អត្ថបទពាណិជ្ជកម្ម
មូលនិធិ​ព្រូ​ដិ​នស៍ និង​មូលនិធិ​បណ្ដាញ​សប្បុរសធម៌​អាស៊ី ប្រកាស​ម្ចាស់​ជ័យលាភី​ការប្រកួត​គំនិត​ច្នៃប្រឌិត​បច្ចេកវិទ្យា​សម្រាប់​គ្រោះមហន្តរាយ​
03, Jul 2019 , 5:11 pm        
រូបភាព
ដោយ: ថ្មីៗ
​សិង្ហ​បុរី ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩៖​មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍ របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​អាស៊ី និង​មូលនិធិ​បណ្ដាញ​សប្បុរសធម៌​អាស៊ី (AVPN) ដែលជា​បណ្ដាញ​ម្ចាស់​មូលនិធិ​មាន​ការិយាល័យ​ក្នុងប្រទេស​សិង្ហ​បុរី និង​មានការ​ប្ថេ​ជ្ញា​ចិត្ត​ក្នុងការ​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បានប្រកាស​ម្ចាស់​ជ័យលាភី ក្នុងការ​ប្រកួតប្រជែង​គំនិត​ច្នៃប្រឌិត​បច្ចេកវិទ្យា​សម្រាប់​គ្រោះមហន្តរាយ​ជា​លើកដំបូង​របស់ខ្លួន​។ ការប្រកួតប្រជែង​នេះ គឺជា​ដំណាក់កាល​ដ៏​សំខាន់ នៃ​កម្មវិធី​គំនិត​ច្នៃប្រឌិត​បច្ចេកវិទ្យា សម្រាប់​គ្រោះមហន្តរាយ​លើកដំបូង ក្នុងការ​លើកកម្ពស់​សារៈសំខាន់ នៃ​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ការពារ និង​សង្គ្រោះ​អាយុជីវិត  នៅមុន​ពេល  កំឡុងពេល និង​ក្រោយពេល​មាន​គ្រោះមហន្តរាយធម្មជាតិ​ឬ​ហៅ​កាត់​ថា «​បច្ចេកវិទ្យា​បង្កា​គ្រោះមហន្តរាយ​»​។​
 
​បន្ទាប់ពី​មានការ​ប្រកាស​ស្វែងរក​បេក្ខភាព​ពី​ទូទាំង​ពិភពលោក កាលពីដើម​ឆ្នាំនេះ  ការប្រកួត​ជែង​បាន​ឈានដល់​វគ្គ​បញ្ចប់ ក្នុង​ព្រឹត្តិ​ការផ្សាយ​ផ្ទាល់​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ដែលមាន​បេក្ខជន​ចូលរួម​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន ៥ រូប មកពី​ទូទាំង​ពិភពលោក ។ បេក្ខភាព​ទាំង ៥ មាន​មកពី​អង្គការ​ស្វែងរក​ប្រាក់ចំណេញ និង​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ សម្រាប់​គោលបំណង​សង្គម និង​ដែល​ហៅ​កាត់​ថា (SPOs)  បាន​ប្រកួតប្រជែង​ដោយផ្ទាល់ និង​នៅ​ចំពោះមុខ​ក្រុម​អ្នកជំនាញ ដែលជា​គណៈកម្មការ​វិនិច្ឆ័យ​។ 
 
​ដោយមាន​ការអនុវត្ត​គម្រោង​មួយចំនួន ក្នុង​ទីផ្សារ​ដូចជា កម្ពុជា  ឥណ្ឌូណេស៊ី  នេ​ប៉ាល់  បង់​ក្លា​ដែ​ស  ហ្វីលីពីន  និង​តៃវ៉ាន់  បេក្ខជន​ទាំងនោះ បានបង្ហាញ​ពី​របៀប​ដែល​ពួកគេ នឹង​ប្រើ​ដំណោះស្រាយ​បច្ចេកវិទ្យា​ឲ្យ​បាន​ច្រើន​បំផុត  សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ និង​ស្ដារឡើងវិញ ក្រោយពី​គ្រោះមហន្តរាយ​នៅក្នុង​តំបន់​។​


 
​អង្គការ FieldSight ទទួលបាន​ចំណាត់​ថ្នាក់ទីមួយ ជាមួយនឹង​កម្មវិធី​តា​ម​ទូរស័ព្ទ​របស់ខ្លួន ដែល​ជួយ​គាំទ្រ​ដល់​សកម្មភាព​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ ក្រោយពេល​មាន​គ្រោះមហន្តរាយ​កើតឡើង  ដោយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ១០ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត និង​បង្កើន​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​គ្រោះមហន្តរាយ​។​
 
​លោក Justin Henceroth នាយក​អង្គការ  FieldSight បាន​មានប្រសាសន៍ថា គ្រោះមហន្តរាយ​នៅ​ជុំវិញ​ពិភពលោក កើតឡើង​កាន់តែ​ញឹកញាប់ និង​មាន​ទំហំ​កាន់តែ​ធំ​ជាង​មុន  ប៉ុន្តែ​ដំណោះស្រាយ​បច្ចេកវិទ្យា​សម្រាប់​គ្រោះមហន្តរាយ មាន​តួនាទី​ពិសេស​ដ៏​កម្រ​មួយ ដែល​ជួយ​ដល់​សហគមន៍​ក្នុងការ​ឆ្លើយតប និង​ស្ដារឡើងវិញ ក្រោយពី​គ្រោះមហន្តរាយ​ទាំងនេះ​កើតឡើង​។ លោក Justin Henceroth  បន្តថា​៖«​យើង​ដាក់​ឲ្យ​ដំណើរ​កម្មវិធី​របស់​យើង​ជា​លើកដំបូង នៅក្នុង​ប្រទេស​នេ​ប៉ាល់ បន្ទាប់ពី​មានការ​បំផ្លិចបំផ្លាញ​ពី​ការរញ្ជួយ​ដី នៅ​ឆ្នាំ ២០១៥ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក  យើង​បាន​បន្ត​ប្រើប្រាស់​កម្មវិធី​នេះ នៅតាម​ទីតាំង​ជាង​ចំនួន ៦០,០០០​កន្លែង ដែលមាន​នៅក្នុង​ទីផ្សារ​ចំនួន ១៦ ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​លើ​ដំណើរ​ការធានា​គុណភាព លើ​សកម្មភាព​មនុស្សធម៌ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ  ក្រោយពី​មាន​គ្រោះធម្មជាតិ​»​។​
 
បើតាម​លោក Justin Henceroth កម្មវិធី​ប្រកួតប្រជែង​គំនិត​ច្នៃប្រឌិត​បច្ចេកវិទ្យា សម្រាប់​គ្រោះមហន្តរាយ​នេះ  បានធ្វើ​ឲ្យ​អង្គការ  FieldSight មាន​បណ្ដាញ​ទាក់ទង​ច្រើនជាង​មុន  ក៏ដូចជា​អ្នកឯកទេស​បច្ចេកវិទ្យា  និង​ការគាំទ្រ​ថវិកា  ដែល​យើង​មិន​ធ្លាប់មាន​ពីមុនមក​។ វា​មាន​សារៈសំខាន់​យ៉ាងខ្លាំង  ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការ FieldSight សំដៅ​យ៉ាងណា កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយធម្មជាតិ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ទូទាំង​ពិភពលោក​។ នេះ​ជាការ​បន្ថែម​របស់លោក Justin Henceroth​។​
 
​បញ្ជី​ជ័យលាភី​
 
•​ ​អង្គការ FieldSight ជា​ជ័យលាភី​ទីមួយ ទទួលបាន​ថវិកា​ចំនួន ១០​ម៉ឺន ដុល្លារ​អាមេរិក​។ 
•​ ​ក្រុមហ៊ុន SeismicAI  ជា​ជ័យលាភី​លេខ​២ ទទួលបាន​ថវិកា​ចំនួន ៣​ម៉ឺន ដុល្លារ​អាមេរិក តាមរយៈ​ការអនុវត្ត​កម្មវិធី​ផ្តល់​សញ្ញា​ប្រុងប្រយ័ត្ន​ជាមុន ដែល​ដើរ​ដោយ​ប្រព័ន្ធ​យល់ដឹង​ដ៏​ឆ្លាត​វ័យ​មួយ​(AI) នៅពេល​មាន​គ្រោះ​រញ្ជួយ​ផែនដី​ម្តងៗ  ហើយ​ប្រព័ន្ធ​នេះ​ប្រើប្រាស់​ពេល​ត្រឹមតែ ២ វិនាទី​ប៉ុណ្ណោះ​។ 
 
•​ ​កម្មវិធី PetaBencana.id  ជា​ជ័យលាភី​លេខ​៣ ទទួលបាន​ថវិកា​ចំនួន ២​ម៉ឺន ដុល្លារ​អាមេរិក តាមរយៈ​ការអនុវត្ត​គេហទំព័រ​មួយ ដែល​ប្រើប្រាស់​បាន​ដោយ​មិន​គិតថ្លៃ  ដើម្បី​ផ្ដល់​រូបភាព នៃ​គ្រោះមហន្តរាយ​ខ្នាត​ធំ តាមរយៈ​ការផ្ដល់​ព័ត៌មាន​ពី​ក្រុម​ប្រជាពលរដ្ឋ និង​ស្ថិតិ​តាម​ពេលវេលា​ជាក់ស្តែង​។​
 
​បេក្ខជន​ផ្តាច់ព្រ័ត្រ ២ រូប​ផ្សេងទៀត 
 
•​ ​ក្រុមហ៊ុន OpenAerialMap: ត្រូវបាន​ទទួលស្គាល់​លើ​កម្មវិធី​ផ្ដល់​រូបភាព​ពី​យន្ដហោះ drone សម្រាប់​ការចែករំលែក​យ៉ាង​រហ័ស ក្នុងពេល​មាន​គ្រោះមហន្តរាយ​។​
•​ ​អង្គការ People In Need  ត្រូវបាន​ទទួលស្គាល់​លើ​ប្រព័ន្ធ​ចាប់​សញ្ញា​ប្រុងប្រយ័ត្ន​ជាមុន នៅពេល​មាន​គ្រោះទឹកជំនន់ ដោយ​ប្រើ​អ៊ីនធឺណិត​។​
 
​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅតែ​ស្ថិត​ជា​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត ពី​គ្រោះមហន្តរាយធម្មជាតិ​។ ប្រជាពលរដ្ឋ​ជាង មួយ​ពាន់​លាន​នាក់ នៅក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​ទូទាំង​ទ្វីបអាស៊ី ត្រូវបាន​ទុក​ថា​មាន​ហានិភ័យ​ពី​គ្រោះថ្នាក់​ជាច្រើន រួមមាន​ព្យុះ​ត្រូ​ពិ​ក ទឹកជំនន់ រញ្ជួយ​ដី  និង​គ្រោះមហន្តរាយ​ច្រើន​ផ្សេងទៀត​។ មានការ​ប៉ាន់ស្មាន​មួយ បាន​លើកឡើងថា កុមារ​ចំនួន ២០០ លាន​នាក់ ជា​រៀងរាល់ឆ្នាំ នឹង​ទទួលរង​យ៉ាងធ្ងន់ធ្ងរ ពី​គ្រោះមហន្តរាយ នៅក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខនេះ​។​
 
​លោក Donald Kanak ប្រធាន​មូលនិធិ​ព្រូ​ដិ​នស៍ បាន​មានប្រសាសន៍ថា ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា  មិន​ត្រឹមតែ​បង្កើន​ទំនាក់ទំនង រវាង​សហគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បម្រើ​គោលបំណង​ចម្បង ក្នុងការ​ការពារ និង​សង្គ្រោះ​ជីវិត​ទៀតផង​។ លោក Donald Kanak បានបង្ហាញ​ការ​ជឿជាក់ថា បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​បង្កើតឡើង​ដោយ​បេក្ខជន​ជ័យលាភី នឹង​ជួយ​ដល់​សហគមន៍​នៅក្នុង​តំបន់​អាស៊ី ក្នុងការ​ត្រៀមខ្លួន​បាន​កាន់តែ​ល្អប្រសើរ និង​ស្ដារឡើងវិញ​កាន់តែ​ឆាប់រហ័ស​ជាង​មុន បន្ទាប់ពី​ការបំផ្លិចបំផ្លាញ​បណ្តា​លពី​គ្រោះមហន្តរាយធម្មជាតិ​នានា​។ លោក Donald Kanak បន្តថា​៖«​យើង​សូម​ថ្លែងអំណរគុណ​ដល់ដៃ​គូរ​បស់​យើង​ទាំងអស់  ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​ប្រកួតប្រជែង​នេះ  ហើយ​យើង​នឹងធ្វើ​ការ​ជាមួយ​អង្គការ​ជាច្រើន​ទៀត  សំដៅ​យ៉ាងណា​ឲ្យ​សហគមន៍​របស់​យើង  កាន់​តែមាន​សុវត្ថិភាព និង​ភាព​ធន់​មាំ​ជាង​មុន​បន្ថែមទៀត​»​។​


 
​លើសពីនេះ​ទៀត ក្នុងនាម​ជា​អង្គការ​ស្វែងរក​ប្រាក់កម្រៃ និង​អង្គ​ការដែល​មិន​រកប្រាក់​កម្រៃ​សម្រាប់​គោលបំណង​សង្គម (SPOs) ដែល​បាន​ចូលរួម​កម្មវិធី​ជ្រើសរើស ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ  ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​បង្ហាញ​ដំណោះស្រាយ​របស់​ពួកគេ និង​ស្វែងរក​ភាពជា​ដៃគូ​បន្ថែមទៀត នៅឯ​សន្និសីទ​មូលនិធិ AVPN ប្រចាំឆ្នាំ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ប្រទេស​សិង្ហ​បុរី ដែលជា​ការប្រជុំ​ធំ​បំផុត​របស់​ម្ចាស់​មូលនិធិ និង​អ្នកផ្តល់​ធនធាន​ទាំងឡាយ ដើម្បី​ការអភិវឌ្ឍ​សង្គម​នៅ​តំបន់​អាស៊ី​។    
 
​លោក Kevin Teo នាយក​ផ្នែក​ប្រតិបត្តិការ​នៃ​មូលនិធិ AVPN បាន​មានប្រសាសន៍ថា​៖«​មូលនិធិ AVPN មាន​សេចក្តី​រីករាយ​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ មូលនិធិ​ព្រូ​ដិ​នស៍ ក្នុងការ​នាំយក​អ្នកចូលរួម​សហការ​ឲ្យ​ស្ថិតនៅ​ជាមួយគ្នា ដើម្បី​អភិវឌ្ឍ និង​ឲ្យ​យល់ដឹង​ពី​ដំណោះស្រាយ​ច្នៃប្រឌិត ដើម្បី​កំណត់​ផលប៉ះពាល់​ជា​អវិជ្ជមាន នៃ​គ្រោះមហន្តរាយធម្មជាតិ​។ បើតាម លោក Kevin Teo   បេសកកម្ម​របស់​មូល​និ​ធិ​AVPN គឺ​ផ្ដល់​ដើមទុន​បន្ថែម​ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​វិជ្ជមាន ដែល​នេះ​ជា​គំនិត​ផ្តួចផ្តើម​ល្អ​មួយ ព្រោះ​មូលនិធិ​ទាំងពីរ​ប្រមូល​មូលធន​ដោយផ្ទាល់ សម្រាប់​អង្គការ​ដែល​អាច​សម្រេច​បាន​នូវ​លទ្ធផល​វិជ្ជមាន​ខ្ពស់  ក៏ដូចជា​ណែនាំ​អង្គការ​ទាំងនេះ ឲ្យ​ស្គាល់​ពី​សហគមន៍​មូលនិធិ AVPN ឲ្យ​បាន​ទូលំទូលាយ  ដើម្បី​ជំរុញ​សកម្មភាព​របស់ខ្លួន​ថែមទៀត​។​
 
​បន្ថែម​ពីលើ​ការខិតខំ​ប្រឹងប្រែង​បន្តបន្ទាប់​របស់ មូលនិធិ​ព្រូ​ដិ​នស៍ ក្នុងការ​លើកកម្ពស់​កា​រ​ត្រៀម​បង្ការ និង​ការស្ដារ​ឡើងវិញ​ក្រោយ​គ្រោះមហន្តរាយ នៅ​ទូទាំង​តំបន​អាស៊ី​តាំងពី​ឆ្នាំ ២០១៣​មក កម្មវិធី​បច្ចេកវិទ្យា​ច្នៃប្រឌិត​សម្រាប់​គ្រោះមហន្តរាយ​នេះ មានបំណង​លើកទឹកចិត្ត​ឲ្យ​មាន​អង្គការ​ជាច្រើន ចូលរួម​ក្នុង​វិស័យនេះ​។ ស្រដៀង​គ្នា​នឹង​គំនិត​ផ្តួចផ្តើម​របស់ មូលនិធិ​ព្រូ​ដិ​នស៍ ដទៃទៀត ដែល​ផ្តោតលើ​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ កម្មវិធី​វិធានការ​សុវត្ថិភាព  និង​កម្មវិធី​សាលារៀន​សុវត្ថិភាព កម្មវិធី​ថ្មី​គាំទ្រ​គោលបំណង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរ​ភា ពរ​បស់​អង្គការសហប្រជាជាតិ  ជាពិសេស​លើ​គោលដៅ​ចំនួន ១១  (​កម្មវិធី​និរន្តរភាព​ទីក្រុង និង​សហគមន៍​) និង​គោលដៅ​ចំនួន ១៣ (​កម្មវិធី​សកម្មភាព​អាកាសធាតុ​)​។​
 
​ខណៈដែល​បច្ចេកវិទ្យា​នៅតែ​បន្ត​វិវត្តន៍  និង​តែងតែ​ផ្តល់នូវ​ដំណោះស្រាយ​ច្នៃប្រឌិត​ថ្មី  ដែល​អាចជួយ​ការពារ និង​ស្ដារ​សហគមន៍​ឡើងវិញ​ពី​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយធម្មជាតិ  មូលនិធិ​ព្រូ​ដិ​នស៍ នឹង​បន្ត​បង្កើន​ការយល់ដឹង និង​គាំទ្រ​ដល់​អង្គការ​ទាំងឡាយណា ដែល​ប្រើប្រាស់​បច្ចេកវិទ្យា  ក្នុងការ​បង្កា​គ្រោះមហន្តរាយ ព្រមទាំង​មាន​ទស្សនវិស័យ ក្នុងការ​ស្វែងរក និង​ប្រើប្រាស់​លទ្ធភាព​របស់​ប​ច្ចេក​វិទ្យា​ដែលមាន​ស្រាប់ ឲ្យ​បាន​ច្រើន​បំផុត​។ ដើម្បី​យល់ដឹង​បន្ថែម​ពី​កម្មវិធី​បច្ចេកវិទ្យា​ច្នៃប្រឌិត​សម្រាប់​គ្រោះមហន្តរាយ សូម​ចូលទៅ​កាន់​៖ https://avpn.asia/disaster-tech/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com