រថយន្ត
អន្តរជាតិ
សិង្ហ​បុរី​ចាប់ផ្តើម​ពិន័យ​កាន់តែ​ធ្ងន់​សម្រាប់​អ្នក​ដែល​ចត​យានយន្ត​ខុសច្បាប់​
01, Jul 2019 , 7:39 pm        
រូបភាព
ប្រភពរូបថត៖ Straits Times
ប្រភពរូបថត៖ Straits Times
ដោយ: ធីតា
​ការចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់ និង​រំលោភច្បាប់​នៅតាម​បណ្តា​ផ្លូវ​ក្នុងប្រទេស​សិង្ហ​បុរី នឹងត្រូវ​រង​ពិន័យ​កាន់តែ​ធ្ងន់ធ្ងរ ចាប់ពី​ខែកក្កដា នេះ តទៅ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រុមប្រឹក្សា​លំនៅឋាន និង​អភិវឌ្ឍ (HDB) និង​អាជ្ញាធរ​អភិវឌ្ឍន៍​ក្រុង​ឡើងវិញ (URA) របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី​២៤ ខែមិថុនា កន្លងមក​។​

 
​ការចត​បំពាន​ច្បាប់ ការ​បំប្លែង​តម្លៃ​គូ​ប៉ុង ឬ​វិក្កយបត្រ​អេឡិចត្រូនិក និង​ការ​គេចវេស​ការបង់ថ្លៃ​នៅតាម​ទីតាំង​នៃ​ប្រព័ន្ធ​ចំណត​អេឡិចត្រូនិក (EPS) ជាដើម សុទ្ធតែជា​ទង្វើ​ត្រូវ​ទទួលរង​ការពិន័យ​កាន់តែ​ធ្ងន់​។ នេះ​បើតាម​ការផ្សាយ​របស់ The Straits Times​។​
 
HDB និង URA រកឃើញថា បទល្មើស​ជា​មធ្យម ២៦០ ៨០០ កើតឡើង​រៀងរាល់ឆ្នាំ ដោយ​គិត​ចន្លោះ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ ទាក់ទង​នឹង​ការចត​យានយន្ត​ខុសច្បាប់ ដែល​ក្នុងនោះ​មាន​ទាំង​ម៉ូតូ រថយន្ត និង​រថយន្ត​ធុន​ធ្ងន់​។​
 
​ការពិន័យ​មាន​ទៅតាម​កម្រិត​ទោស​ដែល​អ្នកបើក​បរបាន​ប្រព្រឹត្ត​ទាក់ទង​នឹង​ការចត​យានយន្ត​។ សម្រាប់​ការ​យានយន្ត​ខុសច្បាប់ ជាធម្មតា អ្នកបើកបរ​ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់ ១៩​ដុល្លារ​អាមេរិក (​សម្រាប់​ម៉ូតូ​) ៣៧​ដុល្លារ​អាមេរិក (​សម្រាប់​រថយន្ត​) និង​៦០​ដុល្លារ​អាមេរិក (​សម្រាប់​រថយន្ត​ធុន​ធ្ងន់​)​។ ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ទឹកប្រាក់​កើនឡើង​ដល់ ២៦​ដុល្លារ​អាមេរិក ៥២​ដុល្លារ​អាមេរិក និង​៧៤​ដុល្លារ​អាមេរិក ទៅតាម​ប្រភេទ​យានយន្ត រួមមាន​ម៉ូតូ រថយន្ត និង​រថយន្ត​ធុន​ធំ​។​
 
​យោងតាម​ការផ្សាយ​រប​ស់ CNA នេះ​ជាការ​ពិនិត្យ​កែសម្រួល​តម្លៃ​ពិន័យ​លើ​ការចត​ខុសច្បាប់​ជា​លើក​ទី​ពីរ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩១ មក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com