កីឡាអន្តរជាតិ
អន្តរជាតិ
Ander Herrera ទៅ​ចូលរួម​ជាមួយ PSG ដោយ​ទទួល​ប្រាក់​ឈ្នួល​លើស Man Utd ទ្វេដង​
05, Jul 2019 , 11:02 am        
រូបភាព
​ខ្សែបម្រើ Ander Herrera បានសម្រេច​ទៅ​ចូលរួម​ជាមួយ​ក្លិប​យក្ស​បារាំង Paris St-Germain ដោយ​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ បន្ទាប់ពី​អស់​សុពលភាព​ជាមួយ Manchester United ក្រោយ​បញ្ចប់​រដូវ​កាល​មុន​។​


 
​ក្រោយពី​ចំណាយពេល​៥​រដូវ​កាល​នៅ Old Trafford ចាប់តាំងពី​ចាកចេញ​ពី Athletic Bilbao ក្នុងតម្លៃ​ខ្លួន​៣៦​លាន​ដុល្លារ​អាមេរិក ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​មិនបាន​យល់ព្រម​សំណើរ​បន្ត​កិច្ចសន្យា​ឲ្យ Man Utd ទៀត​នោះទេ ដោយសា​មិនត្រូវ​រូ​វ​គ្នា​ពី​តម្លៃ​ប្រាក់​ឈ្នួល​។ ក្នុង​កិច្ចសន្យា​ចាស់ Herrera ទទួលបាន​បៀវត្ស ១៣​ម៉ឺន​ផោន (១៦​ម៉ឺន​ដុល្លារ​អាមេរិក​) ក្នុង​១​សប្តាហ៍​។​
 
​ក្នុង​ការចរចា​កិច្ចសន្យា​ថ្មី បិសាច​ក្រហម​បាន​បន្ថែម​ប្រាក់​ឈ្នួល​ពី​១៦​ម៉ឺន​ដុល្លារ រហូតដល់ ២១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ Herrera ទាមទារ​ដល់​ទៅ ២៥​ម៉ឺន​ដុល្លា​ក្នុង​១​សប្តាហ៍​។ បញ្ហា​នេះហើយ​ទើប​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវ​ចែកផ្លូវ​គ្នា​។​
 
​ខ្សែបម្រើ​កណ្តាល វ័យ​២៩​ឆ្នាំ បានប្រកាស​ចាក​ចេញពី​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​តាំងពី​ខែឧសភា​ម្លេះ​។ ម្ចាស់​ជើងឯក Ligue 1 បា​រាំងជា​អ្នកទទួលបាន Herrera  ទៅ​រួម​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ដោយ​គ្មាន​តម្លៃ​ផ្ទេរ ប៉ុន្តែ​ត្រូវបាន​គេ​ជឿជាក់ថា PSG បានផ្តល់​ប្រាក់​ឈ្នួល​ជិត​១៩​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ឬ​៣៧​ម៉ឺន​ដុល្លារ​ក្នុង​មួយអាទិត្យ​។​
 
​ទៅកាន់​ទឹកដី​បារាំង Herrera ដែល​ត្រូវ​ពាក់អាវ​លេខ​២១ បាន​សន្យាថា​នឹងធ្វើ​រឿង​៣​សម្រាប់ PSG ដែល​រួមមាន ការងារ វិជ្ជាជីវៈ​ជា​កីឡាករ និង​កិច្ចខិតខំ​ប្រឹងប្រែង​។ រូបគេ​ថែមទាំង​ប្តេជ្ញា​ជួយ​ក្រុម​ដណ្តើមពាន​លំដាប់​កំពូល​ដូចជា Ligue 1 និង Champions League ជាដើម​៕
 

Tag:
 Ander Herrera
  Manchester United
  Paris St-Germain
© រក្សាសិទ្ធិដោយ thmeythmey.com