ជាតិ
សុខភាព
អេ​ត្យូ​ពី និង​កម្ពុជា កាត់បន្ថយ​ការ​បន្ទោបង់​ពាសវាល​ពាសកាល​រហូត​ដល់​ទៅ​ជាង​៥០​ភាគរយ​
06, Jul 2019 , 12:09 pm        
រូបភាព
ដោយ: ធីតា
​អេ​ត្យូ​ពី និង​កម្ពុជា កំពុង​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDGs) ឆ្នាំ​២០៣០ ពិសេស​គោលដៅ​ទី​៦​ស្តីពី​ទឹកស្អាត និង​អនាម័យ​។ របាយការណ៍​រួម JMP បាន​បង្ហាញថា ការ​បន្ទោបង់​ពាសវាល​ពាសកាល (Open Defecation) នៅ​ប្រទេស​ទាំងពីរ​នេះ ថយចុះ​រហូតដល់​ទៅ​ជាង​៥០​ភាគរយ ចន្លោះ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៧​។​

 
JMP ដែលជា​កម្មវិធី តាមដាន​រួមគ្នា​របស់​អង្គការ​សុខភាព​ពិភពលោក និង​យូ​នី​សែ​ហ្វ សម្រាប់​ការផ្គត់ផ្គង់​ទឹកស្អាត សុខភាព និង​អនាម័យ បាន​សិក្សា​លើ​បញ្ហា​ទឹកស្អាត សុខភាព អនាម័យ​នៅ​ទូទាំង​ពិភពលោក​ចន្លោះ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៧ ។ ការសិក្សា​បានបង្ហាញ​ថា ការ​បន្ទោបង់​ពាសវាល​ពាសកាល បាន​ថយចុះ​ពី​១.៣​ពាន់​លាន​ករណី មក​ត្រឹម​៦៧៣​លាន​។ https://washdata.org/sites/default/files/documents/reports/2019-06/jmp-2019-report-launch.pdf
 
​អេ​ត្យូ​ពី និង​កម្ពុជា ឈានមុខ​គេ​លើ​ករណីនេះ ដោយនៅ​អេ​ត្យូ​ពី ការ​បន្ទោបង់​ពាសវាល​ពាសកាល ថយចុះ​រហូតដល់​ទៅ​៥៧​ភាគរយ ខណៈ​កម្ពុជា​ថយចុះ​៥៣​ភាគរយ​។ ១៤​ប្រទេស​ផ្សេងទៀត ក៏មាន​អត្រា​ថយចុះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ដោយ​ឥណ្ឌា ណេ​ប៉ាល់ និង​ឡាវ ថយចុះ​ជាង​៤០​ភាគរយ ម៉ូ​សំ​ប៊ិក សូ​ម៉ាលី កាប់​វែ​រ និង​ប៉ា​គី​ស្ថាន ថយ​ជាង​៣០​ភាគរយ​។​


 
​បណ្តា​ប្រទេស​ដែលមាន​អត្រា​បន្ទោបង់​ពាស​ពាសកាល​ថយចុះ​ជាង​២០​ភាគរយ​រួមមាន ស៊ូដង់ បួ​គី​ណា​ហ្វា​សូ ម៉ូ​រីតា​នី សៅ​តូ​ម៉េ​និង​ប្រាំង​ស៊ី​ប អង់​ហ្គោ​ឡា ឥណ្ឌូណេស៊ី និង​គី​រី​បាទី​។ ជាមួយគ្នានេះ ប្រទេស​ចំនួន​២៣​មាន​អត្រា​បន្ទោបង់​ពាសវាល​ពាសកាល​ក្រោម​១​ភាគរយ និង​ស្ទើរតែ​គ្មាន​ទាំងស្រុង​។​
 
​របាយការណ៍​បានបង្ហាញ​ផងដែរ តំបន់​អឺរ៉ុប អាមេរិក​ខាងជើង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ មិនមាន​ករណីបែបនេះ​ឡើយ ខណៈ​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក អាស៊ី​កណ្តាល និង​អាស៊ី​ខាងត្បូង បណ្តា​ប្រទេស​តំបន់​កោះ និង​ប្រទេស​អភិវឌ្ឍន៍​តិច មាន​ករណី​បន្ទោបង់​ពាសវាល​ពាសកាល​ចន្លោះ​ពី​១៨ ទៅ​២០​ភាគរយ​។ ក្នុងចំណោម​នោះ បណ្តា​ប្រទេស​នៅ​អាស៊ី​កណ្តាល និង​ខាងត្បូង ថយចុះ​រហូតដល់​ទៅ​៣៩​ភាគរយ​ចន្លោះ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៧​។​
 
​បច្ចុប្បន្ន​ប្រទេស​មាន​អត្រា​បន្ទោបង់​ពាសវាល​ពាសកាល​ច្រើនជាងគេ គឺ ឆាត បេ​ណាំង កោះ​សូ​ឡូ​ម៉ុង ម៉ូ​រីតា​នី អេ​ត្យូ​ពី អង់​ហ្គោ​ឡា ហៃ​ទី ស៊ីម​បា​វ៉េ ឡាវ និង​ទី​ម័​រ​ខាងកើត​។ មិន​ខុសពី​កម្ពុជា​នោះឡើយ វៀតណាម ក៏​ជា​ប្រទេសមួយ​ដែលមាន​អត្រា​ថយចុះ​ការ​បន្ទោបង់​ពាសវាល​ពាសកាល ប៉ុន្តែ​តំបន់​ក្រីក្រ​នៅតែ​ជា​បញ្ហា​ប្រ​ឈាម​ដ៏​ធំ​។​


 
​ចន្លោះ​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០៣០ គេ​រំពឹងថា កម្ពុជា​នឹង​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​អត្រា​បន្ទោបង់​ពាសវាល​ពាសកាល​ក្រោម​១​ភាគរយ ឬ​ស៊ឹង​តែ​គ្មាន​។ ប្រទេស​ផ្សេងទៀត​រួមមាន ឥណ្ឌា អេ​ត្យូ​ពី ឡាវ កាប់​វែ​រ ប៉ូ​លី​វី ប៉ា​គី​ស្ថាន ឥណ្ឌូណេស៊ី ម៉ា​រ៉ុ​ក ម៉ាលី អ៊ី​ស្វា​ទី​នី ប៉េ​រូ នី​កា​រ៉ា​ហ្គោ ហុង​ឌូ​រ៉ា​ស ម៉ាឡាវី អ៊ូ​ហ្គ​ង់​ដា និង​ហ្វីលីពីន​។​
 
​កោះ​សូ​ឡូ​ម៉ុង ឆាត និង​នី​ហ្សេ នៅតែមាន​អត្រា​ជាង​៥០​ភាគរយ រីឯ​ប្រទេស​ចន្លោះ​ពី ២៥ ទៅ​៥០​ភាគរយ រួមមាន បេ​ណាំង ណា​មី​ប៊ី សៅ​តូ​មេ​និង​ប្រាំង​ស៊ី​ប បួ​គី​ណា​ហ្វា​សូ ម៉ា​ដា​ហ្គា​ស្កា និង​លី​បេ​រី​៕



Tag:
 អនាម័យ​
  បង្គន់​
  Open Defecation
© រក្សាសិទ្ធិដោយ thmeythmey.com