កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ Messi បន្តខកចិត្ត ក្រោយអាហ្សង់ទីនហាលអាវ ដោយសារប្រេស៊ីល កីឡករប្រេស៊ីលអបអរគ្រាប់បញ្ចូលទីរបស់ Gabriel Jesus ខណៈអាហ្សង់ទីនរបស់ Messi បន្តរងការខកចិត្ត។ រូបថត AFP
× ប្រេស៊ីលបានយកឈ្នះអាហ្សង់ទីន ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa America ឆ្នាំ២០១៩ នៅកីឡដ្ឋាន Estadio Mineirao នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា នេះ [ម៉ោងនៅកម្ពុជា]។ Gabriel Jesus ស៊ុតបាល់បញ្ចូលទីនៅនាទី១៩ ហើយ Roberto Firmino បន្ថែមគ្រាប់ទី២នៅនាទី៧១។ កីឡាករដែលលេងនៅក្របខណ្ឌ Premier League ទាំងពីរនាក់នេះ បានបញ្ចូនបាល់ឲ្យគ្នាស៊ុតទៅវិញទៅមក។
ប្រេស៊ីលទទួលបានឱកាសឡើងទៅដណ្តើមពានប្រចាំទ្វីបអាមេរិកឡាទីន ជាលើកទី៩ ដោយលើកចុងក្រោយបំផុត ពួកគេទទួលបាននៅឆ្នាំ២០០៧ ក្រោយឈ្នះអាហ្សង់ទីន ៣-០ នៅវេណេស៊ុយអេឡា។ ក្រុមម្ចាស់ផ្ទះមួយនេះ រង់ចាំមើលជំនួបរវាងស៊ីលី និងប៉េរូ នាម៉ោង៧ និង៣០នាទី ព្រឹកស្អែកនេះ [ម៉ោងនៅកម្ពុជា]។
ដោយឡែកអាហ្សង់ទីន បន្តទទួលរងនូវការខកចិត្ត ដែលមិនអាចទៅប្រជែងយកឈ្នះពានជាលើកទី១៥ ដោយចុងក្រោយបំផុតពួកគេទទួលតាំងពីឆ្នាំ១៩៩៣មក ក្រោយឈ្នះម៉ិកស៊ិក ២-១ នៅទឹកដីអេក្វាឌ័រ។
នេះជាការកំណត់ត្រាដ៏ខកចិត្តមួយផងដែរ សម្រាប់ខ្សែប្រយុទ្ធ Lionel Messi ដោយរូបគេមិនអាចសង្គ្រោះអាហ្សង់ទីន បាន បន្ទាប់ពីការសម្រេចចូលរួមជាមួយក្រុមជម្រើសជាតិវិញ។ Messi បានជោគជ័យដ៏ធំធេងជាមួយ Barcelona ប៉ុន្តែមិនធ្លាប់លើកពានធំណាមួយជាមួយអាហ្សង់ទីនឡើយ ក្រោយពីឈ្នះមេដាយមាសអូឡាំពិកកាលពីឆ្នាំ២០០៨។
កាលពី៣ឆ្នាំមុន ស៊ីលីបានក្លាយជាម្ចាស់ការពារតំណែងជើងឯក ក្រោយឈ្នះអាហ្សង់ទីន ៤-២ ដោយប៉ាល់ប៉េណាល់ទីសម្រេចក្តី ខណៈការប្រកួត១២០នាទី គ្មានការស៊ុតបញ្ចូលទីនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com