Rashford កើន​ប្រាក់​ឈ្នួល​២៥​ម៉ឺន​ដុល្លារ​មួយ​សប្តាហ៍​ក្រោយ​បន្ត​កិច្ចសន្យា​៤​ឆ្នាំ​នៅ Man Utd
កីឡាអន្តរជាតិ
អន្តរជាតិ
Rashford កើន​ប្រាក់​ឈ្នួល​២៥​ម៉ឺន​ដុល្លារ​មួយ​សប្តាហ៍​ក្រោយ​បន្ត​កិច្ចសន្យា​៤​ឆ្នាំ​នៅ Man Utd
02, Jul 2019 , 11:23 am        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម Marcus Rashford បាន​យល់ព្រម​បន្ត​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​ទៀត​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ដ៏​ច្រើនសន្ធឹក​ចំនួន ២០​ម៉ឺន​​ផោន (២៥៣០០០​​ដុល្លារ​អាមេរិក​) ក្នុង​មួយ​សប្តាហ៍​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Manchester United លើ​វេ​ប​សាយ​ផ្លូវការ​របស់​ពួកគេ​។​


 
​កិច្ចសន្យា​ថ្មី​នេះ​នឹងធ្វើ​ឲ្យ Rashford បន្ត​ស្នាក់នៅ Old Trafford រហូតដល់​ខែមិថុនា ឆ្នាំ​២០២៣ បូក​រួមទាំង​លក្ខខណ្ឌ​ពន្យារ​រយៈពេល​មួយឆ្នាំ​ពីលើ​ថែមទៀត​។ 
 
​កីឡាករ​សញ្ជាតិ​អង់គ្លេស វ័យ​២១​ឆ្នាំ​រូបនេះ បាន​ចូល​រួមរស់​ជាមួយ Man Utd តាំងពី​អាយុ ៧ ឆ្នាំ​មក និង​បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​ត្រឹម​១៨​ឆ្នាំ ដែល​បង្ហាញខ្លួន​លើកដំបូង​សម្រាប់​ក្រុង​ឈុត​ធំ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ពោលគឺ​នៅក្រោម​ការគ្រប់គ្រង​រប​ស់​អ្នកចាត់ការ​លោក Louis van Gaal ដែលមាន Ryan Giggs ជា​ជំនួយការ​នោះ​។​
 
​ក្រោយ​កិច្ចព្រមព្រៀង​ចប់សព្វគ្រប់ Rashford បាន​សម្តែង​ការសប្បាយរីករាយ និង​លើកសរសើរ​ពី​គុណបំណាច់​របស់​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ​ផង​។​
 
«​ក្លិប​នេះ​បានធ្វើឱ្យ​ខ្ញុំ​ក្លាយជា​កីឡាករ និង​ជាម​នុស្ស​ល្អ​ម្នាក់​។ ខ្ញុំ​រីករាយ​ដែលមាន​ឱកាស​ពាក់​ឯកសណ្ឋាន​របស់ Man Utd​។ ក្លិប​បិសាច​ក្រហម​ជា​ជីវិត​របស់ខ្ញុំ ចាប់តាំងពី​ខ្ញុំ​បានមក​ទីនេះ​នៅ​អាយុ ៧ ឆ្នាំ​។ ដូ​ច្នេះ ខ្ញុំ​នឹង​ផ្តល់​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​មាន​ដើម្បី​ជួយ​ក្លិប​នេះ​ត្រឡប់​ទៅរក​ភាពល្បីល្បាញ​ដូច​ពីមុន​វិញ​ដែល​អ្នកគាំទ្រ​របស់​យើង​សម​នឹង​ទទួលបាន​»​។ នេះ​ជាការ​អះអាង​យ៉ាង​មុតមាំ​របស់ Rashford​។​
 
Rashford ដែល​តែងតែ​ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់លោក Ole Gunnar Solskjaer តាំងពី​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ​ឡើងមក​ដឹកនាំ បានបង្ហាញ​ខ្លួន​ឲ្យ​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​ចំនួន​១៧០​ប្រកួតរួចមកហើយ និង​រក​គ្រាប់​បាល់បញ្ចូលទី​សរុប​ ៣១​គ្រាប់​។ សម្រាប់​ជម្រើសជាតិ​អង់គ្លេស Rashford បង្ហាញខ្លួន​បាន​៣២​លើក​៕

Tag:
 Marcus Rashford
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com