ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីដែនដី ហៅវិស័យឯកជនទៅប្រជុំ ពីបញ្ហាសាងសង់អគារ លោក ជា សុផារ៉ា ថ្លែងក្នុងកិច្ចប្រជុំស្តីពីការប្រកាសគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅទូទាំងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ (រូបពីក្រសួងដែនដី)
× ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើលិខិតជូនទៅបណ្តាក្រុមហ៊ុនឯកជននានាផ្នែកវិស័យសាងសង់ ដើម្បីអញ្ជើញពួកគេ ឲ្យចូលរួមក្នុងកិច្ចប្រជុំមួយ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២0១៩ ស្តីពីគម្រោងសិក្សាប្លង់ និងការសាងសង់អគារ។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។
តំណាងក្រុមហ៊ុន ដែលក្រសួងដែនដី ដាក់លិខិតអញ្ជើញនោះ មានដូចជា ប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ ប្រធានក្រុមជាងសំណង់ ប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងរូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់។
ក្រោយបាក់អគារ៧ជាន់នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាឲ្យមានអ្នកស្លាប់២៨នាក់ និង អ្នករបួស២៦នាក់ រដ្ឋាភិបាល បានចាប់ផ្តើមចាត់វិធានការផ្សេងៗ ដើម្បីពង្រឹងវិស័យសំណង ចៀសវាងការកើតឡើងនូវឧបទ្ទវហេតុដ៏អាក្រក់នេះម្តងទៀត។
លោក ជា សុផារ៉ា បានបង្កើតគណៈកម្មការមួយភ្លាម ដែលហៅថាគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ទូទាំងខេត្តព្រះសីហនុ។ គណៈកម្មការនេះ មានក្រុមការងារបច្ចេកទេសនិងជំនាញ៨ក្រុម។
បន្ទាប់មក លោករដ្ឋមន្ត្រីដែនដី បានដាក់គោលការណ៍មួយទៀត ជូនទៅនាយករដ្ឋមន្ត្រី ដើម្បីសុំសេចក្តីសម្រេច ដែលគោលការណ៍នេះ គឺជាវិធានការទប់ស្កាត់ការសាងសង់អគារខុសច្បាប់ និងគ្មានលិខិតអនុញ្ញាត។
គោលការណ៍នេះ បានទាញក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនបន្ថែមទៀត ឲ្យចូលរួមទប់ស្កាត់សំណង់ខុសច្បាប់ ដោយរួមមាន ក្រសួងរ៉ែ និងថាមពល ចាត់វិធានការមិនឲ្យផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ការដ្ឋានសំណង់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាត់វិធានការមិនឲ្យផ្គត់ផ្គង់ទឹកស្អាត ក្រសួងសាធារណការ មិនត្រូវអនុញ្ញាតឲ្យតភ្ជាប់លូ ចូលបណ្តេញលូសាធារណៈ ក្រសួងព័ត៌មាន មិនត្រូវអនុញ្ញាតឲ្យផ្សព្វផ្សាយពាណិជ្ជកម្មនៃសំណង់ ហើយក្រសួង ស្ថាប័ន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវផ្តល់លិខិតអនុញ្ញាតឲ្យប្រកបអាជីវកម្មឡើយ៕
Tag:
សំណង់
លោក ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com