ជាតិ
សម្ដេច ហ៊ុន សែន ប្រកាស​ជួយ​ស្ថានីយ៍ទូរទស្សន៍​ណា ដែល​គ្មាន​លទ្ធភាព​ជួល​អ្នកបកប្រែ​ភាសា​«​គ ថ្លង់​»
01, Jul 2019 , 11:32 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​គ្រួសារ​ថ្មី ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់ រៀបចំ​កម្មវិធី​ព័ត៌មាន ដោយមាន​អ្នកបកប្រែ​ភាសា​«​គ ថ្លង់​» សម្រាប់​អ្នក​ពិការភាព​។ ការស្នើ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្រោយពី​សម្ដេច​សង្កេតឃើញថា ស្ថានីយ៍ទូរទស្សន៍​នៅ​កម្ពុជា ខ្វះ​ការយកចិត្តទុកដាក់​លើ​ជនពិការ «​គ ថ្លង់​»​។​


 
​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា អ្នក​ពិការ «​គ ថ្លង់​» ក៏​ចង់​ទទួលបាន​ព័ត៌មាន​ជាក់លាក់ ដូច​មនុស្ស​ទូទៅ​ដែរ​។ ដូច្នេះ​ការផ្ដល់​ព័ត៌មាន តាមរយៈ​ការបកប្រែ​ភាសា នៅលើ​កញ្ចក់​ទូរទស្សន៍​នានា វា​គឺជា​រឿង​ចាំបាច់​បំផុត​។ ដោយសារ​ឃើញ​ពី​បញ្ហា​នេះ ទើប​សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ស្ថានីយ៍​ទាំងនោះ រៀបចំ​ការបកប្រែ​ភាសា «​គ ថ្លង់​» នៅក្នុង​កម្មវិធី​ព័ត៌មាន សម្រាប់​ជនពិការ​ឡើងវិញ ខណៈ​បច្ចុប្បន្ន​ស្ថានីយ៍​ទាំងអស់ បាន​លុបបំបាត់ចោល​កម្មវិធី​នេះ ។ 
 
«​បណ្ដា​ទូរទស្សន៍​មិន​ព្រមយក​អ្នកបកប្រែ​ទៅ អ្នកឯង​កំពុង​កាត់​សិទ្ធិ​អ្នក គ ថ្លង់ ហើយ​។ អ៊ីចឹង​សូម​ម្ចាស់​ទូរទស្សន៍​ទាំងឡាយ​អនុវត្ត​នូវ​រឿងនេះ ហើយ​នៅពេល​ដែលមាន​ព័ត៌មាន​ហៅ​(​អ្នកបកប្រែ​ភាសា គ ថ្លង់​) យកទៅ ដើម្បី​កុំ​កាត់​សិទ្ធិ​យល់ដឹង​អំពី​បណ្ដា​ព័ត៌មាន​សម្រាប់​អ្នក គ ថ្លង់​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​ត្រង់ចំណុច​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា បើ​ស្ថានីយ៍ទូរទស្សន៍​ណា មិន​ធ្វើតាម​ការណែនាំ​ទេនោះ សម្ដេច នឹង​ទូរស័ព្ទ​ទៅ​បញ្ជា​ម្ចាស់ និង​អ្នកគ្រប់គ្រង​ស្ថានីយ៍​នោះ​ផ្ទាល់​តែម្ដង​។ និយាយ​បែបនេះហើយ ប្រមុខ​រដ្ឋាភិបាល បានប្រកាសថា បើ​ស្ថានីយ៍​ណា​គ្មាន​លុយ​រៀបចំ​កម្មវិធី ដោយ​ជួល​អ្នកបកប្រែ​ភាសា «​គ ថ្លង់​» ទៅធ្វើ​កាយវិការ​ផ្ដល់ព័ត៌មាន​ទេនោះ សម្ដេច​ចេញ​លុយ​ជំនួស​ក៏បាន​។​
 
​ពី​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​គ្រួសារ​ថ្មី ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា​«​ផ្ដាំ​ចុងក្រោយ​ណា ខ្ញុំ​នឹង​តាមមើល​គ្រប់​ប៉ុស្តិ៍ បើក​មើល​គ្រប់​ប៉ុស្តិ៍​ថា ប៉ុស្តិ៍​ផ្ដល់​សិទ្ធិ​ឲ្យ​មនុស្ស គ ថ្លង់ ហើយ​ប៉ុស្តិ៍​ណា​មិន​ផ្ដល់​សិទ្ធិ​។ ខ្ញុំ នឹង​តាមមើល​ហើយ ទូរស័ព្ទ​ត្រង់ៗ​ទៅរក​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍​ហ្នឹង​ហ្មង ហើយ​បើ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍​ហ្នឹង ឆ្លើយថា​អត់​ចំណេញ​ទេ ខាត​រាល់​ខែ ខ្ញុំ​នឹង​សួរ​ភ្លាម​ថា ព័ត៌មាន​ម្ដង​ចំណាយលុយ​ប៉ុន្មាន ខ្ញុំ​ជួយ​ចេញ​លុយ​ឲ្យ​ថ្លៃ​ទូរទស្សន៍​ហ្នឹង​ទៀត​»៕
 

Tag:
 ហ៊ុន សែន​
  ពិការភាព
© រក្សាសិទ្ធិដោយ thmeythmey.com