ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
រដ្ឋាភិបាល​៖ តម្លៃ​ដី​កើន​ឡើងជា​គំហុក ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង​សហគ្រាស​
05, Jul 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​អះអាងថា តម្លៃ​ដី​ដែល​កើន​ឡើងជា​គំហុក ពី​ការអភិវឌ្ឍ​យ៉ាង​លឿន​ក្នុង​វិស័យ​អចលនទ្រព្យ បាន​ប៉ះពាល់​ទាំង​ជីវភាព​ប្រជាពលរដ្ឋ និង​ថ្លៃដើម​ផលិត​របស់​សហគ្រាស​។

 
​ឯកសារ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​២០១៩-២០២៣ របស់​រដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ស្រប​ជាមួយនឹង​ការអភិវឌ្ឍ​យ៉ាង​លឿន​ក្នុង​វិស័យ​អចលនទ្រព្យ​ចំណូល​ពន្ធ​ពី​អចលនទ្រព្យ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ការប្រមូល​ចំណូល​ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​ប្រថាប់ត្រា និង​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ មាន​ចំនួន​សរុប​កើន​ពី ៣៥២ ពាន់​លាន​រៀល​(​ប្រហែល​៨៨​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​២០១៤ ដល់ ៧៥០ ពាន់​លាន​រៀល​(​ប្រហែល​១៨៧,៥​លាន​ដុល្លារ​) នៅ​ឆ្នាំ​២០១៨​។  
 
​ប៉ុន្តែ​រដ្ឋាភិបាល​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​ស្រប​ជាមួយគ្នានេះ ថ្លៃ​ដី​មានការ​កើន​ឡើងជា​គំហុក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​បង្កើន​បន្ទុក​ថ្លៃដើម​មកលើ​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​ការប្រកប​របរ​ក្នុង​វិស័យ​កសិកម្ម​ដែល​កត្តា​ទាំងនេះ​បាននិងកំពុង​បង្អាក់​ដំណើរការ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ច​»​។ 
 
​លោក គី សេរី​វឌ្ឍន៍ ដែលជា​អ្នកជំនាញ​សេដ្ឋកិច្ច បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តម្លៃ​ដី​ឡើងថ្លៃ បាន​ហុច​ផល​ដល់​អ្នកមាន​ដី​លក់ ឬ​ជួល ប៉ុន្តែ​ក៏បាន​បន្ថែម​បន្ទុក​ដល់​សហគ្រាស និង​ពលរដ្ឋ​។ លោក​និយាយ​ដូចនេះ​ថា​៖«​វា​ហុច​ផល​ពីរ គឺ​ផល​ល្អ​ដល់​អ្នក​ដែល​បាន​លក់​ដី​ទ្រព្យសម្បត្តិ​កើនឡើង ហើយ​បង្កើន​ចំណាយ​ក្នុង​សេដ្ឋកិច្ច ចំណូល​ពន្ធ​កើនឡើង​។ តែ​ទន្ទឹមនឹងនោះ​ថ្លៃ​អចលនទ្រព្យ​ឡើង ធ្វើ​ឲ្យ​ថ្លៃ​ជួល​អគារ​ជាដើម គឺ​ឡើងថ្លៃ​»​។​
 
​តែ​អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ​បាន​មើលឃើញថា​ការឡើង​តម្លៃ​អចលនទ្រព្យ​នេះ មិន​ឡើងថ្លៃ​តែ​នៅ​កម្ពុជា​នោះទេ ហើយ​ការឡើង​នេះ​ក៏​ជា​កត្តា​ល្អ​ដែល​ជំរុញ​ឲ្យ​មូលដ្ឋាន​ផលិត​ត្រូវ​ផ្លាស់​ទៅ​ក្រៅ​ក្រុង​។ លោក គី សេរី​វឌ្ឍន៍​អះអាង​ដូច្នេះ​ថា​៖«​តែ​នៅ​វៀតណាម​ក៏​ឡើងថ្លៃ​ដែរ នៅ​ទីក្រុង​ហូជីមិញ ផ្ទះ​ថ្លៃ​ជាង​នៅ​យើង​ទៅទៀត នៅ​ប៉េកាំង​ផ្ទះ​ថ្លៃ​ជាង​យើង​ទៀត​។ ហើយ​ខ្ញុំ​ជឿថា​នេះ​ក៏​ជា​ឱកាស SME មិនអាច​ផលិត​នៅ​កណ្ដាល​រាជធានី​នោះទេ គឺ​ត្រូវរ​កដី​នៅ​ជាយក្រុង ឬ​ជនបទ តែ​ត្រូវការ​រដ្ឋាភិបាល​ជួយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ បើ​អត់​មាន​ក៏​ទៅ​មិន​បានដែរ​»​។​
 
​លោក គី សេរី​វឌ្ឍន៍ មានប្រសាសន៍ថា សហគ្រាស​ខ្លះ អាច​ទទួលផល​ចំណេញ​ទៅវិញ​ទេពី​ឱកាស​ដែល​អចលនទ្រព្យ​ឡើងថ្លៃ​នេះ ព្រោះ​គេ​អាច​លក់​ដី​ទីតាំង​ចាស់​នៅក្នុង​ក្រុង​ដែលមាន​តម្លៃ​ខ្ពស់ ទៅ​ទិញ​ដី​នៅក្រៅ​ក្រុង​ដែល​ថោក​ជាង​។ តែ​លោក​ប្រាប់ថា អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​រងគ្រោះ​ពី​ដី​ឡើងថ្លៃ​នេះ​។ អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ​លើកឡើង​ដូច្នេះ​ថា​៖«​ទោះ​ដី​ឡើងថ្លៃ​នៅ​ទីក្រុង​មែន​តែ មិន​ប៉ះពាល់​ដល់ SME ប៉ុន្មាន​ទេ លើកលែងតែ​អ្នក​នៅក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​ព្រោះថា​ពួកគាត់​នៅទីណា ផលិត​នៅ​ទី​ហ្នឹង លក់​នៅ​ទី​ហ្នឹង​»​។​
 
​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​អ្នកមាន​ចំណូល​ថេរ គឺ​ត្រូវ​ប៉ះពាល់​ពី​ទំនិញ​ឡើងថ្លៃ ដែល​រុញច្រាន​ពី​តម្លៃ​ដី​ឡើង​នេះ​។ លោក គី សេរី​វឌ្ឍន៍ ពន្យល់​ដូច្នេះ​ថា​៖«​ដី​ឡើងថ្លៃ ឈ្នួល​ផ្ទះ​ឡើងថ្លៃ ទំនិញ​ក៏​ឡើងថ្លៃ តែ​គួបផ្សំ​នឹង​ចំណូល​ពលរដ្ឋ​កើន ក្នុងន័យ​ម៉ាក្រូ វា​មិន​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ទេ តែបើ​យើង​មើល​មនុស្ស​ម្នាក់ៗ អ្នកខ្លះ​អត់​ដី​ជួល ហើយ​ធ្វើការ​បាន​ប្រាក់ខែ​ថេរ ទៅ​ទិញ​ទំនិញ​ឡើងថ្លៃ នោះ​គាត់​រង​ផលប៉ះពាល់​»៕

Tag:
 អចលនទ្រព្យ​
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com