៅតាម​ច្បាប់​ដែលមាន​ជា​ធរមាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com