កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ អ្នកចម្រៀង​ដ៏​ល្បី​ម្នាក់ សន្យា​ឲ្យ​កីឡាករ​ប៉េ​រូ​ថើប​ម្នាក់​១​ខ្សឺត បើ​ឈ្នះ​ស៊ី​លី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​
03, Jul 2019 , 9:19 pm        
រូបភាព
​តារា​សម្តែង និង​ជា​អ្នកចម្រៀង​ដ៏​ល្បីល្បាញ​ម្នាក់​របស់​ប៉េ​រូ​នាង Stephanie Cayo នឹង​ផ្តល់​ឲ្យ​កីឡាករ​បាល់ទាត់​ប៉េ​រូ​ទាំងអស់​ថើប​ម្នា​ក់មួយ​ខ្សឺត ដើម្បី​ជាការ​លើកទឹកចិត្ត ប្រសិនបើ​ពួកគេ​អាចជួយ​ក្រុម​ជម្រើសជាតិ​យកឈ្នះស៊ី​លី ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa America ឆ្នាំ​២០១៩​។​


 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉េ​រូ នឹងត្រូវ​តទល់​ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ស៊ី​លី ដើម្បី​ប្រជែង​គ្នា​ឡើងទៅ​ជួប​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ សម្រាប់​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ធ្វើឡើង​នៅ ព្រឹក​ថ្ងៃទី​៤ ខែកក្កដា វេលា​ម៉ោង ៧:៣០​នាទី [​ម៉ោង​នៅ​កម្ពុជា​] នោះ​ត្រូវបាន​គេ​រំពឹងថា ប៉េ​រូ​មាន​ភាគរយ​តិច​ណាស់​ក្នុងការ​យកឈ្នះ​ស៊ី​លី​។​


 
​ប៉ុន្តែ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅមុន​ជំនួប​រវាង​ក្រុម​ទាំង​ពីនេះ​។ តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព Stephanie Cayo បានប្រកាស​នៅ​ថ្ងៃទី​៣ ខែកក្កដា ដោយ​សន្យាថា​នឹង​ឲ្យ​កីឡាករ​ប៉េ​រូ​ថើប​ថ្ពាល់​ម្នាក់​ម្តង ដើម្បី​ផ្តល់​ការលើកទឹកចិត្ត​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់​នាង​យកឈ្នះ​ស៊ី​លី​ឡើងទៅ​ជួប​ប្រេ​ស៊ី​ល​។ នាង​បញ្ជាក់ថា នេះ​ជាការ​រួមចំណែក​ជួយ​ប្រទេស​របស់​នាង​។ 
 
Stephanie វ័យ​៣១​ឆ្នាំ ដែលជា​តារា​សម្តែង​ផង អ្នកចម្រៀង អ្នកនិពន្ធ​បទ​ចម្រៀង និង​ជាតា​រា​ម៉ូ​ឌែ​ល​ផង​នោះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់​នាង​ថា​៖«​ខ្ញុំ​ចង់​ផ្តល់​ការ​ថើប​ទៅ​ក្រុម​កីឡាករ​ជម្រើសជាតិ​ប៉េ​រូ​។ ខ្ញុំ​និយាយ​មែន ហើយ​សន្យា​ផ្តល់​ការ​ថើប​ឲ្យ​ពួកគេ ប្រសិនបើ​ប៉េ​រូ​អាច​យកឈ្នះ​ស៊ី​លី​បាន​»​។ សារ​ដ៏​រំភើប​នេះ​មាន​អ្នក​ចុច Like ៨​ពាន់​នាក់ និង​មាន​អ្នកចូលរួម​ផ្តល់​មតិយោបល់​ចំនួន​៧​ពាន់​នាក់​។​
 
 
​ប៉េ​រូ​ធ្លាប់​លើក​ពានរង្វាន់​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​នេះ ពីរលើក​រួចមកហើយ ក្នុង​ឆ្នាំ​១៩៣៩ និង​១៩៧៥ ហើយ​នេះ​ក៏​ជា​លើក​ទី​៣​ផងដែរ ដែល​ពួកគេ​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​សម្រាប់​ព្រឹត្តិការណ៍​៤​លើកចុងក្រោយ​។​
 
​សម្រាប់​គូប្រជែង​ស៊ី​លី​វិញ ពួកគេ​ជា​ក្រុម​ដែល​ត្រូវការពារ​តំណែង​ជើងឯក​នេះ និង​ជា​ម្ចាស់​ពាន Copa America ចំនួន​ពីរលើក​ដូច​ប៉េ​រូ​ដែរ​៕
 


Tag:
 Copa America
  Stephanie Cayo
  ប៉េ​រូ​
© រក្សាសិទ្ធិដោយ thmeythmey.com