កីឡាជាតិ
ជាតិ
កីឡា​ស្គី​ក្តារ និង​ស្គី​កង់​បង្កើតជា​សហព័ន្ធ ក្រោយ​ឃើញ​ពី​សក្តានុពល និង​សន្ទុះ​អ្នកលេង​កើនឡើង​
01, Jul 2019 , 5:18 pm        
រូបភាព
ដោយ:
​ក្រោយ​មាន​វត្ត​មាននៅ​កម្ពុជា​ជិត​១០​ឆ្នាំ កីឡា​ស្គី​ក្តារ និង​ស្គី​កង់​បាន​ឈានដល់​បង្កើត​ឲ្យ​ជា​សហព័ន្ធ ដើម្បី​ពង្រីក​សក្តានុពល​ឲ្យ​កាន់តែ​ទូលំទូលាយ​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​។ ការបង្កើត​ឲ្យ​មាន​ជា​សហព័ន្ធ បន្ទាប់ពី​សង្កេតឃើញ​ពី​សក្តានុពល និង​សន្ទុះ​អ្នកលេង​មានការ​កើនឡើង​នាពេល​បច្ចុប្បន្ន ពិសេស​កីឡា​នេះ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​យុវជន​។ កញ្ញា កូវ ចាន់​សង្វា ដែលជា​អ្នកលេង​កីឡា​ស្គី​កង់​មួយរូប​បាន​អះអាងថា តាមរយៈ​កីឡា​នេះ​បាន​ជួយ​កែប្រែ​នាង ពី​មនុស្ស​ស្ងៀមស្ងាត់ និង​ខ្មាសអៀន​ច្រើន ទៅជា​មនុស្ស​ក្លាហាន និង​ចូលចិត្ត​រាប់អាន​មិត្តភក្តិ​។

 
​កីឡា​ស្គី​ក្តារ​និង​ស្គី​កង់​បាន​ចូលមក​កម្ពុជា​ប្រមាណ​ជាង​១០​ឆ្នាំ​ហើយ ប៉ុន្តែ​កីឡា​អូឡាំពិក​មួយ​នេះ​មិនសូវមាន​សកម្មភាព​ផុសផុល និង​ចូលរួម​លេង​ច្រើន​ពី​យុវជន​នោះឡើយ​។ ពោលគឺ​កាលពីមុន​ឆ្នាំ​២០០៨ មាន​អ្នកលេង​និង​ស្គាល់​កីឡា​នេះ​មិន​ដល់​១០​នាក់​ផង​។ ប៉ុន្តែ​វត្តមាន​របស់លោក Samual Izac James ជនជាតិ​អូស្ត្រាលី​នៅ​អំឡុង​ឆ្នាំ​២០១២​បាន​ឲ្យ​ធ្វើ​កីឡា​នេះ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ រហូត​លោក​បាន​បើកហាង​លក់​ក្តារ​ស្គី​នៅ​ឆ្នាំ​២០១៣​។ 


 
​ការបើក​ហាង​លក់​ក្តារ​ស្គី​របស់​ជនជាតិ​អូស្ត្រាលី​ខាងលើ និង​យុវជន​ខ្មែរ​មួយរូប​ដែល​ស្រលាញ់​កីឡា​នេះ​បានធ្វើ​ឲ្យ​កីឡា​នេះ​មាន​ភាព​រីកចម្រើន និង​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​លេង​កាន់តែច្រើន​ផងដែរ​។ ដោយ​មើលឃើញ​ពី​សក្តានុពល និង​សន្ទុះ​នៃ​ចំនួន​អ្នកលេង សហព័ន្ធ​កីឡា​ស្គី​ក្តារ និង​ស្គី​កង់ ក៏បាន​លេចចេញ​ជា​រូបរាង​ឡើង​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​។ ប៉ុន្តែ​សហព័ន្ធ​នេះ​ពុំទាន់​ទទួលបាន​ការទទួលស្គាល់​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​នៅឡើយ​ទេ​។ 
 
​លោក កុសល ពីសី ដែល​អង្គ​មហាសន្និបាត​តែងតាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ស្គី​ក្តារ និង​ស្គី​កង់​កម្ពុជា​បាន​និយាយថា លោក​នឹង​រៀបចំ​បែបបទ​ឯកសារ​ពាក់ព័ន្ធ​នានា ដើម្បី​ដាក់​ស្នើសុំ​ការទទួលស្គាល់​ពី​ស្ថាប័ន​កីឡា​ទាំងពីរ​ខាងលើ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លក្ខខណ្ឌ​ក្នុងការ​ទទួលស្គាល់ គឺ​តម្រូវ​ឲ្យ​សហព័ន្ធ​ត្រូវមាន​ក្លិប​-​សមាគម​ជា​សមាជិក​យ៉ាងតិច​៥ និង​ត្រូវមាន​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម និង​គ្រូបង្វឹក​ថ្នាក់ជាតិ​ប្រចាំ​សហព័ន្ធ​។ 
 
​ក្រៅពី​សក្តានុពល និង​សន្ទុះ​នៃ​អ្នកលេង លោក ពីសី បញ្ជាក់ថា ប្រជាប្រិយភាព​កីឡា​នេះ និង​ការពង្រីក​វិសាលភាព​ឲ្យ​កាន់តែ​ធំ​លើ​ឆាក​អន្តរជាតិ ក៏ដូចជា​ចូលរួម​ប្រកួត​អន្តរជាតិ​នានា ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ការបង្កើត​ឲ្យ​មាន​សហព័ន្ធ​នេះ​ឡើង​ដែរ​។ គ្រប់​ប្រភេទ​កីឡា​ទាំងអស់​បើ​ពុំមាន​សហព័ន្ធ ដែល​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គឺ​ពួកគេ​មិនអាច​ចូលរួម​ការប្រកួត​ផ្លូវការ​នោះឡើយ​។   
 
«​យើង​ត្រូវតែមាន​សហព័ន្ធ​ដែល​ទទួលស្គាល់​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ដើម្បី​អាច​ចាប់​ដៃគូ​ជាមួយ​ជា​សហព័ន្ធ​កីឡា​ស្គី​ក្តារ និង​ស្គី​កង់​អន្តរជាតិ​។ ធ្វើ​ដូច្នេះ​ទើប​យើង​អាចមាន​សិទ្ធិ​បញ្ជូន​កីឡាករ​យើង​ទៅ​ចូលរួម​ការប្រកួត​អន្តរជាតិ​នានា​ដូច​ជាក​ម្រិ​ក​អាស៊ី អាស៊ីអាគ្នេយ៍​រហូតដល់​អូឡាំពិក​»​។ នេះ​ជាការ​លើកឡើង​របស់លោក កុសល ពីសី ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​។​
 
​ប្រធាន​សហព័ន្ធ​រូបនេះ​ជឿជាក់ថា បើសិន​កីឡាករ​កម្ពុជា​ទទួល​មានការ​ហ្វឹកហាត់​ត្រឹមត្រូវ ក្រោយ​ការបង្កើត​សហព័ន្ធ ពួកគេ​នឹងមាន​សមត្ថភាព​កាន់តែ​រីកចម្រើន ដែល​អាច​ត្រ​ដំ​ត្រសង​ជាមួយ​កីឡាករ​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ លោក​បាន​បន្ថែមថា​៖«​ខ្ញុំ​សង្កេតឃើញថា​ប្រជាប្រិយភាព​មានការ​កើនឡើង តែ​គុណភាព​យើង​មិនទាន់មាន​នោះទេ ដោយសារ​យើង​មិនទាន់​សហព័ន្ធ​និង​និយាម​ស្តង់ដារ​ត្រឹមត្រូវ ព្រោះ​បច្ចុប្បន្ន​យើង​មិនទាន់មាន​ចៅក្រម​អាជ្ញាកណ្តាល និង​គ្រូបង្វឹក​ថ្នាក់ជាតិ​នៅឡើយ​ទេ​»​។​


 
​កីឡាការិនី កូវ ចាន់​សង្វា ដែល​បាន​ប្រឡូក​ជាមួយ​កីឡា​នេះ​តាំងពី​អំឡុង​ឆ្នាំ​២០១២ បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ និង​គាំទ្រ​យ៉ាង​ពេល​ទំហឹង​ចំពោះ​ការបង្កើត​ឲ្យ​មាន​សហព័ន្ធ​នេះ​ឡើង​។ នាង​ជឿជាក់ថា តាមរយៈ​ការបង្កើត​សហព័ន្ធ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​ស្គី​ក្តារ និង​ស្គី​កង់​កម្ពុជា​កាន់តែ​រីកចម្រើន នាពេល​អនាគត​។ កីឡាការិនី​ដែល​ធ្លាប់​តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​រូបនេះ បានបង្ហាញ​ការតាំង​ចិត្តនឹង​បន្ត​ដើរ​លើ​វិថី​មួយ​នេះ ហើយ​នាង​ចង់​តំណាង​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​អន្តរជាតិ​ទៀតផង​។ 
 
​កីឡា​ស្គី​ក្តារ និង​ស្គី​កង់​ត្រូវបាន​អង្គការ​ស្គែ​ត​ធី​ស្តង់​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ និង​ផ្តល់​ការអប់រំ និង​កីឡា​ដល់​កុមារ ដែល​ជួប​បញ្ហា​ផ្សេងៗ​។ ព្រោះ​កីឡា​នេះ អាចជួយ​ឲ្យ​ពួកគេ​មាន​កាយសម្បទា និង​ស្មារតី​រឹងមាំ ពិសេស​ជួយ​បង្កើន និង​ស្តារ​ទំនុកចិត្ត ដែល​ធ្លាប់​បាត់បង់​ឲ្យ​មករក​ភាពល្អប្រសើរ​ឡើងវិញ​។ 
 
​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក កុសល ពីសី បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ដើមឡើយ​យើង​បង្កើត​អង្គការ​ស្គែ​ត​ធី​ស្តង់ ដើម្បី​ផ្តល់​ការអប់រំ​ផ្នែក​កីឡា និង​អប់រំ​ចំណេះ​ទូទៅ​ដល់​កុមារ ដែល​ជួប​បញ្ហា​បី គឺ​ទី​១​គ្រួសារ​មាន​សេដ្ឋកិច្ច​ទាប ទី​២​ពិការភាព និង​ទី​៣​រងគ្រោះ​នឹង​បញ្ហា​សង្គម​នានា​។ ពេលដែល​គាត់​មាន​បញ្ហា​នឹង​ការសិក្សា យើង​គិតថា តាមរយៈ​កីឡា​នេះ​នឹង​អាចជួយ​ឲ្យ​ពួកគាត់​មាន​ទឹកចិត្ត​ត្រឡប់​មករក​សង្គម​ឡើងវិញ ទើប​យើង​ប្រមូលផ្តុំ​ពួកគាត់​ឲ្យ​មក​ចូលរួម​សិក្សា​ផ្នែក​កីឡា ដើម្បី​ពង្រឹងស្មារតី និង​ទំនុកចិត្ត​ឡើងវិញ​»​។ 


 
​កីឡាការិនី កូវ ចាន់​សង្វា ដែល​អះអាងថា នាង​ធ្លា​ប់រង​ហិង្សា​ពី​គ្រួសារ​រហូត​បាក់​ទឹកចិត្ត និង​ខ្លាច​មនុស្ស​ជុំវិញខ្លួន​។ ប៉ុន្តែ​កីឡា​ស្គី​ក្តារ​និង​ស្គី​កង់​បាន​ជួយ​កែប្រែ​ឲ្យ​ក្លាយជា​មនុស្ស​ក្លាហាន និង​ចូលចិត្ត​រាប់​មនុស្ស​នៅ​ជុំវិញខ្លួន​ឡើងវិញ​។​
 
​កូនពៅ​ក្នុង​គ្រួសារ​នៅ​ភ្នំពេញ​មាន​បងប្អូន​៥​នាក់​រូបនេះ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ក្រឡេក​ទៅ​មើ​លពី​អតីតកាល​ខ្ញុំ​មិនសូវមាន​មិត្តភក្តិ​ច្រើន​នោះទេ ហើយ​ខ្លាច​គេ​ច្រើន ខ្ញុំ​មិន​លាក់​នោះទេ ខ្ញុំ​ធ្លា​ប់រង​អំពើហិង្សា​ពី​ប៉ា​ខ្ញុំ​។ ដូច្នេះ​ខ្ញុំ​ជា​ក្មេងស្រី​ម្នាក់​ដែល​អៀន​ច្រើន មិន​ហ៊ាន​ប្រឈមមុខ​នឹង​ការពិត និយាយ​រួម​ខ្លាច​គេ​មែនទែន​។ ប៉ុន្តែ​តាមរយៈ​កីឡា​ស្គី​កង់ វា​បាន​ជួយ​ជំរុញ​ឲ្យ​ខ្ញុំ​មាន​ទំនុកចិត្ត ហ៊ាន​និយាយ​ជាមួយ​មនុស្ស​ជុំវិញខ្លួន និង​ហ៊ាន​ប្រឈមមុខ​ដោះស្រាយ​បញ្ហា ដែល​កំពុង​កើតមាន​នៅក្នុង​គ្រួសារ​»​។​
 
​ជា​មន្ត្រី​កម្មវិធី​(Program Officer)​នៅ​អង្គការ​ស្គែ​ត​ធី​ស្តង់​កីឡាការិនី ដែលមាន​ឈ្មោះ​ក្រៅ​ហៅ​«​ទីន​» រូបនេះ បាន​រៀប​ពី​ទុក្ខលំបាក​ពេល​ចូល​ហ្វឹកហាត់​កីឡា​ស្គី​កង់​លើកដំបូង ដោយមាន​ពេលខ្លះ​នាង​ត្រូវ​រងរបួស​ដៃជើង និង​មុខមាត់​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង បាន​រង​សម្ពាធ​ពី​សមាជិកគ្រួសារ មិត្តភក្តិ និង​អ្នកជិតខាង ពិសេស​ប្រុសៗ​ហាក់​មិន​ឲ្យ​តម្លៃ​ដល់​នាង ដោយ​ពួកគេ​គិតថា នាង​ជា​ស្រី​មិនគួរ​មក​ហ្វឹកហាត់​កីឡា​នេះ​ទេ ព្រោះ​វា​មានការ​ហក់លោត​ជាដើម​។ 


 
​ដោយ​ចង់​ឈ្នះ​ចិត្ត​ប្រុសៗ និង​ផ្លាស់ប្តូរ​គំនិត​អវិជ្ជមាន​មួយចំនួន​ដែល​លើកឡើងថា ស្ត្រី​មិនអាច​លេង​កីឡា​ដូច​បុរស ទីន បាន​បន្ត​ប្រឡូក​ក្នុង​វិស័យនេះ​ទាំង​ដឹងថា​មានការ​លំបាក​រហូត​ក្លាយជា​អ្នកជិះ​ស្គី​កង់​ដ៏​ស្ទាត់ជំនាញ​ម្នាក់​។ ហើយ​នាង​ត្រូវបាន​អង្គការ​ស្គែ​ត​ធី​ស្តង់​បញ្ជូនទៅ​ចូលរួម​ប្រកួត​ក្រៅផ្លូវការ​លើ​ឆាក​អន្តរជាតិ​។​
 
«​ខ្ញុំ​រង​សម្ពាធ​ខ្លាំង​ពេលដែល​ចាប់ផ្តើម​លេង​កីឡា​នេះ គឺ​ប្រុសៗ​ភាគច្រើន​គាត់​មិនសូវ​ឲ្យ​តម្លៃ ព្រោះ​គាត់​គិតថា ខ្ញុំ​ជា​ស្រី​មិនអាច​លេង​កីឡា​ស្គី​បាន​ដូច​គាត់​។ កត្តា​នេះហើយ​ទើប​ខ្ញុំ​ចង់​ផ្លាស់ប្តូរ​គំនិត​អវិជ្ជមាន​ដែល​គិត​មកលើ​ស្ត្រី​ទាំងនេះ តាមរយៈ​ការបន្ត​លេង​កីឡា​ស្គី​កង់ ទោះបី​ដឹងថា កីឡា​នេះ​មានការ​លំបាក និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្ញុំ​ក៏ដោយ ព្រោះ​ពេលខ្លះ​ខ្ញុំ​ប្រឈម​នឹង​ថ្លោះ​កជើង​និង​ឈាម​មុខ​ឈាម​មាត់​ជាដើម​»​។ នេះ​ជាការ​រៀបរាប់​ពី​ទុក្ខលំបាក​របស់​កីឡាការិនី កូវ ចាន់​សង្វា​។ 
 
​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​នៅ​អឺរ៉ុប អាស៊ី និង​អាស៊ាន​មួយចំនួន​បាន​ប្រើ​ស្គី​ក្តារ ឬ​ស្គី​កង់​ធ្វើជា​មធ្យោបាយ​ជំនួយ​ឲ្យ​ការប្រើ​យានយន្ត កង់ ម៉ូតូ ទៅ​កន្លែងធ្វើការ កន្លែង​កម្សាន្ត និង​កន្លែង​នានា​។ លើសពីនេះ កីឡា​នេះ​ត្រូវបាន​មហាជន សិស្សានុសិស្ស​ជិះ​កម្សាន្ត​ពេល​ពួកគេ​ទំនេរ​ពី​ការងារ និង​ការសិក្សា​ទៀតផង​៕    

Tag:
 ស្គី​ស្តារ និង​ស្គី​កង់​
  កុសល ពីសី​
  កូវ ចាន់​សង្វា​
© រក្សាសិទ្ធិដោយ thmeythmey.com