ONE Championship
កីឡាជាតិ
ជាតិ
ការប្រកួត​នៅ​សង្វៀន​ឯក​ភ្នំ កាន់តែ​ជក់ចិត្ត បន្ទាប់ពី​ប្តូរ​ទៅ​វ៉ៃ​៣​ទឹក តាម ONE
06, Jul 2019 , 10:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ ឬ (Ek Phnom Kun Khmer Arena) ទាញ​បាន​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន និង​អ្នកគាំទ្រ​ជាច្រើន បន្ទាប់ពី​ផ្លាស់ប្ដូរ​ក្បួនច្បាប់​ពី​៥ មក​ត្រឹម​៣​ទឹក​ដូច ONE Championship ដែល​ចាប់ផ្ដើម​អនុវត្តន៍ កាល​ថ្ងៃទី​៣០ ខែមិថុនា​។ នេះ​បើតាម លោក Matias Andrés អ្នកគ្រប់គ្រង​ទូទៅ​នៅ​សង្វៀន​នៅ​ខេត្តបាត់ដំបង​នេះ​។


 
​ជាមួយគ្នា​នោះ កីឡាករ ណា​ម ម៉ូ​រ៉ា​ក់ ដែល​បង្ហាញ​វត្តមាន ក្នុងការ​ប្រកួត​ផ្លាស់ប្ដូរ​លើកដំបូង​បាន​ថ្លែងថា​៖«​ការ​វ៉ៃ ៣ ទឹក គឺ​ម្យ៉ាង មិន​ពិបាក​ពេក និង​មិន​ស្រួល​ពេក តែ​យើង​មិនបាច់​សន្សំ​កម្លាំង​ទេ ហើយ​ប្រើពេល​ខ្លី​ក្នុងការ​ស្ទាបស្ទង់​។ គេ​ត្រូវការ​កីឡាករ​ចូល​វ៉ៃ និង​បុក​យកតែ​ម្ដង​។ បើ​យើង​មិន​ដើរចូល វ៉ៃ​គឺ​ច្បាស់​ជា​ចាញ់ ហើយ​ល្អមើល​»​។ អ្នកលេង​គុន​ខ្មែរ មកពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង វ័យ ២៦ ឆ្នាំ​រូបនេះ សង្កត់ធ្ងន់​ទៀតថា​៖«​ល្អ​ដែរ​គោលការណ៍​វ៉ៃ ៣ ទឹក គឺ​គេ​មិន​ឲ្យ​អោប​យូរ​ទេ​។ ហើយ​បើ​វ៉ៃ​ធ្វើ​អែលៗ​លំៗ រវល់​ដើរ​ថយ អត់​វ៉ៃ គឺ​ដឹង​តែ​ចាញ់​តែម្តង​។ គេ​ចង់បាន​ការ​វ៉ៃ​ល្អមើល ៣​ទឹក​»​។ ណា​ម ម៉ូ​រ៉ា​ក់ បាន​យកឈ្នះ​ពិន្ទុ កីឡាករ ឆាយ មាស ក្នុង​កម្មវិធី​ប្ដូរ​មក​វ៉ៃ​៣​ទឹក លើកដំបូង​នេះ​»​។ 


 
​ងាក​មក ឈុំ សារិន មកពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង បាន​បង្ហើប​ដែរ​ថា ៖«​ការ​វ៉ៃ​៥​ទឹក ពេលខ្លះ​អត់​ល្អមើល ព្រោះ​ពេល​អស់កម្លាំង​ដើរ​លើ​រេញ​។ បើ​វ៉ៃ ៣ ទឹក​យ៉ាងយូរ​ស្ទាបស្ទង់ ១ ទឹក អស់ហើយ​។ ក្រៅពី​ហ្នឹង​ទឹក​ទី​២ និង​ទី​៣ ចូល​បុក​យកតែ​ម្ដង​»​។ អ្នក​ប្រដា​ល់វ័យ ២៤​ឆ្នាំ ឈុំ សារិន ដែល​បច្ចុប្បន្ន​ហាត់​ប្រដាល់​ផង និង​រៀន​ជំនាញ​ជួសជុល​រថយន្ត​ផង​នោះ ឈ្នះ​ពិន្ទុ មិ​ល សារិន ក្នុងការ​ប្រកួត ៣ ទឹក កាល​ថ្ងៃអាទិត្យ​កន្លងទៅ​។ 
 
​លោក Matias Andrés បានបង្ហាញ​ភាព​រីករាយ ដែល​បានរៀបចំ និង​ផ្លាស់ប្ដូរ​គោលការណ៍​ប្រកួត បាន​ជោគជ័យ ដោយ​មានការ​ជ្រោមជ្រែង​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ រួមទាំង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ការយកចិត្តទុកដាក់​គាំទ្រ​ពី​លោក ហេង តុលា​។ លោក​គូសបញ្ជាក់ថា​៖«​ខ្ញុំ​សប្បាយ​ក្រៃលែង ដែល​កីឡាករ​ទាំងអស់ ធ្វើ​បានល្អ​ក្នុង​ថ្ងៃ​រៀបចំ​ដំបូង ហើយ​កីឡាករ​មួយចំនួន ទទួលបាន​ប្រាក់រង្វាន់​បន្ថែម ព្រោះ​វ៉ៃ​ដៃគូ​ឲ្យ​សន្លប់ និង​មាន​រង្វាន់​មួយចំនួន​ដល់​អ្នកឈ្នះ​ផងដែរ​»​។​
 
​យ៉ាងណាក្ដី​នេះ ជាការ​ចាប់​ផ្ដើមដំបូង ខណៈ​កីឡាករ​មួយ​ចំ​នួ ន​នៅ​មិនទាន់​សុំា​នឹង​ការ​វ៉ៃ​៥ ទឹក ហើយ​ពួក​ចាប់ផ្ដើម​ដំបូង​យឺត និង​បញ្ចប់ទៅ​យឺត ប៉ុន្តែ​គោលការណ៍​របស់​សង្វៀន ចង់​ឲ្យ​វ៉ៃ​ល្អមើល និង​រំភើប​ដល់​អ្នកគាំទ្រ​។ លោក​សង្កេតឃើញថា ការដាក់​ពិន្ទុ​ពី​ចៅក្រម ឬ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត មិនមាន​បញ្ហា​ចោទ​ទេ ពោល​ដំណើរការ​ដោយ​រលូន ព្រោះ​លោក​យល់ច្បាស់ និង​មាន​ឆន្ទៈ ដើម្បី​សម្រប​ខ្លួន​ទៅរក​កម្រិត​ឆាក​អន្តរជាតិ​។ បុរស​សញ្ជាតិ​ឈី​លី​រូបនេះ​បន្ថែមថា នេះ​ជាការ​ផ្លាស់ប្ដូរ​តិចតួច ហើយ​ចៅក្រម​សុទ្ធតែ​អ្នកជំនាញ និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។ ទីបំផុត​គ្រប់​ចៅក្រម និង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ទាំងអស់​ធ្វើ​បានល្អ​ណាស់​។ 
 
​លោក​បាន​ថ្លែងអំណរគុណ​ដល់​កីឡាករ  អ្នកគាំទ្រ និង​អ្នក​បាន​ចូលរួម ក្នុង​សកម្មភាព​បំផុស​គុន​ខ្មែរ​នេះ ក៏ដូចជា​ការគាំទ្រ​យ៉ាងសកម្ម​នៅលើ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​«​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​»​។ ដើម្បី​តបស្នង​នឹង​ការគាំទ្រ​នេះ សង្វៀន​ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព នឹង​រៀបចំ​ព្រឹត្តិការណ៍​អស្ចារ្យ ពោល​មាន​វត្តមាន​កីឡាការិនី​ឆ្នើម នៅ ស្រី​ពៅ និង​ជើង​ខ្លាំង គង់ សំបូរ ឡើង​ប្រកួត​នៅ​ថ្ងៃទី ១៤ ខែ កក្កដា ខាងមុខ​។ 
 
​អ្នកគ្រប់គ្រង​ដែល​ចូលកាន់​តំណែង​ជាង ៣ ខែ​មកនេះ រំពឹងថា កីឡាករ​គុន​ខ្មែរ​ទាំងអស់ នឹង​បន្សាំ​ខ្លួន ទៅនឹង​ការប្រកួត ៣ ទឹកបាន​យ៉ាង​ល្អ ហើយ​នេះ​ជា​ជំហាន​ដំបូង សម្រាប់​គុន​ខ្មែរ​ជំនាន់​ក្រោយ ក្នុង​គោលដៅ​ចែករំលែក​វប្បធម៌ និង​មោទកភាព​ជាំ​តិ​ខ្មែរ ទៅកាន់​ពិភពលោក​។​
 
​ស្ថិតនៅ​ខេត្តបាត់ដំបង​«​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩​។ កីឡាករ និង​ក្លិប​ប្រដាល់​នៅ​ខេត្តបាត់ដំបង ក៏​កំពុងតែ​អភិវឌ្ឍ​ខ្លួន​ឈានឡើង​កម្រិត​ខ្ពស់​មួយ​បន្ថែមទៀត បន្ទាប់ពី​វត្តមាន​សង្វៀន​ល្បី ក្នុងស្រុក​មួយ​នេះ​។ «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» សម្រេច​ប្ដូរ​គោលការណ៍​ពី​ការប្រកួត ៥​ទឹក មក ៣ ទឹក កាល​ថ្ងៃទី ៣០ មិថុនា និង​បន្តដំណើរ​ទៅមុខទៀត​។ នេះ​ជា​គោលដៅ ដើម្បី​ឲ្យ​កីឡាករ​សុំា និង​អាច​ប្រកួត​បានល្អ នៅ​សង្វៀន​អន្តរជាតិ ONE Championship៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com