ជាតិ
អាមេរិក សង្ស័យថា កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​សង់​មូលដ្ឋានទ័ព​នៅ​សមុទ្រ​រាម ប៉ុន្តែ​សម្ដេច ទៀ បាញ់ បដិសេធ​
02, Jul 2019 , 11:58 am        
រូបភាព
​ភ្នំពេញ​៖ អាមេរិក សង្ស័យថា កម្ពុជា​អាច​អនុញ្ញាត​ឲ្យ​ចិន​សង់​មូលដ្ឋានទ័ព នៅ​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ក្រសួងការពារជាតិ​កម្ពុ​ជា បដិសេធថា កម្ពុជា​គ្មាន​គម្រោង​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន​ឈរជើង​នៅ​កម្ពុជា​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Nikkei Asian Review​។​


 
​ឧបការី​រង​ក្រសួងការពារជាតិ​អាមេរិក​ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និង​អាស៊ីអាគ្នេយ៍​លោក Joseph Felter បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា សម្ដេច ទៀ បាញ់ ដោយ​ដាក់​ការសង្ស័យថា ចិន​អាច​សង់​មូលដ្ឋានទ័ព​នៅ​កម្ពុជា ។ ក្នុង​លិខិត​នោះ លោក Felter បាន​សរសេរ​ពី​សកម្មភាព​របស់​ក្រសួងការពារជាតិ​កម្ពុ​ជាថា អាចមាន​គម្រោង​ធំៗ ដែល​បើកផ្លូវ​ឲ្យ​ចិន មាន​វត្ត​មាននៅ​មូលដ្ឋាន​ទ័ពជើងទឹក​ស​មុ​ទ្រ​រាម តាមរយៈ​សេនា​រី​យ៉ូ ដែល​ជាប់ទាក់ទង​នឹង​សន្តិសុខ​សំខាន់ៗ សម្រាប់​តំបន់​ដែល​ចិន​កំពុង​ព្យាយាម​ពង្រឹង​ឥទ្ធិពល​ខ្លួន​។​

ការសង្ស័យ​របស់​អាមេរិក​នេះ ធ្វើឡើង​ក្រោយពី​កម្ពុជា បានស្នើ​សុំ​ឲ្យ​អាមេរិក​ជួយ​ស្ថាបនា​ឡើងវិញ នូវ​អគារ​ទ័ព​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ខែមករា ដើមឆ្នាំ​២០១៩ នៅ​គ្រា​ដែល​លោក Felter បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ទីនោះ​។ 
 
​ប៉ុន្តែ​ក្រោយពី​កញ្ចប់​ថវិកា​របស់​អាមេរិក សម្រាប់​ជួយ​ស្ថាបនា​អគារ​ទ័ព​កម្ពុជា​នេះ ត្រូវបាន​អនុម័ត​កាលពី​ខែមេសា​នោះ ស្រាប់តែ​កម្ពុជា​បដិសេធ​សុំ​មិន​ទទួលយក​ជំនួយ​របស់​អាមេរិក​វិញ កាលពី​ខែមិថុនា​កន្លងមក​។ នេះ​ជាការ​បញ្ជាក់​របស់លោក Felter ដែល​សង្ស័យថា ការមិន​ព្រម​ឲ្យ​អាមេរិក​ជួយ​ស្ថាបនា​អគារ​ទ័ព​នេះ វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ចិន​។​
 
​សារព័ត៌មាន Nikkei Asian Review របស់​ជប៉ុន ដែល​បាន​ស្រង់​សម្តី​របស់​ឧបការី​រង​ក្រសួងការពារជាតិ​អាមេរិក ដែល​បាន​សរសេរ​លិខិតស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា បកស្រាយ​លើ​បញ្ហា​នេះ បាន​ចុះផ្សាយ​ដូច្នេះ​ថា​៖«​លិខិត​របស់​កម្ពុជា ចុះ​ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៩ ដែល​ត្រូវ​បានឃើញ​ទូទាំង​រដ្ឋាភិបាល​អាមេរិក​នេះ វា​ហាក់​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ខ្លាំង​ឡើង ចំពោះ​គោលការណ៍​ផ្លាស់ប្ដូរ​ចិត្ត​ភ្លាមៗ​របស់​កម្ពុជា ដែល​វា​អាចជា​សញ្ញា​នៃ​គម្រោង​ធំៗ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​សមុទ្រ​រាម ដែល​វា​អាចជា​ផ្នែក​មួយ ពាក់ព័ន្ធ​នឹង​ទីតាំង​កាន់កាប់​ដោយ​កងទ័ព​ចិន​»​។​

បន្ថែមពីនេះ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មានការ​កាត់​ស្មាន អំពី​ផែនការ​ទៅ​ពេលអនាគតរបស់​ប្រទេស​កម្ពុជា សម្រាប់​មូលដ្ឋាន​ជើង​ទឹក​រាម ដោយ​រួមមាន​លទ្ធភាព នៃ​ការអនុញ្ញាត​ឲ្យ​មាន​ទីតាំង​យោធា​របស់​ប្រទេស​ចិន​។​
 
អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក លោក Emily Zeeberg បាន​លើកឡើង​ដូច្នេះ​ថា​៖«​ដោយសារ​ប្រទេស​ចិន​មាន​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​ច្រើននៅ​កម្ពុជា រឿងនេះ​ពិតជា​គួរ​ឲ្យ​មាន​កង្វល់​។ រាល់​ជំហាន​ដែល​ធ្វើ​ឲ្យ​ខ្សោយ​ដល់​ឯករាជ្យភាពរបស់​ប្រទេស​កម្ពុជា ឬ​បើកទ្វារ​ចំហ​សម្រាប់​វត្តមាន នៃ​យោធា​បរទេស នៅ​កម្ពុជា គឺជា​កង្វល់​មួយ​យ៉ាង​ធំ សម្រាប់​សហរដ្ឋអាមេរិក ហើយ​អាច​គំរាមកំហែង​ដល់​ភាព​ទុកចិត្ត និង​ឥទ្ធិពល​ស្នូល​របស់​សមាគម​អាស៊ាន​»​។​
 
ជាមួយគ្នានេះអាមេរិក អំពាវនាវ​មេដឹកនាំ​កម្ពុជា រក្សា​ការប្តេជ្ញាចិត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ក្នុងការ​ប្រកាន់​យកន​យោ​បាយ​ការបរទេស​ឯករាជ្យ ហើយ​ការ​រពារ​យ៉ាងសកម្ម​នូវ​ឯករាជ្យភាព​របស់​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​
ប៉ុន្តែ​ការលើកឡើង​របស់អាមេរិកនេះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​កម្ពុជា បដិសេធថា គ្មាន​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ឡើយ​។ សម្ដេច ទៀ បាញ់ អះអាង​បន្ថែមថា កម្ពុជា​គ្មាន​គម្រោង​អនុញ្ញាត​ឲ្យ​ចិន សាងសង​មូលដ្ឋាន​នៅ​កម្ពុជា​នោះទេ​។​
 
«​មូលដ្ឋាន​ដែល​ត្រូវបាន​សាងសង​នោះ គឺ​សម្រាប់​កងទ័ព​កម្ពុជា​បំពេញការងារ ហើយក៏​គ្មាន​វត្តមាន​កងទ័ព​ចិន​កាន់កាប់​នៅក្នុង​មូលដ្ឋាន​នោះដែរ​»​។ នេះ​បើតាម​សារព័ត៌មាន Nikkei Asian Review របស់​ជប៉ុន ដែល​បាន​ស្រង់​សម្ដី​សម្ដេច ទៀ បាញ់​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់អាចទាក់ទង​មន្ត្រី​ក្រសួងការពារជាតិ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​ខាងលើ​នេះឡើយ​។​
 
​កាលពី​ចុងឆ្នាំ​២០១៨​កន្លងមក អាមេរិក ក៏​ធ្លាប់​សង្ស័យថា កម្ពុជា បើកផ្លូវ​ឲ្យ​ចិន​សាងសង់​មូលដ្ឋាន​ទ័ពជើងទឹក នៅ​ខេត្តកោះកុង​ផងដែរ​។ ដោយ​កាលណោះ​លោក ម៉ៃ ផេ​ន (Mike Pence) អនុ​ប្រធានាធិបតី​អាមេរិក ក៏បាន​ផ្ញើលិខិត​មួយ​ជូន​មក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្ហាញ​ក្តីកង្វល់​ជុំវិញ​បញ្ហា​នេះ​។ ឆ្លើយតប​ក្តី​ព្រួយបារម្ភ​នេះ សម្ដេច ហ៊ុន សែន ក៏បាន​ប្រកាស​ជា​សាធារណៈ រួមទាំង​សរសេរ​លិខិត​តប​ទៅ​លោក ម៉ៃ ផេ​ន វិញ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ពុំ​អនុញ្ញាត​ឲ្យ​កងទ័ព​បរទេស មិន​ថា​ជើងគោគ ជើង​ទឹក ឬ​ជើង​អាកាស មក​តាំង​មូលដ្ឋាន​លើទឹកដី​កម្ពុជា​ឡើយ​។​
 
​បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល បាន​អះអាង​ទៀតថា កម្ពុជា មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ការពារ​ខ្លួន ដូច្នេះ​មិនចាំបាច់​ត្រូវសុំ​អន្តរាគមន៍​ពី​កងទ័ព​បរទេស​នោះទេ​៕
 

Tag:
 ទៀ បាញ់​
  អាមេរិក​
  ចិន​
  សមុទ្រ​រាម
© រក្សាសិទ្ធិដោយ thmeythmey.com