ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ ៣៧​នាក់ ត្រូវបាន​អាមេរិក ចាប់​បញ្ជូនមក​កម្ពុជា​វិញ​
05, Jul 2019 , 8:39 pm        
រូបភាព
រូបភាពពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (ICE)
រូបភាពពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (ICE)
​ភ្នំពេញ​៖ ពលរដ្ឋ​ដើមកំណើត​ខ្មែរ ៣៧ នាក់ ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​សហរដ្ឋអាមេរិក ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី ៤ ខែកក្កដា ។  នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​របស់​សហរ​ដ្ឋ​អាមេរិក ហៅ​កាត់​ថា (ICE)​។

 
​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា ជន​ដែល​ត្រូវ​បណ្តេញចេញ​ទាំង​៣៧ នាក់​នេះ ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅ​អាមេរិក ក្នុងនោះ​រួមមាន​អំពើ​ឃាតកម្ម អំពើ​មនុស្សឃាត អំពើ​រំលោភ​ផ្លូវភេទ អំពើ​រំលោភបំពាន​លើ​កុមារ អំពើហិង្សា​គ្រួសារ អំពើ​ជួញដូរ ឬ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម​។ បើតាម​ភ្នាក់ងារ​អន្តោប្រវេសន៍​អាមេរិក ពលរដ្ឋ​ដើមកំណើត​ខ្មែរ​ទាំងនេះ ត្រូវបាន​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា កាលពី​ថ្ងៃទី ៤ កក្កដា​ហើយ​។ 
 
​ជុំវិញ​បញ្ហា​នេះ​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក កែវ វណ្ណ​ថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានទេ នា​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា​នេះ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង ប៉ុន្តែ​គ្មាន​អ្នកទទួល​។ 
 
​តែ​យ៉ាងណា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បានចេញ​សេ​ក្តី​ថ្លែង​ការ​ថ្កោលទោស​អាមេរិក លើ​ករណី​បញ្ជូន​ពលរដ្ឋ​ខ្មែរ​អាមេរិក​មក​កម្ពុជា​នេះ​។ អង្គការ​មួយ​នេះ​ចាត់ទុក​ការបញ្ជូន​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​នេះ ជាការ​និរទេស​ទាំង​បង្ខិតបង្ខំ​។​
 
​លោក Phil Robertson នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ដូច្នេះ​ថា​៖«​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​បញ្ជូនមក​ទាំងនោះ​ជា​កូន​របស់​ជនភៀសខ្លួន​កម្ពុជា ក្នុង​របប​ខ្មែរក្រហម ដែល​បានកើត​នៅក្នុង​ជំរុំ​ជនភៀសខ្លួន​ថៃ​។ ពួកគេ​បានរស់នៅ​ស្ទើ​តែ​ពេញ​មួយជីវិត​ទៅហើយ​លើ​ទឹកដី​អាមេរិក ដោយ​មិនបាន​ស្គាល់​ប្រទេស​កំណើត​របស់​ពួកគេ​នោះទេ​។ ការបញ្ជូន​ពួកគេ​មកនេះ ដូចជា​ការ​ឲ្យេ​ពួកគេ​មក​រស់នៅ​លើទឹក​ដី​ដ៏​ចម្លែក​អ៊ីចឹង​»​។ 
 
​លោក Phil Robertson ស្នើ​ឲ្យ​អាមេរិក​ត្រូវតែ​គិតគូ​ឡើងវិញ​ចំពោះ​ទង្វើ​របស់ខ្លួន ខណៈ​ពួកគេ​មាន​ភាព​ស្និទ​ស្នាល​ជាមួយ​អាមេរិក​ជាង​ប្រ​ទស​កំណើត​របស់​ពួកគេ​។ បើតាម​លោក Phil Robertson អាមេរិក​គួរតែ​កែលម្អ​គោលនយោបាយ​អន្តោប្រវេសន៍​របស់ខ្លួន ដោយ​គិតគូរ​ពី​សិទ្ធិមនុស្ស និង​មនុស្សជាតិ​ផងដែរ​។  
 
​អង្គការ​អន្តរជាតិ​មួយ​នេះ​បន្តថា មន្ត្រី​អន្តោប្រវេសន៍ និង​គយ អាមេរិក (ICE) បាន​បិទ​សិទ្ធិ​ពលរដ្ឋ​ទាំងនោះ មិន​ឲ្យ​ជួប​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​មុន​បញ្ជូនមក​កម្ពុជា​នោះទេ​។​
 
​កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​រិះគន់​រដ្ឋាភិបាល​អាមេរិក ដែល​ចាប់បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​នេះ​ថា ជាការ​រំលោភ​សិទ្ធិមនុស្ស និង​បំបែកបំបាក់​ទំនាក់ទំនង​គ្រួសារ​របស់​ពួកគេ​ជាដើម​។​
 
​ក្នុង​ឆ្នាំ​២០១៨ សហរដ្ឋអាមេរិក​បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ចំនួន​១១០​នាក់ ដែល​កើន​ឡើងដល់​ទៅ ២៧៩​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ កន្លងទៅ​។ ក៏ប៉ុន្តែ នៅមាន​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​ជិត ១.៩០០ នាក់​ផ្សេងទៀត កំពុង​រស់នៅ​សហរដ្ឋអាមេរិក ដោយមាន​ដីកា​បណ្ដេញចេញ ក្នុងនោះ ១.៤០០ នាក់ ជាប់ទោស​ពីបទ​ឧក្រិដ្ឋ​។ មកដល់ពេលនេះ មាន​ពលរដ្ឋ​ខ្មែរ​ជិត​៩០០​នាក់​ហើយ ត្រូវបាន​បញ្ជូន​ចេញពី​សហរដ្ឋអាមេរិក ចាប់តាំងពី​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០០២​មក រហូតដល់​ខែធ្នូ ឆ្នាំ​២០១៨​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​របស់​សហរ​ដ្ឋ​អាមេរិក ហៅ​កាត់​ថា (ICE)៕

© រក្សាសិទ្ធិដោយ thmeythmey.com