ជាតិ
បាក់ឌុប
វីដេអូ
បាក់ឌុប៖«អក្សរសាស្ត្រខ្មែរ» មិនគណនាដូច«គណិតវិទ្យា» តែត្រូវចេះក្បួនសរសេរទើបជាប់!
× ភ្នំពេញ៖ ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មុខវិជ្ជាអក្សរសាស្ត្រខ្មែរ ទទួលបានពិន្ទុសរុប៧៥ ដែលមានរយៈពេល៩០នាទី សម្រាប់សិស្សានុសិស្សដោះស្រាយនូវសំណេរតែមួយមុខប៉ុណ្ណោះ ដោយមិនមានលំហាត់វេយ្យាករណ៍ ឬសំណួរអ្វីឡើយ។ បើទោះបីមុខវិជ្ជាអក្សរសាស្ត្រខ្មែរ មានតែសំណេរតែងសេចក្ដីមួយមុខក្ដី ក៏មិនមែនមានន័យថា ងាយស្រួលសម្រាប់សិស្សានុសិស្សដែរ។ សិស្សានុសិស្សដែលប្រឡង ត្រូវចេះនូវវិធីសាស្ត្រ និងក្បួននៃការសរសេរសំណេរឲ្យច្បាស់លាស់ ជាពិសេសត្រូវស្វែងយល់ពីអក្សរសិល្ប៍ និងចំណេះដឹងទូទៅ ទើបអាចសរសេរសំណេរបាន។ ទាំងនេះជាការបញ្ជាក់របស់លោក ជុំ ច័ន្ទមុនី សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរថ្នាក់ទី១២ នៃវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី នារាជធានីភ្នំពេញ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ជុំ ច័ន្ទមុនី សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរដូចតទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ជុំ ច័ន្ទមុនី សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ បានលើកឡើងយ៉ាងដូច្នេះ៖ «បើយើងគិតថា តែងសេចក្ដីតែមួយ អ្នកខ្លះគិតថាងាយ ប៉ុន្តែ ដល់ពេលយើងចាប់ផ្ដើមឲ្យគាត់ (សិស្ស) សរសេរ គាត់សរសេរមិនត្រូវ។ ខ្ញុំគិតថាមុខវិជ្ជានេះ មិនងាយទេ។ សិស្សចេះវិធីសាស្ត្រក្នុងការតែងសេចក្ដី មិនទាន់គ្រប់គ្រាន់ទេ សិស្សត្រូវចេះចំណេះដឹងទូទៅទាក់ទងនឹងបញ្ហាសង្គម និងស្នាដៃអក្សរសិល្ប៍នានា។ បើសិស្សចេះអក្សរសិល្ប៍ និងបញ្ហាសង្គមមិនច្បាស់ ហើយចេះតែវិធីសាស្ត្រ នោះមិនមានគំនិតសរសេរទេ»។
ដើម្បីអត្ថាធិប្បាយលើសំណេរតែងសេចក្ដីបាន សិស្សានុសិស្ស ត្រូវចេះវិធីសាស្ត្រតែងសេចក្ដីជាមុនសិន។ លោកសាស្ត្រាចារ្យ ជុំ ច័ន្ទមុនី បញ្ជាក់ថា៖ «ក្បួនក្នុងសំណេរតែងសេចក្ដីមានដូចជា សេចក្ដីផ្ដើម, តួសេចក្ដី និងសេចក្ដីបញ្ចប់។ ហើយក្នុងសេចក្ដីផ្ដើម មានលំនាំបញ្ហា, ចំណូលបញ្ហា និងចំណោទបញ្ហា។ ចំណែកឯតួសេចក្ដីវិញ មានឃ្លាភ្ជាប់សេចក្ដី, ពន្យល់ពាក្យ, ពន្យល់ន័យប្រធាន, បំណកស្រាយប្រធាន និងមតិសរុប»។
ក្នុងសំណេរតែងសេចក្ដី មានប្រធានចំនួន៣ប្រភេទ គឺប្រធានបែបពន្យល់, បែបពិភាក្សា និងបែបប្រៀបធៀប។ បើតាមលោកសាស្ត្រាចារ្យ ជុំ ច័ន្ទមុនី ក្នុងដំណើរការប្រឡងនៅឆ្នាំកន្លងទៅ ក្រសួងអប់រំ តែងចេញប្រធានបែបពន្យល់។ បើទោះបីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់ចេញសំណេរបែបពន្យល់ច្រើនឆ្នាំក៏ដោយ សម្រាប់លោកសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែររូបនេះ បង្រៀនពីប្រធានបែបពិភាក្សា និងប្រៀបធៀបដល់សិស្សផងដែរ។
សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ខាងមុខនេះ ដោយមានបេក្ខជនប្រឡងទូទាំងរាជធានី-ខេត្ត ជិត១២ម៉ឺននាក់។ ក្នុងដំណើរការប្រឡងនេះ មានមណ្ឌលប្រឡងចំនួន ២០២មណ្ឌល ដោយចែកចេញជា៤.៨០៩បន្ទប់៕
Tag:
បាក់ឌុប
អក្សរសាស្ត្រខ្មែរ
សំណេរ
ជុំ ច័ន្ទមុនី
ភ្នំពេញថ្មី
សំណេរ
តែងសេចក្ដី
© រក្សាសិទ្ធិដោយ thmeythmey.com