កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ទិញ​បាន Kovacic ពី Real ទោះ​ជាប់​បម្រាម FIFA និង​កំពុង​ចរចា​យក Lampard ជំនួស Sarri
02, Jul 2019 , 3:56 pm        
រូបភាព
Chelsea ទិញយក​ខ្សែបម្រើ Mateo Kovacic ពី Real Madrid ដាច់​តែម្តង ក្នុងតម្លៃ ៤០ លាន​ផោន (៥០​លាន​ដុល្លារ​អាមេរិក​) បើ​ទោះ​ក្លិប​ស្ថិតក្រោម​ការពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ចូល​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ក៏ដោយ​។ ក្លិប​តោ​ខៀវ ក៏​កំពុង​ចរចា​ជាមួយ​លោក Frank Lampard ដើម្បី​មក​ជំនួស​តំណែង​លោក Maurizio Sarri ដែល​ផ្លាស់​ទៅ Juventus ផងដែរ​។​


 
Kovacic ខ្សែបម្រើ​សញ្ជាតិ​ក្រូ​អាស៊ី ដែល​លេង​ក្នុងនាម​កីឡាករ​ខ្ចី​ជើង​ពី Real បាន​ជួយ Chelsea ឈ្នះ​ពានរង្វាន់ Europa League នៅ​រដូវ​កាល​មុន និង​បាន​កៅអី​លេង Champions League រដូវ​កាល​ថ្មី​ខាងមុខ​។ ដោយសារ​បំពេញ​តួនាទី​នៅ​តំបន់​កណ្តាល​បានល្អ តោ​ខៀវ​ក៏​សម្រេច​ទិញយក​រូបគេ​ដោយ​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​។​
 
​មូលហេតុ​ដែល Chelsea អាច​ទិញ​ខ្សែបម្រើ​វ័យ​២៥​ឆ្នាំនេះ​បាន​ទាំង​ជាប់​បម្រាម​របស់ FIFA ដែល​ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​ចូលដល់​ឆ្នាំ​២០២០​នោះ ក៏​ដោយសារតែ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៏ បាន​ចុះឈ្មោះ Kovacic ក្នុង​បញ្ជី​របស់​ពួកគេ​រួចស្រេច​កាល​ខ្ចី​ពី Real Madrid ពោលគឺ​មុនពេល​ការដាក់ពិន័យ​ម្លេះ​។ 
 
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក FIFA បាន​ចោទប្រកាន់ Chelsea ជុំវិញ​ការទិញចូល​កីឡាករ​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​លើស​ចំនួន​កំណត់​។ ក្លិប​ក៏​កំពុង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​តុលាការ​អាជ្ញាកណ្តាល (CAS) ដែល​ពិន័យ​ខ្លួន​ដូច្នេះ​ដែរ​។​
 
Kovacic បានបង្ហាញ​ខ្លួន​៣២​ប្រកួត​នៅ Premier League ដូ​វ​កាល​មុន​ខណៈដែល Chelsea ស្ថិតក្រោម​ការដឹកនាំរ​បស់​អ្នកចាត់ការ​ទូទៅ Maurizio Sarri​។ ក្រោយ​ដឹកនាំ​បាន​មួយឆ្នាំ គ្រូ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បានសម្រេច​ចាកចេញ​ទាំង​នៅសល់​កិច្ចសន្យា​២​ឆ្នាំ ដើម្បី​ទៅ​ចូលរួម​ជាមួយ​សេះបង្កង់ Juventus វិញ​។​
 
​សម្រាប់​តំណែង​អ្នកចាត់ការ​ដែល​នៅ​ទំនេរ Chelsea រំពឹងថា នឹង​នាំយក​អតីត​កីឡាករ​ឆ្នើម​របស់ខ្លួន លោក Frank Lampard ដែល​បច្ចុប្បន្ន​ជា​អ្នកចាត់ការ Derby County នៃ​លី​គ​លំដាប់​ទី​២​អង់គ្លេស Championship មក​ស្នង​តំណែង​លោក Sarri ឆាប់ៗ​នេះ​។​
 
​បើតាម​ការផ្សាយ​របស់ BBC នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩ Lampard វ័យ​៤១​ឆ្នាំ សុខចិត្ត​អវត្តមាន​អំឡុងពេល​ហ្វឹកហាត់​របស់ Derby ដើម្បី​ធ្វើដំណើរ​ទៅ​ចរចា​ជាមួយ Chelsea អំពី​តំណែង​អ្នកចាត់ការ​ទូទៅ​នេះ​៕

Tag:
 Mateo Kovacic
  Frank Lampard
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com