ជាតិ
ក្រសួងកសិកម្ម កំពុង​សិក្សា​គម្រោង​ធ្វើ​ផ្លូវ​ចរាចរណ៍​ត្រី​នៅ​ទន្លេមេគង្គ​ក្រោម
05, Jul 2019 , 8:29 am        
រូបភាព
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​ជួពពិភាក្សា​លើ​គម្រោង​គំនិត​ផ្តួចផ្តើម​ធ្វើ​ផ្លូវ​ចរាចរណ៍​ត្រី​តំបន់​មេគង្គ​ក្រោម (Lower Mekong Fish Passage Initiative - Cambodia) ជាមួយ​លោក Michael Roy តំណាង​នាយកដ្ឋាន​មហាផ្ទៃ​នៃ​សហរដ្ឋអាមេរិក និង​សហការី កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​។

 
​លោក វេ​ង សាខុន លើកឡើងថា គោលបំណង​សំខាន់​នៃ​គម្រោង​នេះ គឺ​ដើម្បី​ថែរក្សា និង​អភិរក្ស​ពូជ​ត្រី​ធម្មជាតិ ក្នុងប្រទេស​កម្ពុជា​។ លោក អះអាងថា ក្រោយ​បញ្ចប់​ការសាងសង់​ផ្លូវ​ជណ្តើរ​ត្រី​នៅ​ស្ទឹង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានពូជ​ត្រី​ប្រមាណ​ជាង​៦០​ប្រភេទ បាន​ហែល​ឆ្លងកាត់​។ 
 
​រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បាន​ឲ្យ​ដឹងថា ការងារ​សំខាន់ៗ​នៃ​គម្រោង​នេះ​រួមមាន ទី​១ ការពង្រឹង​សមត្ថភាព វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ជលផល​ទឹកសាប ការងារ​បច្ចេកទេស​សាងសង់ និង​ស្រាវជ្រាវ​ស្តីពី​ជណ្តើរ​ត្រី រួមជាមួយ​ការតាមដាន​សកម្មភាព​បំលាស់​ទី​របស់​ត្រី​, ទី​២ ការសាងសង់​ជណ្តើរ​ត្រី​, និង​ទី​៣ ការគាំទ្រ​បង្កើត​គោលនយោបាយ​ជណ្តើរ​ត្រី​ថ្នាក់ជាតិ​។ 
 
​លោក វេ​ង សាខុន បានស្នើ​ដល់​រដ្ឋាភិបាល​អាមេរិក តាមរយៈ​អង្គការ USAID ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​ការគាំទ្រ​បន្ថែម ជាពិសេស​នៅ​តំបន់​ទន្លេសាប ធ្វើយ៉ាងណា​បង្កលក្ខណៈ​ងាយស្រួល ​ដល់​ការធ្វើ​ចរាចរណ៍​របស់​ត្រី​ក្នុង​តំបន់​នោះ​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អាមេរិក ​ដែល​បាន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​
 
​លោក Michael Roy បាន​លើកឡើងថា គម្រោង​នេះ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ​ក៏ដោយ​សារ​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម​។ ទន្ទឹមនឹងនេះ លោក ក៏បាន​ឯកភាព និង​គាំទ្រ​ចំពោះ​សំណើ​របស់លោក​រដ្ឋមន្ត្រី ​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ ដោយ​លោក​សង្ឃឹមថា អង្គការ USAID នឹង​ពិនិត្យ​លទ្ធភាព​​ផ្ដល់​ការគាំទ្រ ហើយ​ក្រុមការងារ​របស់លោក រ​ង់​ចាំ​ផ្តល់​កិច្ចសហការ​គ្រប់បែបយ៉ាង ធ្វើយ៉ាងណា​អភិវឌ្ឍ​វិស័យ​ជលផល​កម្ពុជា​ប្រកបដោយ​ចីរភាព​៕ 
 

Tag:
 លោក វេ​ង សាខុន​
  USAID
  លោក Michael Roy
© រក្សាសិទ្ធិដោយ thmeythmey.com