កីឡាជាតិ
ជាតិ
ក្រោ​ន​ទិញ​ខ្សែបម្រើ Mustafa Zazai ដែល​ធ្លាប់​បង្ហាញខ្លួន​៣០​លើក​ឲ្យ​ជម្រើសជាតិ​អាហ្វហ្គានីស្ថាន
01, Jul 2019 , 4:00 pm        
រូបភាព
កីឡាករ Mustafa Zazai ពេលចុះកិច្ចសន្យាលេងឲ្យក្លិបភ្នំពេញក្រោន និងពេលបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអាហ្គានីស្ថាន(រូបក្នុងរង្វង់)
កីឡាករ Mustafa Zazai ពេលចុះកិច្ចសន្យាលេងឲ្យក្លិបភ្នំពេញក្រោន និងពេលបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអាហ្គានីស្ថាន(រូបក្នុងរង្វង់)
ដោយ:
​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​ចុះកិច្ចសន្យា​នាំចូល​ខ្សែបម្រើ Mustafa Zazai សមាជិក​ក្រុម​ជម្រើសជាតិ​អាហ្វហ្គានីស្ថាន ដើម្បី​ពង្រឹង​តំបន់​កណ្តាល សម្រាប់​ជំនួប​ជើង​ទី​២ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ។ ក្លិប​ជើងឯក​៦​សម័យកាល​មួយ​នេះ ក៏បាន​នាំចូល​ខ្សែបម្រើ​ខ្មែរ​-​បារាំង និង​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​៥​រូប​ទៀត​ផងដែរ​។​

 
​ខ្សែបម្រើ​ប្រយុទ្ធ Mustafa Zazai ដែល​ទើប​ចុះកិច្ចសន្យា​ជាមួយ​ភ្នំពេញ​ក្រោ​ន គឺជា​សមាជិក​ជម្រើសជាតិ​អាហ្វហ្គានីស្ថាន ហើយ​ធ្លាប់​បង្ហាញខ្លួន​៣០​លើក ដោយ​រកបាន​៤​គ្រាប់​។ មុន​ផ្ទេរ​មក​ភ្នំពេញ​ក្រោ​ន​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ លេង​ឲ្យ​ក្លិប Kelantan FA ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី បាន​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩ ដោយ​រកបាន​៣​គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន​៩​លើក​។​
 
​ខ្សែបម្រើ​រូបនេះ​បាន​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដំបូង ក្នុង​ជួរ​យុវជន​ថ្នាល​របស់​ក្លិប Hamburger SV របស់​អាល្លឺម៉ង់​ពី​ឆ្នាំ​២០០៦-២០០៩​។ បន្ទាប់មក​រូបគេ​បាន​ផ្លាស់​ទៅ​ក្លិប​អាល្លឺម៉ង់ SC Concordia Hamburg មុន​ផ្ទេរ​ទៅ VfB Lübeck ចន្លោះ​ពី​ឆ្នាំ​២០១១-២០១២​។ 


កីឡាករ សេង សារ៉ាវុធ ពេលបង្ហាញសមត្ថភាពក្រោយចុះកិច្ចសន្យាជាមួយភ្នំពេញក្រោន
 
​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ ត្រូវបាន​ក្លិប​អាល្លឺម៉ង់ VfB Lübeck ដំឡើង​លេង​កម្រិត​អាជីព​ពី​ឆ្នាំ​២០១២-២០១៣​។ ក្រោយ​ប្រឡូក​ជាមួយ​ក្លិប​នៅ​អាល្លឺម៉ង់​ជា​បន្តបន្ទាប់ នៅ​ឆ្នាំ​២០១៨ កីឡាករ​រូបនេះ បាន​ផ្ទេរ​មកកាន់​ទឹកដី​អាស៊ាន ដោយ​លេង​ក្លិប​អាជីព​របស់​ថៃ Chachoengsao F.C​។ ក្រោយ​លេង​បាន​ពាក់កណ្តាល​រដូវ​កាល​រូបគេ​បាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប Phrae United នៅ​ថៃ​ដូចគ្នា មុននឹង​រូបគេ​បាន​ផ្លាស់​ទៅលេង​ក្លិប​ម៉ាឡេស៊ី Kelantan FA នៅ​រដូវ​កាល​ឆ្នាំ​២០១៩​។ 
 
​មុន​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ​អាហ្វហ្គានីស្ថាន​ខាង​លើ ភ្នំពេញ​ក្រោ​ន​បាន​នាំចូល​ខ្សែបម្រើ​ប្រយុទ្ធ​ខ្មែរ​-​បារាំង សេង សា​រ៉ាវុធ ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​បារាំង Argentan FC ក្នុង​កម្រិត​អាយុ​ក្រោម​១៧​ឆ្នាំ រួមទាំង​ក្លិប US Alencon, AS Sarceaux, AS Versin និង​ក្លិប Caen Sud Ouest​។ ភ្នំពេញ​ក្រោ​ន​រំពឹងថា ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​នឹង​ជួយ​ឲ្យ​ក្លិប​ទទួលបាន​លទ្ធផល​ល្អ​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។  
 
​ក្លិប​ជើងឯក​៦​សម័យកាល​មួយ​នេះ ក៏បាន​បន្ត​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Paulo Victor រហូតដល់​ឆ្នាំ​២០២០ និង​កីឡាករ​កម្ពុជា​៤​រូប​រួមមាន ម៉ៅ ពិសិដ្ឋ​, អ៊​ន ចាន់​ប៉ូ​លីន​, ជួន ចាន់​ចាវ និង​អ្នកចាំទី សា​វែង សំណាង រហូតដល់​ឆ្នាំ​២០២២ ផងដែរ​។ ជាមួយគ្នានេះ ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​ជប៉ុន Shuhei Mitsuhashi ក្រោយ​រួមរស់​បាន​ជិត​ពាក់កណ្តាល​រដូវ​កាល​២០១៩​។ តែ​ក្លិប​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការចែក​ផ្លូវ​នេះឡើយ គ្រាន់តែ​បញ្ជាក់ថា ក្រោម​ហេតុផល​ផ្ទាល់ខ្លួន​។​
 
​ក្រោយ​ចប់​ការប្រកួត​ជើង​ទី​១ ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​រៀង​ទី​៦​មាន​២៤​ពិន្ទុ ក្រោយ​ឈ្នះ​៨ និង​ចាញ់​៥​។ ភ្នំពេញ​ក្រោ​ន​មាន​គម្លាត​៩​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង ដែលមាន​៣៣​ពិន្ទុ​ជាមួយ​កំណត់ត្រា​មិន​ស្គាល់​ចាញ់ឈ្នះ​១០ ស្មើ​៣៕ 
 

Tag:
 Cambodian League 2019
  Mustafa Zazai
© រក្សាសិទ្ធិដោយ thmeythmey.com