ជាតិ
ហាង​កាហ្វេ​មួយ​បង្កើត​កាហ្វេ «​ឡា​តេ​ទឹកកក​ជ្រៃ​» ឧបត្ថម្ភ​សិស្ស​ក្រីក្រ​ឱ្យទទួល​បាន​ចំណេះដឹង​ភាសា​អង់គ្លេស​
01, Jul 2019 , 9:02 am        
រូបភាព
​សៀមរាប​៖ ដើម្បី​រួមចំណែក​ឬ​តប​ស្នងការ​ដែល​សហគមន៍​ជ្រៃ ក្នុងស្រុក​សូទ្រនិគម ខំ​ដាំ​បន្លែ​សុវត្ថិភាព​ផ្គត់ផ្គង់​ដល់​ខ្លួន ម្ចាស់​ហាង​កាហ្វេ​មួយ​ក្នុង​ក្រុង​សៀមរាប បាន​បង្កើត​យីហោ​កាហ្វេ​ថ្មី​មួយ​គឺ​កាហ្វេ «​ឡា​តេ​ទឹកកក​ជ្រៃ​»​។ អតិថិជន​ដែល​បាន​ទិញ​កាហ្វេ​នេះ នឹង​អាចជួយ​កុមារ​ក្រីក្រ​ឱ្យទទួល​បានការ​អប់រំ​ផ្នែក​ភាសា​អង់គ្លេស​នៅ​មូលដ្ឋាន​ពួកគេ​តាមរយៈ​សាលា​សហគមន៍​ជ្រៃ ដែល​បាននិងកំពុង​បង្រៀន​ដល់​កុមារ​ក្រីក្រ​ដែលជា​កូន​កសិករ​ដាំ​បន្លែ​សុវត្ថិភាព​ដោយ​ឥតគិតថ្លៃ​។ មានតែ​កូនសិស្ស​ដែលជា​កូន​កសិករ​ដាំ​បន្លែ​សុវត្ថិភាព​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ចូលរួម​ក្នុង​សាលា​ភាសា​អង់គ្លេស​ដោយ​ឥត​បង់ថ្លៃ​នេះ​។​

 
​ក្នុង​ពិធី​សម្ពោធ​ដាក់លក់​ឈ្មោះ​កាហ្វេ​ថ្មី​នេះ​នៅ​ថ្ងៃទី​២៩ មិថុនា លោក ទិ​ត្យ សុធា​រ៉ា ស្ថាបនិក​ហាង​កាហ្វេ ណ ដែល​ល្បីឈ្មោះ​ក្នុង​ក្រុង​សៀមរាប​បាន​លើកឡើងថា មូលនិធិ​នេះ​គឺ​បង្កើតឡើង​ដើម្បីឱ្យ​កាហ្វេ ណ ក៏ដូចជា​អតិថិជន រួមគ្នា​បរិច្ចាគ​ថវិកា​ខ្លះៗ​តាមរយៈ​ការ​ជាវ​កាហ្វេ ដល់​សហគមន៍​ដែល​ហាង​កាហ្វេ​នេះ បាននិងកំពុង​ជួយឧបត្ថម្ភ​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។ លោក សុធា​រ៉ា បន្ថែមថា បើ​អតិថិជន​ជាវ​ឡា​តេ​ទឹកកក​ជ្រៃ​មួយ​កែវ គឺ​បានរួម​ចំណែក​ជួយ​សាលា​សហគមន៍ ៤០០​រៀល បូករួម​នឹង​ការបរិច្ចាគ​ពី​កាហ្វេ ណ ៤០០​រៀល​ទៀត សរុប​៨០០​រៀល​ក្នុង​មួយ​កែវ​។​


 
​អ្នកស្រី ថៃ ឈាង​លី កសិករ​ដាំ​បន្លែ​សុវត្ថិភាព បាន​រៀបរាប់ថា សាលា​សហគមន៍​ជ្រៃ​បាន​ជួយ​កាត់បន្ថយ​ការចំណាយ​ច្រើន​ដល់​គ្រួសារ​កសិករ​ដាំ​បន្លែ​សុវត្ថិភាព ជារួម​កាត់បន្ថយ​ទាំង​ការចំណាយ​ថវិកា និង​សុវត្ថិភាព​ដល់​កូនចៅ​ពួកគេ ព្រោះ​សាលា​នៅក្នុង​ភូមិ​ក្បែរ​ផ្ទះ​។ 
 
​បំណង​ទៅមុខ ម្ចាស់​ហាង​កាហ្វេ ណ លោក សុធា​រ៉ា មានបំណង​ពង្រីក​ការអប់រំ​ផ្នែក​ភាសា​អង់គ្លេស​ដល់​សហគមន៍​មួយទៀត​ក្នុង​ខេត្តសៀមរាប ប្រសិនបើ​ឡា​តេ​ទឹកកក​ជ្រៃ​នេះ ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​។ សម្រាប់​លោក សុធា​រ៉ា បើ​អតិថិជន​បន្ត​ជាវ​កាហ្វេ​នេះ​កាន់តែច្រើន គឺ​ដូចជា​បន្ដ​គាំទ្រ បុព្វហេតុ​សង្គម​ដល់​គ្រួសារ​ដែល​ត្រូវការ​ជំនួយ​ទាំងនោះ​។​



​គួរ​បញ្ជាក់ថា សាលា​សហគមន៍​ជ្រៃ​ជា​គម្រោង​សាលា​សហគមន៍​មួយ​របស់ ណ ត្រូវបាន​ផ្តួចផ្តើម​នៅក្រោម​ផ្ទះ​របស់​អ្នកស្រី សូ​ដា តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ​។ ជាមួយគ្នានេះ គ្រូបង្រៀន​ក៏ត្រូវ​បាន​ឧបត្ថម្ភ​បច្ចេកទេស​បង្រៀន​ពី​សាលា​អន្ដរជាតិ API​។ បច្ចុប្បន្ននេះ សាលា​មូលដ្ឋាន​មាន​២​ថ្នាក់​ដែល​សរុប​សិស្ស​មាន​ចំនួន​៨០​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com