ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ជប៉ុន​បោះទុន​វិនិយោគ​ជាង​៧​លាន​ដុល្លារ​សង់​កន្ដ្រ​កវិល​ខ្នាត​ធំ​នៅ​ក្រុង​សៀមរាប​
01, Jul 2019 , 7:19 am        
រូបភាព
សៀមរាប​៖  ក្រុមហ៊ុន Angkor Eye  Co., Ltd. ដែលជា​ក្រុមហ៊ុន​ជប៉ុន​បាន​បោះទុន​វិនិយោគ​៧,២​លាន​ដុល្លារ ដើម្បី​សង់​កន្ដ្រ​កវិល​ខ្នាត​ធំ​នៅ​ទីក្រុង​សៀមរាប​។ ការវិនិយោគ​របស់​ក្រុមហ៊ុន​អន្ដរជាតិ​មួយ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​បង្កើន​កំណើន​ភ្ញៀវទេសចរ​មកកាន់​ខេត្តសៀមរាប​ក៏ដូចជា​ជួយ​បង្កើន​កំណើនសេដ្ឋកិច្ច​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​។ 

​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កន្ដ្រក​វិល​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៣០ មិថុនា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Angkor Eye លោក Takeyoshi Shinomiya (​តា​គី​យូ​ស៊ិ ស៊ិ​ណូ​មិ​យ៉ា​) បានឱ្យដឹងថា នេះ​ជា​គម្រោង​វិនិយោគ​ទី​១៤​របស់ខ្លួន ដែលមាន​កន្ត្រក​វិល​ដ៏​ទាក់ទាញ​១៣​កន្លែង​រួចមកហើយ​នៅ​ជុំវិញ​ពិភពលោក​។ លោក តា​គី​យូ​ស៊ិ​បន្ថែមថា ក្រោយ​មានបទពិសោធន៍​លើកដំបូង​នៅ​កម្ពុជា​ក្នុង​គម្រោង​សួន​ទឹក​នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​ក៏បាន​ស្វែងយល់​ពីស​ក្កា​នុព​ល​ក្នុង​ការពង្រីក​ការវិនិយោគ​បន្ថែម​ក្នុង​ខេត្តសៀមរាប​នៅពេលនេះ​។​
 
​កន្ដ្រក​វិល​ខ្នាត​យក្ស​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​នៅពេលនេះ មាន​កម្ដ​ស់​៨៥​ម៉ែត្រ​ពី​ដី ដែល​អាច​មើលឃើញ​ពី​ទិដ្ឋភាព​ជុំវិញ​ក្រុង​សៀមរាប ពិសេស​ទេសភាព​វាលស្រែ​ចម្ការ​និង​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​នៅ​ជុំវិញ​។ តាម​ការបញ្ជាក់​ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល​លើ​គម្រោង​នេះ កន្ដ្រក​សណ្ដោង​ទាំងអស់​សុទ្ធតែ​បំពាក់​ដោយ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ដែល​អាច​ផ្ទុក​មនុស្ស​សរុប​បាន​ចំនួន​១៩២​នាក់ ហើយ​ក្នុង​មួយ​ជុំ​មាន​រយៈពេល ១៨​នាទី​។​
 
 
​អគ្គនាយក​ក្រុមហ៊ុន Angkor Eye លោក ម៉េង ហៀ​ង បានឱ្យដឹង​ដែរ​ថា គម្រោង​វិនិយោគ​កន្ដ្រ​កវិល​នេះ នឹង​ប្រើពេល​សាងសង់​រយៈពេល​៦​ខែ ដែល​គ្រោង​នឹង​បញ្ចប់​និង​បើកទទួល​ភ្ញៀវ​នៅ​ចុងឆ្នាំ​២០១៩​ខាងមុខនេះ​។ លោក​បន្ថែមថា កម្ពុជា​ជា​ប្រទេស​ទីមួយ ដែល​បាន​នាំចូល​កន្ដ្រក​វិល​ពី​ប្រទេស​ជប៉ុន​និង​មាន​កម្ពស់​ខ្ពស់​ជាងគេ ក្នុង​ទីផ្សារ​ធំ​ទី​៣​នៅ​អាស៊ីអាគ្នេយ៍​។ កន្ដ្រក​វិល​ចំនួន ៤៨ មាន​ទម្ងន់​សរុប ៧០០​តោន ផ្ទុក​ក្នុង​កុង​ទឺ​ន័​រ​ចំនួន ៨៥ ដឹកជញ្ជូន​ពី​ប្រទេស​ជប៉ុន បាន​មកដល់​ក្រុង​សៀមរាប​ហើយ ដែល​បច្ចុប្បន្ន​ក្រុម​វិស្វករ​ជនជាតិ​ជប៉ុន​កំពុង​រៀបចំ​ប្លង់​លម្អិត​ទៅតាម​កម្រិត​បច្ចេក​ទេស​និង​ស្ដង់ដា​ត្រឹមត្រូវ ធានា​សុវត្ថិភាព​ខ្ពស់​។​
 
​លោក ម៉េង ហៀ​ង មាន​ក្ដី​រំពឹងថា នៅពេល​ក​ម្រោ​ង​សង់​កន្ត្រ​កវិល Angkor Eye បញ្ចប់ វា​នឹង​ក្លាយជា​និមិត្តរូប​មួយ​ក្នុង​ខេត្តសៀមរាប និង​ជា​កន្លែង​ដ៏​ទាក់ទាញ​សម្រាប់​ទេសចរ​ដែល​ចង់​ទស្សនា​ទីក្រុង​សៀមរាប​និង​ប្រាសាទអង្គរវត្ត​ពីលើ​មេឃ​។ អគ្គ​នាយ​ក្រុមហ៊ុន Angkor Eye បាន​បង្ហើប​ថា ក្រុមហ៊ុន​ក៏​កំពុង​សិក្សា​ប​ញ្ជូ​ល​ការ​ទស្សនា​ជា​កញ្ចប់​តែមួយ ជាមួយ​ភូមិ​វប្បធម៌​ដែលមាន​ទីតាំង​នៅជាប់​គ្នា​នោះ​ផងដែរ​។​
 
​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ចាត់ទុក​វត្តមាន​គម្រោង​វិនិយោគ​កន្ដ្រក​វិល​របស់​ក្រុមហ៊ុន​ជប៉ុន​នៅពេលនេះ ថា​ជា​មុខមាត់​ថ្មី​មួយ​បន្ថែមទៀត​របស់​ខេត្តសៀមរាប​។ អភិបាល​វ័យក្មេង​រូបនេះ​រំពឹងថា ក្រុមហ៊ុន​មួយ​នេះ​នឹង​បន្ដ​បង្កើន​ការវិនិយោគ​បន្ថែម​នៅ​កម្ពុ​ជាពិសេស​ខេត្តសៀមរាប ដើម្បី​រួមចំណែក​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។​
 
​គួររម្លឹកថា ការវិនិយោគ​កន្ត្រក​វិល​ដ៏​ធំ​នៅក្នុង​ផ្សារ Box Ville ដែល​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​នៅពេលនេះ គឺមាន​ការចូលរួម​ពី​ភាគី​ជប៉ុន​និង​កម្ពុជា ដែល​រួមមាន លោក ម៉េង ហៀ​ង លោក ឃឹម ហ្វី​ណង់ និង​លោក តា​គី​យូ​ស៊ិ ស៊ិ​ណូ​មិ​យ៉ា​។ ថ្នាក់ដឹកនាំ​ទាំងនេះ ក៏មាន​ផែនការ​បន្ដ​ការវិនិយោគ​បន្ថែម​ក្នុង​ខេត្តសៀមរាប​ដោយ​ក្រុមហ៊ុន​កំពុង​សិក្សា​ពី​លទ្ធភាព​និង​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ផ្នែក​សេវាកម្ម​កម្សាន្ត​៕
 
 
 
 
 

Tag:
 កន្ដ្រ​កវិល Angkor Eye
© រក្សាសិទ្ធិដោយ thmeythmey.com