ជាតិ
ត្រីល្អិតៗ មានប្រយោជន៍ចំពោះសុខភាពជាងត្រីធំៗ បួនដង
× យោងតាមការសិក្សាស្រាវជ្រាវមួយ នៅប្រទេសបង់ក្លាដេស បានរកឃើញថា ពពួកត្រីទឹកសាបល្អិតៗ ដែលមានដងខ្លួនអតិបរមារហូត២៥សង់ទីម៉ែត្រ គឺមានផ្ទុកទៅដោយ សារធាតុចិញ្ចឹមសំខាន់ៗ ច្រើនជាងត្រីធំៗ បួនដង។
សារធាតុចិញ្ចឹមសំខាន់ៗទាំងនោះ មានដូចជា៖ នៅត្រង់ភ្នែក មានវីតាមីនអា ចំនួន៥៣% នៅត្រង់ផ្នែកពោះ ៣៩% នៅផ្នែកក្បាល ៧% នៅផ្នែកកន្ទុយត្រី ១%។ ពពួកត្រីទឹកសាបល្អិតៗ
ទាំងនោះមានដូចជា ត្រីចង្វា (Lobocheilos melanotaenia) ឬ (Esomus spp.) ត្រីក្រឹមទន្សាយ (Trichopsis pumila) ត្រីខ្នងវែង (Labiobarbus leptocheilus) ត្រីឆ្ពិន (Barbonymus spp.) ត្រីគល់ព្រិច (Neolissochilus spp.) ត្រីក្រុស (Poropuntius spp.)ព្រមទាំងត្រីល្អិតៗ ជាច្រើនប្រភេទទៀត។ ប្រជាជនខ្មែរភាគច្រើន និយមកាត់ក្បាលត្រីល្អិតៗចោល មុននឹងយកទៅធ្វើម្ហូប។
យោងតាមការសិក្សានេះបានបញ្ជាក់ថា ការចម្អិនត្រីល្អិតៗធ្វើម្ហូប ដោយមិនកាត់វាក្បាលចោល នោះនឹងអាចរក្សាបាននូវកម្រិតជាតិដែក ២៥% កាល់ស្យូម ៥៨% និងស័ង្កសី ៥៣% ។ ធាតុចិញ្ចឹមក្នុងខ្លួនត្រីល្អិតៗ នឹងកើនឡើង បើយើងអនុវត្តរបៀបចម្អិនឲ្យបានត្រឹមត្រូវ ដោយផ្សំជាមួយបន្លែ ប្រេងឆា ឬ ខ្លាញ់សមល្មម ដើម្បីឲ្យរាងកាយងាយបឺតស្រូបយកសារធាតុចិញ្ចឹមទាំងនោះបានល្អ។
គួរបញ្ជាក់ថា សារធាតុចិញ្ចឹមសំខាន់ៗ ឯទៀតនៅក្នុងខ្លូនត្រីល្អិតៗ មានដូចជា ៖ សារធាតុប្រូតេអ៊ីន ជួយធ្វើឲ្យរាងកាយលូតលាស់បានល្អ សារធាតុកាល់ស្យូម ជួយធ្វើឲ្យឆ្អឹងរឹងមាំ ជីវជាតិអា ជួយការពារជំងឺខ្វាក់មាន់ សារធាតុស័ង្កសី ជួយបង្កើនប្រព័ន្ធការពាររាងកាយ និងសារធាតុ
ជាតិដែក ជួយការពារភាពស្លេកស្លាំង។
© រក្សាសិទ្ធិដោយ thmeythmey.com