ជាតិ
សេដ្ឋកិច្ច
បន្ទាប់ពី​កម្ពុជា​ចូល​បណ្ដាញ​អន្តរជាតិ​ឫស្សី​ផ្ដៅ ក្រុមហ៊ុន​ក្នុងស្រុក​មួយ​គ្រោង​ដាំ​ឫស្សី​១​ម៉ឺន​ហិកតា​
02, Jul 2019 , 8:59 am        
រូបភាព
រូបពីក្រសួងកសិកម្ម
រូបពីក្រសួងកសិកម្ម
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ក្នុងស្រុក​កំពុង​សំឡឹងមើល​ឱកាស​ក្នុង​វិស័យ​ផ្ដៅ​ឫស្សី​ជា​បណ្ដើរៗ ខណៈ​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​បណ្ដាញ​អន្តរជាតិ​ផ្ដៅ​និង​ឫស្សី​នាពេល​ថ្មីៗ​នេះ​។​



អត្ថបទទាក់ទង
​ក្រុមហ៊ុន​អាន​ម៉ា​ឌី​គ្រុប ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក ក្នុងពេល​ថ្មីៗ​នេះ បានគ្រោង​វិនិយោគ​ក្នុង​ការដាំ​ឫស្សី​ជា​លក្ខណៈ​ផលិតកម្ម​លើ​ទំហំ​ដី ១​ម៉ឺន​ហិកតា និង​បង្កើត​រោងចក្រ​កែច្នៃ​ទៅជា​ផលិតផល​ប្រើប្រាស់​។ លោក អាន ម៉ា​ឌី ត្រូវបាន​ស្រង់​សំដី​នៅលើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​ថា​៖«​ដោយ​យល់ឃើញ​ពី​សក្ដានុពល​នៃ​ផលិតកម្ម​ឫស្សី និង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ផលិតកម្ម​ឫស្សី ស្របតាម​ខ្លឹមសារ​នៃ​ច្បាប់​ថ្មី​នេះ ក្រុមហ៊ុន​នឹង​ដាំ​ជា​លក្ខណៈ​ផលិតកម្ម​លើ​ផ្ទៃដី​ចំនួន​១​ម៉ឺន​ហិកតា និង​បង្កើត​រោងចក្រ​កែច្នៃ​ជា​សម្ភារ និង​គ្រឿងសង្ហារិម​ច្រើន​ប្រភេទ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក និង​នាំចេញ​»​។ សព្វថ្ងៃនេះ ក្រុមហ៊ុន​មួយ​នេះ​កំពុង​ដាំ​ឫស្សី​លើ​ផ្ទៃដី​២៥​ហិកតា​សម្រាប់​ធ្វើជា​ពូជ​។​
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន នៅ​ថ្ងៃទី​៣០​ខែមិថុនា​បាន​ទៅ​ចូលរួម​ដាំ​ឫស្សី​ជា​និមិត្តរូប​ជាមួយ​ក្រុមហ៊ុន​ខាងលើនេះ នៅ​ស្រុក​អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ​។ ក្រសួងកសិកម្ម​បាន​អះអាងថា សកម្មភាព​ដាំ​ឫស្សី​ជា​និមិត្ត​រូបនេះ គឺ​ចង់​បញ្ជាក់ថា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ស្ដីពី​ការបង្កើត​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្ដៅ ដែល​ច្បាប់​នេះ​ទើប​ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​នៅ​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំនេះ​។ 


 
​ក្រសួង​គូសបញ្ជាក់​ដូចនេះ​ទៀតថា​៖«​ច្បាប់​នេះ​មាន​គោលបំណង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ សហគមន៍ ក្រុមហ៊ុន ដោយ​ជំរុញ​និង​លើកទឹកចិត្ត​ពួកគេ​តាមរយៈ​យន្តការ​នៃ​ការដាំដុះ ថែរក្សា កែច្នៃ និង​ប្រើប្រាស់​ដើម្បី​លើកតម្កើង​គុណ​តម្លៃ​វត្ថុធាតុដើម​ដែលមាន​តម្លៃ​សេដ្ឋកិច្ច​និង​សង្គម​មួយ​នេះ​»​។​
 
​លោក វេ​ង សាខុន បាន​ឲ្យ​ដឹងថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​អាន​ម៉ា​ឌី​នេះ​នឹងចូលរួម​អភិវឌ្ឍន៍​ធនធាន​ឫស្សី​ប្រកបដោយ​និរន្តរភាព និង​ទាញយក​ប្រយោជន៍​សម្រាប់​សង្គម សេដ្ឋកិច្ច បរិស្ថាន និង​បង្កើត​គម្រប​ព្រៃឈើ​។ ជាមួយគ្នានេះ​រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ​បានស្នើ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ បង្កាត់​ពូជ​ឫស្សី​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្សព្វផ្សាយ​ជូន​ក្រុមហ៊ុន​ផ្សេងៗ​ដែលមាន​បំណង​ចង់​ដាំ​ឫស្សី និង​ប្រជា​សហគមន៍ ដើម្បី​ដាំ ប្រមូល​ផល​ប្រើប្រាស់​តាម​តម្រូវការ កាត់បន្ថយ​ការប្រើប្រាស់​ឈើ និង​លើកតម្កើង​កម្រិតជីវភាព​»៕

Tag:
 ផ្ដៅ
  ឫស្សី
© រក្សាសិទ្ធិដោយ thmeythmey.com