ពីនេះ ពីនោះ
៧ជាន់នៃភាពអាប់ឱនរបស់មនុស្ស
× មនុស្សជាអ្នកសាងសង់អគារ តែមនុស្សក៏ជាអ្នកធ្វើឲ្យអគាររលំដែរ។ ក្នុងសំណង់អគារមួយ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធនឹងការសាងសង់ គួរចៀសវាងចំណុចអវិជ្ជមានចំនួន៧ខាងក្រោម ដែលអាចបង្កឲ្យមានភយន្តរាយ ដូចពេលកន្លងទៅនៅក្រុងព្រះសីហនុ។
ជាន់ទី១ នៃភាពលោភលន់៖ គេសង់សំណង់ឲ្យលឿន ដើម្បីឆាប់ចប់ និងឆាប់បានលុយ
ជាន់ទី២ នៃការបោកប្រាស់៖ គេកាត់បន្ថយបរិមាណគ្រឿងសំណង់ និងគុណភាព ដើម្បីកាត់បន្ថយចំណាយឲ្យអស់តិច
ជាន់ទី៣ នៃការគិតបែបមនុស្សខូច៖ គេមិនចង់គោរពវិធាន ក្បួន ច្បាប់ អ្វីទាំងអស់
ជាន់ទី៤ នៃភាពឆ្មើងឆ្មៃ៖ ពួកគេគិតថា ប្រើលុយ គឺអាចទិញច្បាប់ លក្ខន្តិកៈ នានាបាន
ជាន់ទី៥ នៃភាពមិនទទួលខុសត្រូវ៖ គេមិនខ្វល់ថាមានហេតុការណ៍អាក្រក់អ្វីកើតឡើងឡើយ
ជាន់ទី៦ នៃភាពមើលស្រាល៖ មិនខ្វល់ពីការផ្ចិតផ្ចង់លើគ្រឹះនៃសំណង់ទេ តែខ្វល់តែពីការលម្អខាងក្រៅ
ជាន់ទី៧ នៃអមនុស្សធម៌៖ គេមើលងាយជីវិតកម្មករសំណង់ដែលពួកគេកំពុងប្រើប្រាស់
ចុងក្រោយ អគារ៧ជាន់នេះបានបាក់រលំ ដោយគ្មានបន្សល់អ្វីក្រៅពីទឹកភ្នែករបស់ក្រុមគ្រួសារ ការកាន់ទុក្ខ ចំពោះសពទាំង២៨នាក់។
តាមពិត អ្នកណាក៏ដឹងដែរថា អ្វីៗអាស្រ័យលើតែស្នាដៃរបស់មនុស្ស។ បើស្នាដៃមនុស្សត្រឹមត្រូវ និងចំណាន អគារក៏មិនរលំដែរ។ បើយើងគិតបែបសុទិដ្ឋិនិយម យើងអាចនិយាយថា បើឋាននរកទាំងនោះ វាបង្កឡើងដោយសារតែស្នាដៃមនុស្ស ហេតុដូចនេះ ចូរមនុស្សកុំបង្កើតឲ្យមានឋាននរកទៅ ?
© រក្សាសិទ្ធិដោយ thmeythmey.com