កីឡាជាតិ
ជាតិ
ព្រះខ័នរាជរក្សាកំណត់ត្រាមិនចាញ់ ខណៈកំពង់ចាមធ្លាយដល់ទៅ១៣១គ្រាប់នៅជើងទីមួយ
× ព្រះខ័នរាជស្វាយរៀងបញ្ចប់ការប្រកួតជើងទីមួយនៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ ជាមួយនឹងកំណត់ត្រា មិនស្គាល់ចាញ់ ក្រោយលទ្ធផលស្មើ ០-០ ជាមួយណាហ្គាវើលដ៍នៅកីឡដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន នាល្ងាចថ្ងៃទី៣០ ខែមិថុនា នេះ។ ផ្ទុយទៅវិញ ក្រោយជ័យជម្នះបើករដូវកាល ក្រុមខេត្តកំពង់ចាមបានចាញ់១២ប្រកួតជាប់គ្នា ជាមួយនឹងការធ្លាយសំណាញ់ទីសរុបរហូតដល់ទៅ១៣១គ្រាប់ ដោយជំនួបចុងក្រោយនៃជើងទីមួយ ក្រុមខេត្តមួយនេះ ចាញ់ភ្នំពេញក្រោន ១៧-២។
ការប្រកួតនៅកីឡដ្ឋានស្វាយរៀង មានបញ្ហាដាច់ចរន្តអគ្គិសនីរហូតដល់ទៅ២លើក ពោលគឺក្នុងតង់ទីមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតនៅតែបន្តដំណើរការ ខណៈក្រុមអ្នកគាំទ្រ ជាពិសេសខាងម្ចាស់ផ្ទះស្វាយរៀង រង់ចាំមើលការប្រកួតរហូតដល់ចប់។ ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ សុទ្ធតែមានឱកាសរៀងៗខ្លួន ប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់បញ្ចូលទីលើគ្នាបានឡើយ។
នៅកីឡដ្ឋានវិសាខា ខ្សែប្រយុទ្ធប្រេស៊ីល Eliel da Cruz Guardiano រកបាន២គ្រាប់ និង ឆេង ម៉េង រកបាន១គ្រាប់នៅតង់ទីមួយ សម្រាប់ម្ចាស់ផ្ទះ មុនពេលខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Booysen Shane វាយបកបាន១គ្រាប់សម្រាប់អគ្គស្នងការដ្ឋាននគរបាលជាតិ។
កាលពីពេលរសៀល ភ្នំពេញក្រោនបានយកឈ្នះកំពង់ចាម ១៧-២ នៅស្តាតចាស់ ខណៈបឹងកេត យកឈ្នះ គិរីវង់សុខសែនជ័យ ២-១។ សរុបការប្រកួតទាំង១៣លើកនៅជើងទីមួយ កំពង់ចាមស៊ុតចូលទីគេតែ៥គ្រាប់ប៉ុណ្ណោះ ហើយធ្លាយសំណាញ់ទីវិញ រហូតដល់ទៅ១៣១គ្រាប់។
តារាងចំណាត់ថ្នាក់៖
១.ព្រះខ័នរាជស្វាយរៀង (៣៣ពិន្ទុ)
២. ណាហ្គាវើលដ៍ (២៨ពិន្ទុ)
៣. អង្គរថាយហ្គឺរ (២៧ពិន្ទុ)
៤. បឹងកេត (២៦ពិន្ទុ)
៥. វិសាខា (២៥ពិន្ទុ)
៦. ភ្នំពេញក្រោន (២៤ពិន្ទុ)
៧. ក្រសួងការពារជាតិ (២៣ពិន្ទុ)
៨. សូលទីឡូអង្គរ (២១ពិន្ទុ)
៩. អាស៊ីអឺរ៉ុបយូណាយធីត (១៦ពិន្ទុ)
១០. អគ្គស្នងការដ្ឋាននគរបាលជាតិ (១៣ពិន្ទុ)
១១. គិរីវង់សុខសែនជ័យ (១២ពិន្ទុ)
១២. អគ្គិសនីកម្ពុជា (១០ពិន្ទុ)
១៣. យុវជនបាល់ទាត់ជាតិ (៣ពិន្ទុ)
១៤. ខេត្តកំពង់ចាម (៣ពិន្ទុ)
© រក្សាសិទ្ធិដោយ thmeythmey.com