ភ្នំពេញ៖ តុលាការខេត្តបាត់ដំបង បានកាត់ក្តីប្រជាពលរដ្ឋទាំងអយុត្តិធម៌ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់សំឡេងឆ្នោតកន្លងមក។ នេះជារឿងរ៉ាវអវិជ្ជមានរបស់តុលាការបាត់ដំបង ដែលត្រូវបានលោក ឈាង វុន តំណាងរាស្ត្រប្រចាំខេត្តមួយនេះ និយាយបរិហារនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ នៅព្រឹកថ្ងៃទី៤ កក្កដា។
«ខ្ញុំជាតំណាងរាស្ត្រ (បាត់ដំបង) ខ្ញុំសួរ(តុលាការ)ហ្មង ថាតើគាត់បម្រើស្អីឥឡូវហ្នឹង? តើគាត់មានធ្វើទេ កិច្ចការ(បម្រើប្រជាពលរដ្ឋ)អស់ហ្នឹង? ហើយរឿងហ្នឹងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌គាត់ដឹងតើ! ព្រោះគាត់ជាក្រុមការងារបាត់ដំបងដែរ»។ នេះជាលើកឡើងរបស់លោក ឈាង វុន ដែលបានរំឭកពីការអនុវត្តការងារបែបអវិជ្ជមានរបស់តុលាការបាត់ដំបង ក្នុងការកាត់ក្តីអយុត្តិធម៌ដល់ពលរដ្ឋ ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់ប្រជាប្រិយភាព និងធ្លាក់ចុះសំឡេងឆ្នោតនៅក្នុងខេត្តមួយនេះ កន្លងមក។
លោក ឈាង វុន និងក្រុមអ្នកតំណាងរាស្ត្រស្តាប់ការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ រូបថត រដ្ឋសភា
ត្រង់ចំណុចនេះលោក ឈាង វុន បានរំឭកពីភាពអវិជ្ជមានរបស់តុលាការថា នៅមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន២សប្ដាហ៍ ស្រាប់តែតុលាការកោះហៅបេក្ខជនចៅសង្កាត់គណបក្សមួយទៅសាកសួរ ទាំងគ្មានហេតុផលអ្វីធំឡើយ ដែលលោកចាត់ទុកជាទង្វើបង្កើតរឿង ហើយធ្វើឲ្យមតិសាធារណៈជនខឹងស្អប់តុលាការ។ ឈានចូលករណីមួយទៀតលោក ឈាង វុន បានលើកពីការឃុបឃិតរបស់តុលាការ ជាមួយអាជ្ញាធរមូលដ្ឋាន ដោយកាត់ក្តីឲ្យប្រជាពលរដ្ឋចាញ់ ហើយយកដីពលរដ្ឋទៅឲ្យដើមបណ្ដឹង ។ បើតាមលោក ឈាង វុន ដីដែលតុលាការកាត់ក្តីឲ្យពលរដ្ឋចាញ់នេះ គឺជាដីដែលពលរដ្ឋបានស្រាក់គ្នាផ្ដល់ឲ្យអាជ្ញាធរសាងសង់សាលារៀនប៉ុណ្ណោះ។
សំឡេងលោក ឈាង វុន ថ្លែងសួរដេញដោលរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ៖
ចំណែករឿងដែលធ្វើឲ្យលោក ឈាង វុន ហួសចិត្តទៀតនោះ គឺការកាត់ទោសប្រជាពលរដ្ឋឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ដោយតុលាការយកលិខិត និងឯកសារថតចម្លងមកធ្វើជាតឹកតាង សម្រាប់អនុវត្តនីតិវិធីច្បាប់។ តំណាងរាស្ត្រគណបក្សប្រជាជន មណ្ឌលបាត់ដំបងរូបនេះ បានបរិយាយពីភាពអយុត្តិធម៌របស់តុលាការយ៉ាងដូច្នេះថា៖«នៅរឿងច្រើនទៀត! ហើយនេះគ្រាន់តែជារឿងឧទាហរណ៍ធំៗ នៃមតិសាធារណៈជន ដែលធ្វើឲ្យយើងបាត់សន្លឹកឆ្នោតនៅខេត្តបាត់ដំបង។ ហើយមានរឿងច្រើនទៀត រឿងចុងក្រោយនេះ មិនទាន់ដោះស្រាយចប់ផង គឺគេយកលិខិតថតចម្លងមួយ មិនដឹងបានមកពីណាទេ ហើយរឿងហ្នឹងប្ដឹងមកដល់រដ្ឋសភា ហើយ(តុលាការខេត្តបាត់ដំបង) យើងយករឿងហ្នឹងកាត់ក្តី យកឯកសារCopy (ចម្លង) តឹកតាងកាត់ទោសគេជាប់គុក៤ឆ្នាំ។ សំនួរសួរតើឯកសារថតចម្លងហ្នឹង ជាឯកសារស្របច្បាប់ក្នុងការចោទប្រកាន់បានទេ? នេះជាសំនួររបស់ខ្ញុំ ថាអាចយកជាតឹកតាងបានអត់? ព្រោះការសួររកច្បាប់ដើមវាអត់មាន។ សាលាដំបូងខេត្ត គាត់កាត់ក្តីអ៊ីចឹង ដល់ទៅសាលាឧទ្ធរណ៍ គេអត់បានទេ (ទាល់តែ)ទៅរកច្បាប់ដើម»។
ជាការឆ្លើយតបលោក អង្គ វង្ស វឌ្ឍនា បាននិយាយថា បញ្ហាដែលលោក ឈាង វុន លើកឡើងនេះ ទំនងជាក្ដាប់ស្ថានការណ៍មិនច្បាស់ ហើយចូលស៊ងរបស់អតីតគណបក្សប្រឆាំង។ ត្រង់ចំណុចនេះលោក វឌ្ឍនា បែរជាបកស្រាយប្រាប់លោក ឈាង វុន វិញថា អ្វីដែលលោក ឈាង វុន និយាយខាងលើនេះ វាសុទ្ធតែជាគម្រោងអ្វីមួយដែលរៀបចំឡើងដោយក្រុមប្រឆាំងរដ្ឋាភិបាល ដើម្បីបង្កើតព្រឹត្តិការណ៍ធ្វើឲ្យតុលាការ ស្ថិតនៅក្នុងរូបភាពអាក្រក់នៃក្រសែភ្នែកមហាជនប៉ុណ្ណោះ។
លោក អង្គ វង្ស វឌ្ឍនា នាពេលថ្លែងទៅកាន់អ្នកតំណាងរាស្ត្រ។ រូបថត រដ្ឋសភា
និយាយបែបនេះហើយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកយកករណីដីធ្លីសាលារៀន ដែលលោក ឈាង វុន លើកឡើងនោះ បកស្រាយប្រាប់វិញថា ដីសាលារៀននោះ គឺជារបស់គ្រូបង្រៀនម្នាក់ ដែលគាត់បានផ្ដល់ឲ្យអាជ្ញាធរសាងសង់សាលារៀន។ ប៉ុន្តែក្រោយមកគ្រូរូបនេះ បានសុំយកដីនោះ មកប្រើប្រាស់កាន់កាប់ជាកម្មសិទ្ធិខ្លួនវិញ ស្រាប់តែអតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិ គឺកញ្ញា ស៊ិន ចាន់ពៅរូហ្ស៊ិត បានយកករណីនេះ ទៅធ្វើជារឿងនយោបាយ ដោយឲ្យពលរដ្ឋដាក់ពាក្យប្ដឹងផ្ដល់គ្នាទៅវិញ។ នេះជាការបញ្ជាក់របស់លោក អង្គ វង្ស វឌ្ឍនា ដែលការពារការសម្រេចរបស់តុលាការលើការកាត់ក្តីករណីដីធ្លីនេះ។
សំឡេងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ឆ្លើយតបលោក ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង៖
ថ្លែងចំពោះមុខសភាពេញអង្គ នៅព្រឹកថ្ងៃទី៤ កក្កដា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ បាននិយាយដូច្នេះថា៖«ចំពោះបញ្ហាឯកឧត្តម ឈាង វុន លើកឡើងនៅបាត់ដំបងនោះ ខ្ញុំដឹងតែរឿងនៅសាលារៀនទេ…។ ហើយរឿងនេះ វាមិនមែនខុសមកពីតុលាការ វាមិនមែនខុសពីចៅក្រម វាមិនមែនខុសពីឯកឧត្តមទេ ។ (ចំណុច)វាគឺថា ខ្ញុំមើលទៅប្រហែលជាមានគម្រោងស្អីមួយ គឺគេធ្វើដើម្បីរៀបចំបំផុសឲ្យការងារហ្នឹង(មហាជនភាន់ច្រឡំ)លើយើង។ អាហ្នឹងហើយ ដែលយើងចូលក្រោលរបស់គេ(អ្នកប្រឆាំង) ហើយយើងចាញ់សម្តីគេ ។ហើយបើយើងមិនចេះពន្យល់ទៅប្រជាពលរដ្ឋវិញ យើងនឹងទទួលផល(អាក្រក់)នេះ»។
ជុំវិញការបកស្រាយរបស់រដ្ឋមន្ត្រីយុត្តិធម៌នេះ ត្រូវបានកញ្ញា ស៊ិន ចាន់ពៅរូហ្ស៊ិត ច្រានចោលហើយ ចាត់ទុកការអះអាងរបស់លោក អង្គ វង្ស វឌ្ឍនា នេះ គ្រាន់តែជាបំណងទម្លាក់កំហុសមកលើគណបក្សប្រឆាំងប៉ុណ្ណោះ។ កញ្ញា រូហ្ស៊ិត ដែលត្រូវបានតុលាការកោះហៅសាកសួរចំនួន២ដង ដោយសារករណីដីសាលារៀនមតេយ្យអូរចា បាននិយាយថា ដីដែលតុលាការកាត់ឲ្យឯកជននេះ គឺជាដីរបស់រដ្ឋដែលមានប្លង់ពីក្រសួងអប់រំ យុវជន និងកីឡា ដោយបញ្ជាក់ពីសូរិយោខេត្តផងដែរ ពោលគឺមិនមែនជាដីរបស់បុគ្គលគ្រូបង្រៀនដូចការលើករបស់លោក អង្គ វង្សវឌ្ឍនា ឡើយ។ បើតាមកញ្ញា រូហ្ស៊ិត បុគ្គលឈ្មោះ សៅ ប៊ុនទិត្យ ដែលទាមទារដីសាលារៀននោះ មិនមែនជាគ្រូបង្រៀនទេ ពោលគឺជាមន្ត្រីប៉ូលិស ដែលកំពុងតាំងទីលំនៅសាលារៀនមតេយ្យអូរចា។
សំឡេងកញ្ញា ស៊ិន ចាន់ពៅរូហ្ស៊ិត អតីតចៅសង្កាត់អូរចានៃអតីតគណបក្សសង្គ្រោះជាតិ៖
អតីតចៅសង្កាត់អូរចា របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការចោទពីបទរារាំងការអនុវត្តសាលក្រម ជុំវិញករណីប្ដឹងផ្ដល់លើដីសាលារៀនកាលពីឆ្នាំ២០១៧នេះ បានប្រាប់សារព័ត៌មានថ្មីៗថា៖«ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្ស វឌ្ឍនា នេះគឺជាការចោទប្រកាន់ទៅលើអតីតបក្សប្រឆាំងដោយអយុត្តិធម៌បំផុត។ ផ្ទុយទៅវា សបញ្ជាក់ថា សភាឯកបក្សរាល់ថ្ងៃហ្នឹង មិនបានស៊ីជម្រៅ មិនបានយល់ច្បាស់ពីទុកលំបាកប្រជាពលរដ្ឋនៅមូលដ្ឋាននៅទេ។ ហើយបើចង់ដឹងច្បាស់ទាល់តែសភា ទៅស្រាវជ្រាវបរិវេនម្ដុំសាលារៀន ដែលតុលាការកាត់ទៅឲ្យឯកជន»។
កញ្ញា ស៊ិន ចាន់ពៅរូហ្ស៊ិត អតីតចៅសង្កាត់ និងបច្ចុប្បន្នជាអាជីវករម្នាក់។ រូបថត ហ្វេសប៊ុក
អមជាមួយការបកស្រាយតបនេះ កញ្ញា រូហ្ស៊ិត បានចំអកវិញថា ដោយសារការកាត់ក្តីដោយអយុត្តិធម៌របស់តុលាការនេះហើយ ទើបធ្វើឲ្យអតីតគណបក្សសង្គ្រោះជាតិ ឈ្នះគណបក្សប្រជាជនកម្ពុជានៅសង្កាត់អូរចា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៤ កាលពីឆ្នាំ២០១៧កន្លងមក ។ កញ្ញា រូហ្ស៊ិត បានអង្គុយកៅអីចៅសង្កាត់អូរចា រយៈពេល៤ខែ មុនតុលាការកំពូលចេញសាលក្រមរំលាយគណបក្សកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។
រូបភាពអាក្រក់របស់តុលាការ មិនមែនកើតចេញពីគណបក្សប្រឆាំងឡើយ ប៉ុន្តែវាកើតចេញពីការអនុវត្តរបស់តុលាការផ្ទាល់តែម្ដង។ នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃអង្គការសមាគមអាដហុក លោក សឹង សែនករុណា ដែលបានបន្ថែមថា តុលាការកម្ពុជា នៅខ្វះភាពឯករាជ្យ និងមាននិន្នាការផ្នែកនយោបាយ។
សំឡេងលោក សឹង សែនករុណា មន្រ្តីជាន់ខ្ពស់នៃអង្គការសមាគមអាដហុក៖
«ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសយើងហ្នឹង អ្នកដែលអនុវត្តច្បាប់ហ្នឹង ភាគច្រើនគាត់អនុវត្តដោយភ័យខ្លាច។ របៀបថា ឲ្យតែសំណុំរឿងប៉ះចំអ្នកធំ គេហៅថាលម្អៀងដោយខ្លាចអំណាច ឥតហ៊ានកាត់ក្តីទេ។ ហើយរឿងមួយទៀតនោះ បើសិនជាក្រុមណាមួយ ដែលជាផ្នែកតុលាការមិនពេញចិត្ត អាចជានិន្នាការផ្នែកនយោបាយ ក្រុមសង្គមស៊ីវិល ក្រុមសកម្មជនដីធ្លីតវ៉ាដំណើររឿងរបស់ខ្លួននៅក្នុងតុលាការហ្នឹង យើងអាចថា កម្រឃើញការទទួលបានយុត្តិធម៌ណាស់។ អាចថាមកពី(តុលាការ)លម្អៀងដោយស្អប់(ក្រុមប្រឆាំង)ក៏ថាបានដែរ។ អ៊ីចឹងការកាត់ក្តីលម្អៀងទាំង៤ហ្នឹង មានស្រលាញ់ មានស្អប់ ភ័យខ្លាច កាត់ក្តីដោយមិនយល់ដឹង គឺមាននៅក្នុង(ប្រព័ន្ធយុត្តិធម៌)ហ្នឹង»។ នេះជាការបញ្ជាក់របស់លោក ករុណា ដែលបន្ថែមថា សូម្បីតែអន្តរជាតិក៏វាយតម្លៃអវិជ្ជមានលើប្រព័ន្ធយុត្តិធម៌កម្ពុជាដែរ។
លោក សឹង សែនករុណា មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក។ រូបថត ហ្វេសប៊ុក
តំណាងរាស្ត្រគណបក្សប្រជាជន នៃមណ្ឌលបាត់ដំបង លោក ឈាង វុន បានបន្ថែមថា ការកាត់ក្តីចេញដីកាសម្រេច គឺជាឆន្ទានុសិទ្ធរបស់តុលាការ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាចមានសិទ្ធិធ្វើអធិការកិច្ចស៊ើបអង្កេតលើករណីណាមួយ ដែលប្រជាពលរដ្ឋរិះគន់ ឬសង្ស័យថាកាត់ក្តីមិនត្រឹមត្រូវ ដើម្បីធ្វើឲ្យពលរដ្ឋមានជំនឿចិត្តឡើងវិញ។ ជាពិសេសបន្សាបមតិអវិជ្ជមានមកលើប្រព័ន្ធយុត្តិធម៌បច្ចុប្បន្ន៕