កីឡាជាតិ
ជាតិ
Booysen Shane និង Dzarma Bata ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​
02, Jul 2019 , 9:39 pm        
រូបភាព
កីឡាករ Dzarma Bata (ឆ្វេង) និង Booysen Shane ចូលរួមជាមួយភ្នំពេញក្រោន, រូបពីក្លិបភ្នំពេញក្រោន
កីឡាករ Dzarma Bata (ឆ្វេង) និង Booysen Shane ចូលរួមជាមួយភ្នំពេញក្រោន, រូបពីក្លិបភ្នំពេញក្រោន
ដោយ:
​កីឡាករ​អាហ្វ្រិក​ខាងត្បូង Booysen Shane បាន​ត្រឡប់​ទៅ​រួមរស់​ជាមួយ​ទ្រនំ​ចាស់​ភ្នំពេញ​ក្រោ​ន ក្រោយ​ចែកផ្លូវ​គ្នា​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Dzarma Bata ដែល​ទើប​ចែកផ្លូវ​ជាមួយ​ក្រសួងការពារជាតិ ក៏​ចូលរួម​ជាមួយ​ក្លិប​ជើងឯក​សម័យកាល​នេះដែរ​។ ភ្នំពេញ​ក្រោ​ន​រំពឹង​វត្តមាន​កីឡាករ​ទាំងពីរ ចូលរួមចំណែក​ជួយ​បំពេញ​ចំណុច​ខ្វះខាត​របស់​ក្លិប​ឲ្យ​កាន់តែ​ប្រសើរ​នៅ​ជើង​ទី​២​។​

 
​ខ្សែប្រយុទ្ធ Booysen Shane ដែល​ធ្លាប់​ចំណាយពេល​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន​ពី​ឆ្នាំ​២០១៥-២០១៧ បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប​នេះ​វិញ​ហើយ នៅ​ជើង​ទី​២​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​នេះ​។ ការ​ត្រឡប់​មករក​ទ្រនំ​ចាស់​របស់​កីឡាករ​រូបនេះ បន្ទាប់ពី​រូបគេ​ចែកផ្លូវ​គ្នា​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រោយ​រួមរស់​បាន​ពាក់កណ្តាល​រដូវ​កាល​។ មុន​ផ្ទេរ​មក​ក្លិប​ប៉ូលិស​នៅ​រដូវ​កាល​ឆ្នាំ​២០១៩ រូបគេ​ធ្លាប់​លេង​ឲ្យ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​រដូវ​កាល​ឆ្នាំ​២០១៨​។ 
 
​ជាមួយគ្នានេះ កីឡាករ​ពោរពេញ​ដោយ​បទពិសោធ Dzarma Bata ដែល​ទើប​ចែកផ្លូវ​ជាមួយ​ក្រសួងការពារជាតិ ក៏បាន​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​ជើង​ទី​២​រដូវ​កាល​នេះដែរ​។ សម្រាប់​ការរួមរស់​ពាក់កណ្តាល​រដូវ​កាល ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា​រូបនេះ បាន​ក្លាយជា​ក្លាយជា​កីឡាករ​រក​គ្រាប់​បាន​ច្រើនជាងគេ​ប្រចាំ​ក្លិប បន្ទាប់ពី​រូបគេ​សម្រេចបាន​១៣​គ្រាប់​ម្នាក់ឯង​ក្នុង​ជើង​ទី​១​។
 
Bata បានមក​ប្រកប​អាជីព​បាល់ទាត់​លើទឹក​ដី​កម្ពុ​ជាដំបូង​ក្នុងអំឡុង​ឆ្នាំ​២០១៤ ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​រូបគេ​បាន​ក្រសោប​យក​ស្បែកជើង​មាស​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​រដូវ​កាលនោះ​តែម្តង​។ កីឡាករ​រូបនេះ ក៏​ធ្លាប់​លេង​ឲ្យ​ក្លិប​បឹងកេត អង្គ​រថា​យ​ហ្គឺ​រ អាស៊ី​អឺរ៉ុប និង​សូល​ទី​ឡូ​អង្គរ​ផងដែរ​៕  
 

Tag:
 ភ្នំពេញ​ក្រោ​ន​
  Booysen Shane
  Dzarma Bata
© រក្សាសិទ្ធិដោយ thmeythmey.com