World Cup នារី​៖ ម្ចាស់ការពារ​ជើងឯក​អាមេរិក​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​អង់គ្លេស ២-១
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ ម្ចាស់ការពារ​ជើងឯក​អាមេរិក​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​អង់គ្លេស ២-១
03, Jul 2019 , 11:37 am        
រូបភាព
រូបភាព៖ FIFA
រូបភាព៖ FIFA
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​នារី​អាមេរិក​បាន​យកឈ្នះ​អង់គ្លេស ២-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ FIFA Women's World Cup ឆ្នាំ​២០១៩ នៅ​រាត្រី​ថ្ងៃទី​២ ខែកក្កដា​។ អាមេរិក​ត្រូវ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ការពារ​តំណែង​ជើងឯក​របស់ខ្លួន បន្ទាប់ពី​លើក​ពាន​នេះ​កាលពី​៤​ឆ្នាំមុន​។​


 
​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​រវាង​អេ​មេ​រិ​ក និង​អង់គ្លេស​សរុប​៣​គ្រាប់ គឺ​កើតឡើង​នៅ​តង់​ទី​១​ទាំងអស់​។ ខ្សែប្រយុទ្ធ Christen Press ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ​អាមេរិក​នៅ​១០​នាទី​ដំបូង​នៃ​វគ្គ​ទី​១ មុនពេល Ellen White វាយបក​តាម​ស្មើ​សម្រាប់​អង់គ្លេស​វិញ​នៅ​៩​នាទី​បន្ទាប់​។ ១១​នាទី​បន្ទាប់មកទៀត ពោលគឺ​នៅ​នាទី​៣១ ខ្សែប្រយុទ្ធ​ឆ្នើម Alex Morgan បានសម្រេច​គ្រាប់​ជ័យជម្នះ​ឲ្យ​អាមេរិក​ដើម្បី​យកឈ្នះ​អង់គ្លេស​ក្នុង​លទ្ធផល ២-១​។​


 
​អាមេរិក​ដែលជា​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ផ្នែក​នារី​ច្រើនជាងគេ​ចំនួន​៣​ដង នឹងត្រូវ​បន្តទៅ​ស្វែងរក​កំណត់ត្រា​ថ្មី​ជា​លើក​ទី​៤​របស់ខ្លួន​នៅលើ​ទឹកដី​បារាំង​សម្រាប់​ឆ្នាំ​២០១៩​នេះ​។ ម្ចាស់​ការពារ​តំណែង​ជើងឯក​ចាស់​នេះ ត្រូវ​រង់ចាំ​មើល​ជំនួប​រវាង​ហូ​ឡង់ និង​ស៊ុយអែត នៅ​ថ្ងៃទី​៤ ខែកក្កដា នា​វេលា​ម៉ោង​២:០០​នាទី​អា​ធ្រា​ត្រ  [​ម៉ោង​នៅ​កម្ពុជា​] ដើម្បី​ទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​សម្រាប់​អង់គ្លេស នេះ​ជាការ​ខកចិត្ត​សារជាថ្មី​ក្នុង​ការនាំ​ក្រុម​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ជា​លើកដំបូង​។ កំណត់ត្រា​ល្អ​បំផុត​របស់​ក្រុម​រហស្សនាម​តោ​កំណាច​គឺ​ពួកគេ​ទទួលបាន​ចំណាត់ថ្នាក់​ទី​៣​ម្តង​ប៉ុណ្ណោះ​កាលពី​ឆ្នាំ ២០១៥៕


 

Tag:
 បាល់ទាត់​
  World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com