ជាតិ
សុខភាព
ជំងឺគ្រុនឈាម​នៅ​កម្ពុជា​កើនឡើង​ដោយសារ​ការធ្វេសប្រហែស​
04, Jul 2019 , 7:59 pm        
រូបភាព
កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ។ (ធីតា វីន/VOA)
កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ។ (ធីតា វីន/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ដៃ​ទាំងពីរ​កំពុងកាន់​ក្តោប​ដៃ​កូនប្រុស​ទាំងសងខាង ដែល​កំពុង​ដេក​លង់លក់​លើ​គ្រែ ដែលមាន​កម្រាល​ពណ៌​ស​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ដោយមាន​បន្តោង​សេរ៉ូម​ផង លោក ថ្លឹង សុខា សម្លឹង​មើលមុខ​កូន​របស់ខ្លួន​ស្ទើរ​មិន​ទម្លាក់​ភ្នែក​។​

 
​ទឹកមុខ​ស្រពោន លោក​ពោល​ដោយ​ទឹកភ្នែក​រលីងរលោង​បង្កប់​ដោយ​ក្តីបារម្ភ​។​
 
«​ដូច​ថា​អស់​ព្រលឹង​ពី​ខ្លួន​តែម្តង ពេលដែល​ឃើញ​កូន​សន្លឹម បាត់ស្មារតី​»​។​
 
​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​អាគារ​សម្រាប់​ដាក់​កុមារ ដែលមាន​ជំងឺគ្រុនឈាម​ត្រូវ​ពេញ​ហៀរហូរ​រហូតដល់​កុមារ​ដែលមាន​ជំងឺគ្រុនឈាម ត្រូវ​បញ្ជូនទៅ​ដាក់​នៅ​អគារ​ជំងឺ​ផ្សេងទៀត​។ ខ្សែ​សេរ៉ូម​យោលរ​ណេង​រណោង ហើយ​គ្រែ​នីមួយៗ​ភាគច្រើន​ត្រូវដាក់​ឲ្យ​កុមារ​ដែលមាន​ជំងឺ​គេង​គ្នា​ពីរ​នាក់​បញ្ច្រាសជើង​គ្នា​។ ដោយឡែក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​វិញ ចំនួន​កុមារ​ដែលមាន​ជំងឺគ្រុនឈាម​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​។ បន្ទប់​ព្យាបាល​ពេញ​គ្មាន​សល់​រហូតដល់​កុមារ​ដែលមាន​ជំងឺ​ខ្លះ​ត្រូវ​សម្រាក​តាមផ្លូវ​ដើរ​។​
 
​លោក ហ៊ុល សា​រួន ជា​នាយករង​នៃ​សាលា​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កំពុង​អង្គុយ​ចុងជើង​មើល​កូន​របស់លោក ដែល​កំពុង​បន្តោង​សេរ៉ូម​ក្នុង​បន្ទប់​ដែលមាន​កុមារ​ឈឺ​ណែន​តាន់តាប់​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ​។​
 
​លោក ហ៊ុល សា​រួន យល់ថា ជំងឺគ្រុនឈាម​ដែល​បាន​វាយប្រហារ​មកលើ​កូន​របស់លោក មួយផ្នែក​បណ្តាលមកពី​ការមិន​សម្អាត​នៅ​បរិវេណ​ក្បែរ​លំនៅដ្ឋាន​។​
 
«​សម្អាត​បាន​មួយចំនួន​តែ​មួយចំនួនទៀត​មិនបាន​សម្អាត​ជា​រៀងរាល់​ថ្ងៃនោះ ឬ​ជា រៀងរាល់​សប្តាហ៍​ទេ ម្យ៉ាងទៀត​ដោយសារតែ​យើង​រវល់​ការងារ​ផង​។ ឥឡូវ​កំពុង​តែមាន​បញ្ហា​ប្រឈម​នឹង​ជំងឺគ្រុនឈាម ហើយ​គ្រុនឈាម​កើតចេញពី​មូស​ខ្លា ចេញពី​ការដក់​ទឹក​»​។​
 
​យោងតាម​ឪពុកម្តាយ​របស់​កុមារ​ដែលមាន​ជំងឺគ្រុនឈាម​ភាគច្រើន ការធ្វេសប្រហែស​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​ក្នុងការ​បំបាត់​ជម្រក​មូស​ខ្លា គឺជា​មូលហេតុ​មួយ​ដែល​បង្ក​ឲ្យ​មានការ​ផ្ទុះឡើង​នៃ​ជំងឺគ្រុនឈាម​នៅក្នុង​ឆ្នាំនេះ​។​


កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារជាតិ។​ (ធីតា វីន/VOA)


កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារជាតិ។​ (ធីតា វីន/VOA)


កុមារ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារជាតិ។​ (ធីតា វីន/VOA)
 
​ជំងឺគ្រុនឈាម​បង្កឡើង​ដោយ​មូស​ខ្លា​ញី​។ ហើយ​ជំងឺ​នេះ​ភាគច្រើន​កើត​នៅក្នុង​អំឡុង​រដូវវស្សា ដោយ​គិត​ចាប់ពី​ខែមិថុនា​រហូតដល់​ខែតុលា​។ ជំងឺ​នេះ​អាច​បង្ក​ឲ្យ​ស្លាប់​បាន ប្រសិនបើ​អ្នកជំងឺ​មិន​ត្រូវបាន​ព្យាបាល​មុន​រយៈពេល​មួយ​សប្ដាហ៍​នោះទេ​។​
 
​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំនេះ ក្នុង​រយៈពេល​២១​សប្តាហ៍​មាន​កុមារ​គ្រុនឈាម​ទូទាំងប្រទេស​ចំនួន ១៣,៨៤៣​នាក់ ស្លាប់​២៤​នាក់ ដែល​ចំនួន​នេះ​មានការ​កើនឡើង ៥​ដង បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨ ដែលមាន​កុមារ​ឈឺ​ត្រឹមតែ ២,៥៣០​នាក់ និង​ស្លាប់​៧​នាក់​។​
 
​លោក​បាន​អះអាងថា ក្រសួង​បានដឹងថា ជំងឺគ្រុនឈាម​ឆ្នាំនេះ​នឹងមាន​ការកើនឡើង​ហេតុ​ដូច្នេះហើយ ក្រសួង​បាន​ត្រៀម​ថ្នាំ​អា​ប៉េ​ត ថ្នាំ​បាញ់​មូស និង​មានការ​បណ្តុះបណ្តាល​តាម​មន្ត្រី​ថ្នាក់​ផងដែរ ក្នុង​ការជួយ​ទប់​ស្តា​ត់​បំបាត់​ជម្រក​មូស​ខ្លា​។​
 
«​ដឹងថា​ស្ថានភាព​ជំងឺ​ឆ្នាំនេះ​យ៉ាងដូចម្តេច ឆ្នាំ​នោះ​យ៉ាងដូចម្តេច មកដល់ពេលនេះ យើង​មាន​សម្ភារៈ​នៅ​ហ្នឹង​កន្លែង​គ្រប់គ្រាន់​អស់ហើយ ក្រៅពីនោះ​ទៀត​យើង​បាន ធ្វើការ​សហការ​ជាមួយ​បណ្តាញ​សារពត៌មាន បណ្តាញ​សង្គម​គឺ​រង់ចាំតែ​ម្យ៉ាង​ទេ គឺ​រង់ចាំ​ការចូលរួម​ពី​បុគ្គល​គ្រប់រូប សូម​ចូលរួម​អនុវត្ត​ទើប​យើង​ឈានទៅ​ជួប​នូវ​សេចក្តីសុខ និង​ជៀស​ផុតពី​ជំងឺគ្រុនឈាម​ហ្នឹង​បាន​។ គឺជា​ស្ថានភាព​មួយ​ដែរ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​»​។​
 
​យោងតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ​និង បាណក​សាស្ត្រ បាន​ឲ្យ​ដឹងថា ករណី​ជំងឺគ្រុនឈាម​មាន​ប្រមាណ​ជាង​មួយ​ម៉ឺន​ករណី​ក្នុង​មួយឆ្នាំៗ និង​ជាង ៥០០​នាក់​ស្លាប់​ក្នុងអំឡុង​ទសវត្សរ៍​១៩៨០​។ ក៏ប៉ុន្តែ​អត្រា​អ្នកស្លាប់​បាន​ធ្លាក់​ចុះមក​ជាង ០.៥​ភាគរយ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​ជំងឺគ្រុនឈាម​កើត​នៅលើ​ទាំង​មនុស្ស​ចាស់​និង​ក្មេង ក៏ប៉ុន្តែ​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំមាន​ចំនួន​៨៥​ភាគរយ​។​
 
​ខេត្ត រាជធានី ដែល​កំពុង​ទទួលរង​ការឆ្លង​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ មានដូចជា​ក្រុងភ្នំពេញ ខេត្តកំពង់ធំ សៀមរាប កណ្តាល ខេត្តកំពង់ចាម បាត់ដំបង បន្ទាយមានជ័យ ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ ព្រះវិហារ ឧ​ត្ត​រ​មានជ័យ ខេត្តព្រៃវែង ត្បូងឃ្មុំ ក្រចេះ និង​ខេត្ត​ប៉ៃលិន​។​


លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ កំពុង​បំពេញ​ការងារ​នៅ​មន្ទីរពេទ្យកុមារជាតិ រាជធានី​ភ្នំពេញ។ (ធីតា វីន/VOA)
 
​លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​មានប្រសាសន៍ថា​ប្រជាពលរដ្ឋនៅក្នុង​អំឡុង​ពេលនេះ​មានការ​យល់ដឹង​ច្រើន​ពី​ជំងឺគ្រុនឈាម ឪពុកម្តាយ​ភាគច្រើន​យក​កូន​មក​មន្ទីរពេទ្យ​ទាន់ពេលវេលា​។ ក៏ប៉ុន្តែ ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​បញ្ជាក់ថា ការចូលរួម​ទប់ស្កាត់​របស់​ប្រជាពលរដ្ឋ​ដើម្បី​កុំ​ឲ្យ​មាន​មូស​ខ្លា​ញី​ខាំ នាំ​ឲ្យ​មាន​ជំងឺគ្រុនឈាម​នៅមានកម្រិត​នៅឡើយ ដែលជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​មានការ​ឡើង​នៃ​ជំងឺគ្រុនឈាម​នេះ​ផងដែរ​។​
 
«​ខ្លះ​គាត់​គិតថា ខាង​សុខាភិបាល​ទេ​ជា​អ្នកទទួលខុសត្រូវ ចុះ​ខាង​សុខាភិបាល​ម៉េច​ក៏​មិន​ទៅ​បាញ់​មូស ម៉េច​ក៏​មិន​ទៅ​ដាក់​ថ្នាំ ម៉េច​ក៏​មិនត្រូវ​ធ្វើ​អី​ឥឡូវ​គ្រុនឈាម​ច្រើន ណាស់ ម៉េច​ក៏​មិន​ព្រម​ទៅធ្វើ​ការដែល​យល់ឃើញ​ចឹ​ង វា​ជាការ​ខុសឆ្គង ពីព្រោះថា​ជំងឺគ្រុនឈាម​គឺថា​ធ្វើ​ម៉េច ទប់ស្កាត់​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​មូស​ខ្លា​កើតឡើង​ច្រើន​ចឹ​ង​ការ​ទប់​ស្តា​ត់​ជំងឺគ្រុនឈាម​នេះ គឺថា ប្រជាជន​ទាំងអស់​ចូលរួម​ទាំងអស់គ្នា មិន​ថា​គ្រួសារ​នេះ​មានកូន​តូច អត់​កូនតូច​អី​ទេ​ត្រូវតែ​ជួយ​សម្អាត បរិស្ថាន​រស់នៅ​របស់​ខ្លួន​ទាំងអស់គ្នា កុំភ្លេចថា​គ្រុនឈាម​ឥឡូវ​អាយុ ៧០​ឆ្នាំ ៨០​ឆ្នាំ​ក៏មានដែរ​»​។​
 
​លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ  គី សាន់​ទី ប្រធាន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ភ្នំពេញ បាន​ឲ្យ​ដឹង​ដែរ​ថា ឆ្នាំនេះ​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា មាន​កុមារ​ជំងឺគ្រុនឈាម​កើនឡើង​ជាង​៥​ដង​កាលពី​ឆ្នាំកន្លងមក​។​
 
​លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ បាន​បញ្ជាក់ថា ចំនួន​កុមារ​គ្រុនឈាម​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា មាន​ចំនួន​ជាង​៦០០​នាក់ គឺ​ស្មើនឹង​៣៥​ភាគរយ​នៃ​កុមារ​មាន​ជំងឺ​សរុប ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។​
 
«​យើង​បាន​យល់ដឹង​ទាំង​អស់ហើយ ប៉ុន្តែ​ត្រូវអនុវត្ត​ប្រឹង​ទាំងអស់គ្នា យើង​កុំ​ពឹងពាក់​ទៅលើ​ភ្នាក់ងារ​សុខាភិបាល​ត្រូវតែ​កម្ចាត់​មូស​ខ្លា អត់​ទេ​អាហ្នឹង​សំខាន់​ណាស់ នៅ​ស្រុក​ណា​ក៏​ដូច​ស្រុក​ណា​ដែរ គឺ​ធ្វើ​ម៉េច គឺ​ការពារ​កូន ការពារ​យើងទាំងអស់គ្នា កុំ​ឲ្យ​ភ្នាក់ងារ​ចម្លង​នេះ វា​ចម្លង​មក​យើង គឺ​មូស​ខ្លា​ដែរ​ខាំ​យើង​ន្នឹង ហើយ​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​មូស​ខ្លា គឺ​បំបាត់​ជម្រក​វា​កុំ​ឲ្យ​វា​កើត​»​។​


លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហេង សុទ្ធី (ឆ្វេង) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ជា លោកវេជ្ជបណ្ឌិត ឡូរ៉េង ដេនីស នាយក​ប្រតិបត្តិ​ប្រចាំ​ការ​នៃ​មូលនិធិ​គន្ធបុប្ជាស្វីស (កណ្តាល) និង​លោក​វេជ្ជបណ្ឌិតសាស្ត្រាចារ្យ គី សាន់ទី ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ជា​ភ្នំពេញ ចុះត្រួតពិនិត្យដំណើរការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីខែមិថុនា ឆ្នាំ២០១៩។ (ធីតា វីន/VOA)
 
​ជាមួយគ្នានេះដែរ លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ហេង សុ​ទ្ធី អនុប្រធាន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ភ្នំពេញ បាន​មានប្រសាសន៍​ដែរ​ថា នៅតាម​សាលា និង​អាជ្ញាធរ​ដែនដី​គួរតែ​ជួយ​ជំរុញ​ប្រជាពលរដ្ឋ​បន្ថែមទៀត​ក្នុង​ការជួយ​បំបាត់​ជម្រក​មូស​ខ្លា​នៅតាម​ភូមិ​។​
 
«​ការយល់ដឹង​របស់​ឪពុកម្តាយ​ហាក់ដូចជា​កើនឡើង ក៏ប៉ុន្តែ​ជាទូទៅ​អស់លោក​ជា​ឪពុកម្តាយ​ហ្នឹង លោក​ច្រើនតែ​ធ្វេសប្រហែស​ក្នុង​ការដែល​លោក​រវល់​កាតព្វកិច្ច ក្នុង​ការរកស៊ី​ធ្វើការ ប្រកបមុខរបរ ផ្សេងៗ កូនតូច​កូន​ធំ ហើយ​ក៏មាន​ក្មេង​ខ្លះ​គាត់​ទៅ​រៀន​ដែរ ដូច្នេះ​នៅ​សាលារៀន​ហ្នឹង ក៏​អាច​ដែរ ជា​កន្លែង​មួយ​ដែល​ឲ្យ​មូស​ខាំ​ក្មេង​ដែរ​»​។​
 
​លោក​វេជ្ជបណ្ឌិត ឡូ​រ៉េ​ង ដេ​នី​ស (Laurent Denis)​នាយក​ប្រតិបត្តិ​ប្រចាំការ​នៃ​មូលនិធិ​គន្ធ​បុ​ប្ជា​ស្វី​សបាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំនេះ​ដោយសារ​មានការ​ផ្ទុះ​នៅ​ជំងឺគ្រុនឈាម​នេះ​បានធ្វើ​ឲ្យ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ត្រូវ​ចំណាយ​ថវិកា​លើសពី​ការគ្រោងទុក​ជាង​១​លាន​ដុល្លារ​អាមេរិក​។​
 
​សត្វ​មូស​ខ្លា​ដែលជា​ភ្នាក់ងារចម្លងមេរោគ​គ្រុន​ឈាម ចូលចិត្ត​ខាំ​បឺត​ឈាម​ក្នុងអំឡុងពេល​ថ្ងៃ​គឺ​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៧​យប់​។ រោគសញ្ញា​ជំងឺគ្រុនឈាម​គឺ​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ​លើសពី​៣៨​អង្សារ និង​អាច​អមដោយ​មុខស្ងួត​ក្រហម ភ្នែក​ក្រហម ងងុយគេង ឈឺក្បាល ឈឺ​សាច់ដុំ ឈឺសន្លាក់ ឈឺពោះ កុមា​រយំ កន្ទួល​ក្រហម​លើ​ស្បែក ស្បែក​ជាំខ្មៅ​ដុំៗ ចេញឈាម​ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com