ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្នុង​កម្រិត​មធ្យម “​ខ្នុរ​” ជួយ​ទប់ស្កាត់​ជំងឺ​ជាច្រើន រួមទាំង​មហារីក​
04, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្នុរ ជា​ផ្លែឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ឈ្ងុយ​នៅពេល​ទុំ ហើយ​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ទទួលទាន​ផ្លែឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ទេ​ថា ខ្នុរ​អាច​ផ្ដល់​ឥទ្ធិពល​វិជ្ជមាន​គួរឱ្យភ្ញាក់ផ្អើល​ចំពោះ​សុខភាព​រាងកាយ​។



ថ្ងៃនេះ​យើង​នឹង បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការទទួល​ទាន​ផ្លែ​ខ្នុរ​ក្នុង​កម្រិត​មធ្យម ៖
 
១. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​នោះ​ក៏​ព្រោះតែ​ខ្នុរ​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប​និង​គ្មាន​ជាតិ​ខ្លាញ់ ប៉ុន្តែ​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ខ្ពស់​។ ដូច្នេះហើយ​ទើប​អ្នក​ចង់​សម្រក​ទម្ងន់​អាច​រួមបញ្ចូល​ផ្លែឈើ​នេះ​ក្នុង​របប​អាហារ​បាន​។​
 
២. សុខភាព​ឆ្អឹង​
 
​ផ្លែ​ខ្នុរ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែល​ជួយ​ពង្រឹង និង​លើកកម្ពស់​សុខភាព​ឆ្អឹង​ល្អ​រឹងមាំ​ទប់ស្កាត់​បញ្ហា​ឆ្អឹង​ផ្សេងៗ រួមទាំង​ជំងឺ​ពុក​ឆ្អឹង​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង និង​កាត់បន្ថយ​ការបាត់បង់​ជាតិ​កាល់ស្យូម​តាមរយៈ​តម្រងនោម​ផងដែរ​។​
 
៣. បង្កើន​ថាមពល​រាងកាយ​តាមបែប​ធម្មជាតិ​
 
​ផ្លែ​ខ្នុរ​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ fructose និង sucrose ដែល​ផ្ដល់នូវ​អ្នក​នូវ​ថាមពល​បន្ថែម​ភ្លាមៗ​។​
 
៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ខ្នុរ ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទប់ស្កាត់​ប្រឆាំងនឹង​រោគ​ឆ្លង​ផ្សេងៗ​គួរឱ្យកត់សម្គាល់​ផងដែរ​។​

៥. សុខភាព​ស្បែក​
 
​នោះ​ក៏​ព្រោះតែ​ខ្នុរ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A ដែល​មិន​ត្រឹមតែ​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រសើរ​ចំពោះ​ស្បែក​ផងដែរ​ដោយ​វា​ជួយ​បង្កើន​ការផលិត​កោសិកា​ស្បែក​។​
 
៦. បង្កើន​ការរំលាយ​អាហារ​
 
​ផ្លែ​ខ្នុរ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ dietary ដែល​ជួយ​បង្កើន​ការរំលាយ​អាហារ និង​ទប់ស្កាត់​បញ្ហា​ទល់លាមក​បាន​យ៉ាង​ប្រសើរ​។​

៧. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​នោះ​ក៏​ព្រោះតែ​ផ្លែ​ខ្នុរ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន  B6 ដែលមាន​ប្រសិទ្ធិភាព​កាត់បន្ថយ​កម្រិត homocystei ក្នុង​ឈាម​។ Homocystein ជា​សារធាតុ​ដែល​បង្កបញ្ហា​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​។​
 
៨. គ្រប់គ្រង​សម្ពាធ​ឈាម​
 
​ខ្នុរ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ហើយ​ការរក្សាបាន​នូវ​សម្ពាធ​ឈាម​ប្រក្រតី​នឹងធ្វើ​ឱ្យ​អ្នក​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​, ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​លើស​សម្ពាធ​ឈាម​។​
 
៩. ទប់ស្កាត់​ជំងឺមហារីក​
 
​ខ្នុរ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ phyto-nutrients ដែលមាន​ប្រសិទ្ធិភាព​ទប់ស្កាត់​ជំងឺមហារីក​តាមរយៈ​ការ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជំងឺ​ចេញពី​រាងកាយ​។​
 
១០. បង្កើន​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
 
​នោះ​ក៏​ព្រោះតែ​ខ្នុរ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​ទង់ដែង​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ជួយ​ដល់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក្នុងការ​ផលិត​និង​ស្រូបយក​អ័រម៉ូន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com