ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ហាមក្រុមហ៊ុន ឈប់ឲ្យកម្មករស្នាក់នៅក្នុងអគារកំពុងសាងសង់ លោក ជា សុផារ៉ា ថ្លែងក្នុងកិច្ចប្រជុំស្តីពីការសិក្សាគម្រោងប្លង់ និងការសាងសង់អគារ ជាមួួយបណ្តាក្រុមហ៊ុនសាងសង់នានានៅកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ (រូបពីក្រសួងដែនដី)
× លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានដាក់វិធានការដល់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ក្នុងប្រទេសកម្ពុជា មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់នោះទេ។ លោក លើកឡើងបែបនេះ នៅចំពោះមុខតំណាងក្រុមហ៊ុន អ្នកម៉ៅការសាងសង់ និងក្រុមជាងសំណង់ប្រមាណ១ពាន់នាក់ ក្នុងកិច្ចប្រជុំស្តីពីការងារសិក្សាគម្រោងប្លង់ និងសាងសង់អគារ នាព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនោះ លោក ជា សុផារ៉ា ណែនាំក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ ឲ្យសាងសង់កន្លែងស្នាក់នៅ ដែលមានសុវត្ថិភាព និងសុខមាលភាពដល់កម្មករ។ លោក ព្រមានថា ក្នុងករណីល្មើស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានករណីអន្តរាគមន៍ឡើយ។
រដ្ឋមន្រ្តីដែនដី សង្កត់ធ្ងន់ដូច្នេះថា៖«គ្មានជម្រកកម្មករ ទុកឲ្យកម្មករស្នាក់នៅក្នុងអគារកំពុងសាងសង់ នេះជាប្រការមិនអាចអនុញ្ញាតឲ្យបានទេ នៅពេលបច្ចុប្បន្ននេះ។ កន្លងមកក៏មានការណែនាំដែរ ប៉ុន្តែការណែនាំនេះមិនទាន់ទទួលបានការអនុវត្តពេញលេញនៅឡើយ»។
លើសពីនេះ លោករដ្ឋមន្រ្តី បានក្រើនរម្លឹកដល់ក្រុមហ៊ុនសាងសង់ និងអ្នកម៉ៅការសំណង់ទាំងអស់ ឲ្យគោរពទៅតាមបទដ្ឋានគតិយុត្តិ បទដ្ឋានបច្ចេកទេស និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។ ម្យ៉ាងទៀត លោក បានប្រាប់ឲ្យអាជ្ញាធរ ឲ្យគ្រប់គ្រងដែនដីរបស់ខ្លួនឲ្យបាន ចំពោះសំណង់ដែលគ្មានច្បាប់ ដោយមិនត្រូវអនុញ្ញាតឲ្យសាងសង់ឡើយ ហើយត្រូវអនុវត្តតាមច្បាប់ជាធរមាន។ លោក ថែមទាំងបានបង្គាប់ឲ្យមន្ត្រីភូមិបាលដែនដី ចុះពិនិត្យឲ្យបានល្អិតល្អន់គ្រប់ការដ្ឋានសាងសង់ ហើយពេលមានបញ្ហាត្រូវតែទទួលខុសត្រូវលើដែនដីរបស់ខ្លួនគ្រប់គ្រង មិនអាចឆ្លើយដាក់នរណានោះទេ។
មួយវិញទៀត លោក បានស្នើឲ្យក្រុមហ៊ុនសាងសង់ទាំងអស់ដែលទទួលបានការចុះបញ្ជីស្របច្បាប់ ត្រូវតែអនុវត្តទៅតាមច្បាប់ ហើយគ្រប់ការសាងសង់ទាំងអស់ ត្រូវមានច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុន។ លោក បញ្ជាក់ថា ក្នុងករណីមានការរលំអគារ ក្រុមហ៊ុន និងអ្នកម៉ៅការទាំងនោះជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ទាំងអស់។
រដ្ឋមន្រ្តីរូបនេះ ថ្លែងថា៖«ទោះបីម្ចាស់សំណង់ ចិត្តគាត់លោភ គាត់ចង់ពង្រីកដោយទំនើងចិត្ត ឲ្យតែខុសប្លង់ ក្រុមហ៊ុនសាងសង់កុំសង់ ត្រូវគោរពតាមគោលការណ៍។ យើងសង្ឃឹមលើក្រុមហ៊ុន និងវិស្វករ ហើយវិស្វករដែលនៅតាមការដ្ឋានត្រូវយល់ដឹងថា នេះជាអាជីពរបស់យើង ហើយបើមានអាជីពហើយយើងសង់ខុសនេះ វាជារឿងពិបាកមួយ យើងត្រូវតែជួយគ្នា។ ខ្ញុំ មិនអាចទៅមើលបានគ្រប់នោះទេ ប៉ុន្តែបទដ្ឋានបច្ចេកទេសយើងបានផ្តល់ឲ្យអ្នកគ្រប់គ្នាហើយ ក្រុមហ៊ុនដែលចុះបញ្ជីត្រូវតែធ្វើតាមហ្នឹង កាលណាធ្វើខុសពីលិខិតអនុញ្ញាតឲ្យសាងសង់ គឺខ្ញុំអត់ទទួលខុសត្រូវទេ»៕ Tag:
រលំអគារ
សំណង់
ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com