ONE បង្ហាញ​គូ​ខ្លាំងៗ ដើម្បី​អបអរ​គម្រប់​១០០​លើក​នៅ​សង្វៀន ONE: CENTURY នា​ក្រុង​តូ​ក្យូ
ONE Championship
កីឡាជាតិ
ជាតិ
ONE បង្ហាញ​គូ​ខ្លាំងៗ ដើម្បី​អបអរ​គម្រប់​១០០​លើក​នៅ​សង្វៀន ONE: CENTURY នា​ក្រុង​តូ​ក្យូ
04, Jul 2019 , 9:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ល្បី​លំដាប់​ពិភពលោក ONE Championship នឹង​រៀបចំ​ការប្រកួត​ដ៏​អស្ចារ្យ​ដើម្បី​អបអរសាទរ​ការរៀប​ចំ​គម្រប់ ១០០ លើក​លើស​ង្វៀន​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ដែល​ផ្គូផ្គង​គូ​ពិសេសៗ​លំដាប់​ពិភពលោក​ជូន​អ្នកគាំទ្រ​ដើម្បី​ទស្សនា​។


 
​កាល​ថ្ងៃទី​៣០ ខែមិថុនា ប្រធាន​និង ជា​នាយក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានប្រកាស​អំពី​គូប្រកួត​ខ្លាំងៗ​ជាបឋម និង បន្ថែម​បាន​ប្រាក់រង្វាន់​សន្ធឹកសន្ធាប់​នៅ​សង្វៀនមាន​ឈ្មោះថា ONE: CENTURY ដែល​រៀបចំ​នៅ​ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខ​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ 
 
​គូ​ដែល​ប្រកាស​ដំបូង​គេ​នេះ​គឺ ជាការ​ជួបគ្នា​សាជាថ្មី របស់​ម្ចាស់​ខ្សែក្រវាត់ ONE Women’s Strawweight World Champion កីឡាការិនី Xiong Jing Nan ហៅ «The Panda» សុខចិត្ត​បញ្ចុះ​គីឡូ​ពី​ខ្សែក្រវាត់​របស់ខ្លួន​មក​មក​ដណ្ដើម​ខ្សែក្រវាត់​លំដាប់​ពិភពលោក ONE Women’s Atomweight World Title ពី Angela Lee ឬ មាន​រហស្សនាម «Unstoppable»​។ អ្នក​ទាំងពីរ​នេះ​បាន​ជួបគ្នា​ដំបូង​នៅ​សង្វៀន ONE: A NEW ERA ពោល Lee ដំឡើង​គីឡូ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ពី Xiong ហើយ​ការប្រកួត​នេះ​ពិតជា​ជក់ចិត្ត​។ Lee ប៊ិះ​នឹង​បញ្ចប់ «The Panda» ដោយ​ក្បាច់​ឃ្លេ​ដៃ ប៉ុន្តែ​កីឡាការិនី​ចិន​បាន​រើរួច និង វ៉ៃ «Unstoppable» ឲ្យ​សន្លប់​វិញ​នៅ​ទឹក​ចុងក្រោយ​។ 


 
​ទន្ទឹមគ្នា​នោះ ស្ថាប័ន​លំដាប់​ពិភពលោក​ដដែល​នេះ ក៏មាន​ការប្រកួត​កម្រិត​ពិភពលោក​ទល់នឹង​ពិភពលោក​ដោយ​ជើង​ខ្លាំង​ហ្វីលីពីន Brandon Vera ឬ «The Truth» ឡើង​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក ONE Light Heavyweight World Championship ពី​ជើង​ខ្លាំង​មី​យ៉ាន់​ម៉ា Aung La N Sang ឬ ហៅថា «The Burmese Python»​។ កីឡាករ​ជើងចាស់​សញ្ជាតិ​ហ្វីលីពីន ដែលមាន​រហស្សនាម «The Truth» ស្នើសុំ​ការប្រកួត​ច្រើន​ខែ​មកហើយ បន្ទាប់ពី​រូបគេ​អាក់ខាន​តាំង​ចុងឆ្នាំ ២០១៨ មក​។  រឿង​ដែល​គួរ​ឲ្យ កត់សម្គាល់ Vera ឈ្នះ ៤ ប្រកួត​ចុងក្រោយ​ដោយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១ ទាំងអស់ ហើយ Aung La N Sang ក៏​ឈ្នះ ៤ លើកចុងក្រោយ​ដូចគ្នា​ដែល​ឈ្នះ​កីឡាករ​លំដាប់​ពិភពលោក និង វាយ​គូប្រជែង​ឲ្យ​សន្លប់​ដែរ​។ នេះ​ជា​គូប្រកួត​ដ៏​រំភើប និង រង្គើ​សង្វៀន​ដែល​មិនអាច​ខកខាន​ដើម្បី​ទស្សនា​។ 
 
​ចំណែក Bibiano Fernandes និង Kevin Bellingon ត្រូវ​ប្រកួត​សងសឹក​ក្នុង​ប្រភេទ​ទម្ងន់ ONE Bantamweight World Championship ជា​លើក​ទី​៤​។ ពួកគេ​ទាំង​ពីរបាន​ជួបគ្នា​នៅ​សង្វៀន ONE: A NEW ERA កន្លងទៅ​។ នេះ​ក៏​ជាការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ​។ 


 
​នៅ​សង្វៀន ONE: CENTURY ដដែល​នា​ថ្ងៃទី ១៣ តុលា​ខាងមុខ​នឹងមាន​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ៣ ខ្សែក្រវាត់​ធំៗ ដូចជា ONE Featherweight Kickboxing World Grand Prix, ONE Lightweight World Grand Prix, និង ONE Flyweight World Grand Prix​។ ប្រភេទ Featherweight Kickboxing នៅសល់ ៣ ប្រកួត​ទៀត និង ចាប់ផ្ដើម​នៅ​សង្វៀន ONE: MASTERS OF DESTINY នៅពេល Petchmorakot Petchyindee Academy តតាំង​នឹង Giorgio Petrosyan នា​ថ្ងៃ​សុក្រ​ទី ១២ ខែ កក្កដា​ខាងមុខ​។ 
 
​រីឯ Saygid Guseyn Arslanaliev ជា​បេក្ខភាព​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​រួចហើយ ក្នុង​ប្រភេទ​ទម្ងន់ Lightweight ក្រោយ​រូបគេ​បញ្ចប់ Amir Khan ឲ្យ​សន្លប់​នៅ​ខែ ឧសភា កន្លងមកនេះ​។ Saygid រង់ចាំ​ជួប​អ្នកឈ្នះ​រវាង Timofey Nastyukhin និង Honorio Banario ដែល​ពួកគេ​ទាំងពីរ​នឹង​ប្រកួត​នៅ​សង្វៀន ONE: DAWN OF HEROES នា​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ 
 
​ចំណែក​ប្រភេទ​ទម្ងន់ Flyweights វិញ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២ ខែ សីហា ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ពោល Demetrious Johnson ជួប Tatsumitsu Wada ហើយ Danny Kingad ត្រូវ​តតាំង​នឹង Kairat Akhmetov ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​។ 
 
​ជាមួយគ្នា​នោះ​សង្វៀន ONE: CENTURY នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​ពេញ​ថ្លើម​ដោយមាន​កីឡាករ​ជប៉ុន​ខ្លាំងៗ​ឡើង​ប្រកួត​រហូតដល់ ៤​នាក់​ដែល​ត្រូវ​ជួប​គូប្រជែង​ខ្លាំងៗ​។ គូប្រកួត​ទាំងនេះ​នឹងត្រូវ​បង្ហាញ​នាពេល​ឆាប់ៗ​ខាងមុខ អមដោយ​ការបន្ថែម​ប្រាក់រង្វាន់​លើស​ការប្រកួត​សព្វដង​៕ 



© រក្សាសិទ្ធិដោយ thmeythmey.com