ជាតិ
សេដ្ឋកិច្ច
ព្រលានយន្តហោះ កងកេង បើក​ជើងហោះហើរ​ត្រង់​ទៅ​ថៃ ដើម្បី​ទាញ​ភ្ញៀវទេសចរ​ថៃ និង​ចិន​បន្ថែមទៀត​
02, Jul 2019 , 8:19 pm        
រូបភាព
ជើងហោះហើរដំបូង ព្រះសីហនុ បាងកក (រូបភាពពីរដ្ឋមន្ត្រីព័ត៌មាន)
ជើងហោះហើរដំបូង ព្រះសីហនុ បាងកក (រូបភាពពីរដ្ឋមន្ត្រីព័ត៌មាន)
​ភ្នំពេញ​៖ ព្រលានយន្តហោះ​អន្តរជាតិ កងកេង បានដាក់​ឲ្យ​ដំណើរការ​ជើងហោះហើរ​ត្រង់​ទៅ​ប្រទេស​ថៃ (​ព្រះសីហនុ​-​បាងកក​) កាលពី​ថ្ងៃទី​១ កក្កដា​នេះ ដើម្បី​ជួយ​ជំរុញ​កំណើន​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។

 
​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជើងហោះហើរ​ត្រង់​ថ្មី​នេះ នឹង​ជួយ​លើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​ថៃ ឲ្យ​កាន់តែ​រីកចម្រើន​។ ជាពិសេស​ស្រូបយក​ភ្ញៀវទេសចរ​ចិន ដែល​ឆ្លងកាត់​តាម​ប្រទេស​ថៃ​។ «​ទីមួយ​ភ្ញៀវ​ទេចរ​ថៃ និង​ខ្មែរ​, ទី​២ ភ្ញៀវ​ទេចរ​ចិន ព្រោះ​ចិន​មួយចំនួន​គាត់​មកលេង​សិង្ហ​បុរី ហើយ​បាន​គាត់​មក​ខ្មែរ​។ ប៉ុ​ន្ថែ​មាន​ចិន​មួយចំនួន​ទៅ​បាងកក​ហើយ បាន​មកលេង​ស្រុក​ខ្មែរ ដូច្នេះ​គាត់​ចង់ promote ទេសចរ​ចិន​ដែល​ភាគច្រើន​នៅ​ថៃ ព្រោះ​គេ​មាន​កញ្ចប់​ទេសចរណ៍​មក​ស្រុកថៃ​ហើយនឹង​បន្ត​មក​ស្រុក​ខ្មែរ​»​។ នេះ​ការលើកឡើង​របស់លោក ស៊ិន ចាន់​សិរី​វុត្ថា​។​
 
​ជើងហោះហើរ​ត្រង់​រវាង​ព្រលានយន្តហោះ កងកេង និង​ដន​មឿង​របស់​ថៃ​នេះ គឺត្រូវធ្វើ​ដំណើរ​៤​ជើង​ក្នុង​មួយ​សប្ដាហ៍ តាមរយៈ​ក្រុមហ៊ុន Thai AirAsia ។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Cambodia Airport​។​
 
​កន្លងមក​ព្រលានយន្តហោះ​កងកេង មាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចំនួន​៣ គឺ​វៀតណាម ម៉ាឡេស៊ី និង​ចិន​។​
 
​គួររម្លឹកថា រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​តាមផ្លូវ​អាកាស​ឲ្យ​បាន​កើន​ដល់ ៣០​លាន​នាក់ នា​ឆ្នាំ​២០៣០ ខាងមុខនេះ​។ ព្រលានយន្តហោះ​អន្តរជាតិ កងកេង មាន​ទំហំ​ធំ​ដែល​អាច​ឲ្យ​យន្តហោះ​ខ្នាត​ធំៗ​(​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី​៣០០ ទៅ​៣៥០​នាក់​)​អាច​ចុះចត​បាន​ផងដែរ​៕ 
 

Tag:
 Thai Air Asia
© រក្សាសិទ្ធិដោយ thmeythmey.com