ONE Championship
កីឡាជាតិ
ជាតិ
មាស ម៉ើ ៖ ទោះ​ខ្ញុំ​រត់​តាក់ស៊ី ខ្ញុំ​នៅតែ​ស្រលាញ់​គុន​ចម្រុះ និង​ចង់បាន​ការងារ​មួយ​ក្នុង​អាជីព​នេះ
03, Jul 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 

​មាស ម៉ើ សព្វថ្ងៃ​បាន​ផ្អាក​ឡើង​ប្រកួត​លើស​ង្វៀន​គុន​ចម្រុះ (MMA) ហើយ ដើម្បី​ទៅ​ប្រកប​របរ​បើកឡាន​តាក់​ស៊ី​ពី​ភ្នំពេញ​ទៅ​កំពង់ធំ​។ បើទោះជា​យ៉ាងនេះ​ក្តី រូបគេ​នៅតែ​ចង់​ធ្វើការ​ក្នុង​វិស័យ​កីឡា MMA នេះ​នៅក្នុង​ផ្នែក​ណាមួយ​។​


 
«​បច្ចុប្បន្ននេះ​ខ្ញុំ​ជាប់រវល់​ណាស់​។ ខ្ញុំ​រត់​ឡាន​ទួរីស ១២​កៅអី ដឹក​ភ្ញៀវ​ទៅមក ភ្នំពេញ និង កំពង់ធំ ដែលជា​ឡាន​ផ្ទាល់ខ្លួន​។ ដូច្នេះ​ខ្ញុំ​សម្រេចចិត្ត​ផ្អាក​ហាត់ និង ឡើង​សង្វៀន​សិន​ដើម្បី​រកលុយ​ចិញ្ចឹម​ប្រពន្ធ​និង​កូន ៣​នាក់​ក្នុងបន្ទុក ក្នុងនោះ​ម្នាក់​ទើបបាន ១​ខួប​។ ប៉ុន្តែ​ក្ដី​រំពឹង ខ្ញុំ​មិន​បោះបង់​គុន​ចម្រុះ​ទេ នៅតែ​ចង់​ធ្វើការ​ផ្នែក​ក្បាច់គុន​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់ មាស ម៉ើ ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​២ និង ជា​កីឡាករ​មានបទពិសោធន៍​ក្រាស់ក្រែល​នៅ​សង្វៀន​គុន​ចម្រុះ​នៅ​ប្រទេស​ថៃ​រួមទាំង​ការប្រកួត​លើស​ង្វៀន​អន្តរជាតិ ONE Championship​។ 


 
​មាស ម៉ើ ខកខាន​ឡើង​សង្វៀន និង ហ្វឹកហាត់​តាំងពី​ចុងខែ វិច្ឆិកា ឆ្នាំ ២០១៨​មកម្ល៉េះ បន្ទាប់ពី​ចាញ់​កីឡាករ​ហុ​ល្លង់ Anthony Engelen នៅ​សង្វៀន ONE: HEART OF THE LION នា​ប្រទេស​សិង្ហ​បុរី​។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​រៀបរាប់​ទៀតថា ៖«​សម្រាប់​គុន​ចម្រុះ​នៅតែមាន​តម្លៃ​សម្រាប់​ខ្ញុំ ខ្ញុំ​ស្រលាញ់​។ បើ​មិន​ស្រលាញ់​មិន​ខំ​ហាត់​និង​ចេញទៅ​ប្រកួត​អន្តរជាតិ​ហូរហែ​នោះទេ​។ ប៉ុន្តែ​តម្រូវការ​ជីវភាព​ប្រចាំថ្ងៃ​ទើប​ផ្អាក​សិន​។ ពេល​នៅ​ខ្លួន​មួយ​ផ្សេង ដល់​មាន​ប្រពន្ធ​កូន​ផ្សេង​។ ពេល​យើង​ហាត់​ត្រូវ​ប៉ូវ​ម្ហូប​ហូបចុក និង សំងំ​ហ្វឹកហាត់​ដែល​ត្រូវ​ប្រើ​លុយ​ចាយ ប៉ុន្តែ​មិនសូវមាន​ទីផ្សារ​វ៉ៃ​ក្នុងស្រុក ហើយ​វ៉ៃ​នៅក្រៅ​យូរៗ​ម្ដង​។ បើ​ខ្ញុំ​នៅ​ខ្លួន​មួយ​ដូច​មុន គឺ​មិន​បញ្ហា​ទេ​»​។ យ៉ាងណាក្ដី កីឡាករ​ជំនាញ​ក្បាច់​បាត​យូ​ដូ​រូបនេះ​បាន​ឆ្លៀតពេល​ទំនេរ​ហាត់​ដើម្បី​សម្រក​គីឡូ​បន្ទាប់ពី​រត់​ឡាន​។ ពេល​អត់​បាន​ហ្វឹកហាត់ និង អត់​បាន​ឡើង​រេញ ទម្ងន់​របស់ មាស ម៉ើ ឡើងដល់ ៨២ គីឡូក្រាម ប៉ុន្តែ​ឥឡូវ​បុក​ហាត់​ស្រក​មក​ត្រឹម ៧៣ គីឡូក្រាម​នាពេល​ថ្មីៗ​នេះ​។ 
 
​ពេល​សួរថា តើ​ការហាត់​ខ្លួនឯង​នេះ​ដើម្បី​ត្រៀម​ឡើង​សង្វៀន​វិញ​ឬ​យ៉ាងណា​? មាស ម៉ើ ឆ្លើយថា ៖«​ខ្ញុំ​ហាត់​គ្រាន់តែ​ត្រៀមៗ ហើយ​មិនទាន់​ហ៊ាន​ថា​ទេ​។ កន្លងទៅ​ថ្មីៗ​នេះ គ្រូ​ហ៊ុន ច័ន្ទ​រាជ្យ ចង់បាន​ខ្ញុំ​ឡើង​វ៉ៃ​ដែរ ប៉ុន្តែ​ខ្ញុំ​បដិសេធ​។ រឿង​លុយ​ខ្ញុំ​ក៏​ចង់បាន​ដែរ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​ឈ្នះ​និង​កិត្តិយស​ដែរ​។ ខ្ញុំ​អត់​មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់​ខ្ញុំ​មិន​ទទួល​ទេ​។ ព្រោះ​បើ​ទទួល ត្រូវ​ផ្អាក​រត់​ឡាន​ដែល​រក​កម្រៃ​បាន​ប្រចាំថ្ងៃ​»​។ អតីត​កូនសិស្សលោក ឡា​ច វុទ្ធី គូសបញ្ជាក់ថា កម្រៃ​ដែល​រកបាន​ប្រចាំថ្ងៃ​ពី​ការរត់​ឡាន អាច​ផ្គត់ផ្គង់​គ្រួសារ​តូច​របស់ខ្លួន​បាន និង អាច​បោះ​រំលស់​ធនាគារ​ខ្លះ​បន្ទាប់ពី​យកលុយ​គេ​ខ្លះ​ទិញ​ឡាន​រត់​។ 
 
​យ៉ាងណាក្ដី កីឡាករ​ដែល​ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ​តាំង​ឆ្នាំ ២០១៣ រូបនេះ​បង្ហើប​អំពី​គម្រោង​ដែល​អាច​វិល​វិញ​ក្នុង​វិស័យ​គុន​ចម្រុះ​ទៅ​ថ្ងៃមុខ​ថា បើសិន​ការងារ​ក្បាច់គុន​ចម្រុះ​នេះ​អាចជួយ​ជ្រោមជ្រែង និង ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន គឺ​រូបគេ​អាច​នឹងធ្វើ​។ ជើង​ខ្លាំង​យូ​ដូ​ដដែល​នេះ​សង្កត់ធ្ងន់​បែបនេះ​៖«​ខ្ញុំ​រៀន​បាន​តិច ស្អី​ក៏​មិនចេះ ប៉ុន្តែ​មានតែ​ជំនាញ​ក្បាច់គុន​នេះ​មួយគត់​។ ខ្ញុំ​ស្រលាញ់ ខ្ញុំ​នៅតែ​ចង់​ធ្វើ​។ អនាគត​ចង់​ក្លាយ​អ្នក​ជួយ​បង្វឹក ឬ ជា​គ្រូបង្វឹក​បើ​មានឱកាស​»​។​
 
​គួរ​ដឹងថា មាស ម៉ើ មាន​ស្រុកកំណើត​នៅ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ហើយ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​គុន​ចម្រុះ Khmer Warrior Challenge វគ្គ​២ ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ដែល​រៀប​ឡើង​ដោយ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​ន និង MyTV​។ មាស ម៉ើ ដែលមាន​ជំនាញ​យូ​ដូ បាន​ចូល​ហ្វឹកហាត់​រួមគ្នា ស្នាក់នៅ​រួមគ្នា ក្នុង​ជំរំ​ហ្វឹកហាត់​កាល​ឆ្នាំ ២០១៣​។ អ្នកលេង​គុន​ចម្រុះ​វ័យ ២៩ ឆ្នាំ​រូបនេះ ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ​ទាំង​ក្នុងស្រុក និង ឆាក​អន្តរជាតិ​ចំនួន ៨ ដង​ក្នុងនោះ​ឈ្នះ ៥ ដង និង ចាញ់ ៣​។ បរាជ័យ​ទាំង ៣ ដងនោះ គឺ ចាញ់​នៅ​សង្វៀន ONE ទាំង ៣ ដង​ជាប់​គ្នា នៅ​ឆ្នាំ ២០១៨​។ មួយទៀត គេ​ជា​អតីត​កីឡាករ​ជម្រើសជាតិ​ផ្នែក​យូ​ដូ​ដែល​បាន​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ច្រើនដង​៕

© រក្សាសិទ្ធិដោយ thmeythmey.com