កីឡាជាតិ
ជាតិ
ឯកអគ្គរាជទូត​អង់គ្លេស​ស្នើ​ឲ្យ HFCA បង្កើត​ក្រុមបាល់ទាត់​នារី​គ្មាន​ទីពឹង
06, Jul 2019 , 4:29 pm        
រូបភាព
អ្នកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស(ទី២ឆ្វេង) និងលោក Paraic Grogan ពេលចូលសន្និសីទសារព័ត៌មានកន្លងទៅ
អ្នកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស(ទី២ឆ្វេង) និងលោក Paraic Grogan ពេលចូលសន្និសីទសារព័ត៌មានកន្លងទៅ
ដោយ:
​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ស្នើ​ឲ្យ​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​អូស្ត្រាលី​(HFCA)​បង្កើត​ក្រុមបាល់ទាត់​នារី​គ្មាន​ទីពឹង ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Homeless World Cup ដែល​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​ជនអនាថា​នៅ​ជុំ​ពិភពលោក​។ ការស្នើ​នេះ ពេល​អ្នកស្រី​ចូលរួម​សន្និសីទ​សារព័ត៌មាន ស្តីពី​ការបង្ហាញ​ក្រុម​កីឡាករ​បាល់ទាត់​ជន​គ្មាន​ទីពឹង ដើម្បី​ត្រៀម​ចូលរួម​ប្រកួត Homeless World Cup 2019 កាលពីពេល​ថ្មីៗ​។

   
 
​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា លោក Tina Redshaw មាន​មោទកភាព​យ៉ាងខ្លាំង​ចំពោះ​អង្គការ HFCA ដែល​បាន​បញ្ជូន​ក្រុម​កីឡាករ​ជន​គ្មាន​ទីពឹង ឲ្យ​ចូលរួម​ការប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ជន​គ្មាន​ទីពឹង Homeless World Cup ដែល​ចក្រភព​អង់គ្លេស​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំនេះ​។ លើសពីនេះ អ្នកស្រី បាន​កោតសរសើរ HFCA ដែល​យកចិត្តទុកដាក់​បណ្តុះបណ្តាល និង​ផ្តល់ឱកាស​ឲ្យ​យុវជន​ជា​ជនអនាថា បាន​ចូលរួម​លេង​បាល់ទាត់ និង​សិក្សា​បទពិសោធ​ថ្មីៗ​នៅក្រៅ​ប្រទេស​។ 


 
​ទន្ទឹមនឹងនេះ​អ្នកស្រី Tina Redshaw ជំរុញ​ឲ្យ HFCA បង្កើន​ការយកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​ឲ្យ​មាន​ក្រុមបាល់ទាត់​នារី​គ្មាន​ទីពឹង​បន្ថែមទៀត ដើម្បី​ផ្តល់ឱកាស​ឲ្យ​ពួកគេ​បាន​ចូលរួម​លេង​បាល់ទាត់ និង​ឃើញ​ពិភព​ខាងក្រៅ​ដូច​បុរស​។ បន្ថែម​លើ​នេះ អ្នកស្រី​បាន​លើក​ពី​គុណសម្បត្តិ​របស់​វិស័យ​បាល់ទាត់ ក្នុង​ការជួយ​បង្កើត​មិត្តភាព សាមគ្គីភាព និង​ជួយ​ឲ្យ​ពួកគេ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម​ជាដើម​។     
 
«​នៅ​អង់គ្លេស​ការប្រកួត​បាល់​ទាត់​នារី ក៏មាន​ការពេញនិយម​ខ្លាំង​ដែរ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ការប្រកួត​ក្រោយៗ​ទៀត  HFCA នឹង​រៀបចំ​ឲ្យ​មាន​ក្រុម​នារី​ទៅ​ចូលរួម​ដែរ ដើម្បី​ផ្តល់ឱកាស​ឲ្យ​នារី​កម្ពុជា​បាន​លេង​កីឡា និង​បានឃើញ​អ្វី​ថ្មីៗ​នៅ​ពិភព​ខាងក្រៅ​»​។ អ្នកស្រី Tina Redshaw បង្ហាញ​ក្តី​រំពឹង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបង្ហាញ​ក្រុម​កីឡាករ​បាល់ទាត់​ជន​គ្មាន​ទីពឹង​ចំនួន​៨​រូប ដែល​ត្រូវ​ទៅ​ចូលរួម​ការប្រកួត Homeless World Cup នា​ចុងខែ​កក្កដា​នេះ​។ 
 
​ជាការ​ឆ្លើយតប​នឹង​សំណើរ​ខាងលើ ស្ថាបនិក​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​អូស្ត្រាលី​លោក Paraic Grogan បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សំណើរ​នេះ ហើយ​ប្តេជ្ញា​ថា លោក​នឹង​បញ្ជូន​ក្រុមបាល់ទាត់​នារី​គ្មាន​ទីពឹង​ឲ្យ​ចូលរួម​ការប្រកួត​ព្រឹត្តិការណ៍​ខាងលើ​នៅ​ឆ្នាំក្រោយៗ​ទៀត​។ លោក​បន្ថែមថា បច្ចុប្បន្ន​មាន​កីឡាការិនី​ចំនួន​៥០​នាក់​កំពុង​ហ្វឹកហាត់​នៅ​អង្គការ​របស់លោក​។ ដូច្នេះ​វា​មិនមាន​ការលំបាក​ក្នុងការ​បង្កើត​ក្រុមកីឡា​ការិនី​បាល់ទាត់ ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​នេះឡើយ​។  
 
​ស្ថាបនិក​រូបនេះ​បាន​បន្ថែមថា​៖«Homeless World Cup ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៣ ឯ​កម្ពុជា​បាន​បញ្ជូន​ក្រុម​កីឡាករ​ឲ្យ​ទៅ​ចូលរួម​តាំងពី​ឆ្នាំ​២០០៨​មក គឺ​យើង​បានផ្តល់​ឱកាស​ឲ្យ​យុវជន​វ័យក្មេង​របស់​កម្ពុ​ជាស​រុ​ប​៦០​នាក់ បាន​ផ្លាស់​ប្តូរជីវិត​តាមរយៈ​ការប្រកួត Homeless World Cup នេះ​»​។  
 
​លោក ថុង គីម​ហុង គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​កម្ពុជា​ប្រចាំ HFCA ដែល​ធ្លាប់​ចូលរួម​ប្រកួត Homeless World Cup កាលពី​ឆ្នាំ​២០១៥​បាន​និយាយថា​៖«​បើ​ប្រៀបធៀប​ទៅនឹង​ក្រុម​ចូលរួម​ប្រកួត​មុនៗ គឺ​កីឡា​ករទាំង​៨​នាក់ ត្រៀម​ទៅ​ប្រកួត​លើក​នេះ គឺ​ពួកគាត់​មានការ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំងណាស់ ធ្វើ​ឲ្យ​សមត្ថភាព​លេង​របស់​ពួកគាត់​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហេតុនេះ​ពួកយើង នឹង​ខំប្រឹង​លេង​ឲ្យ​បាន​១០០​ភាគរយ ដើម្បី​ដណ្តើម​ជ័យជម្នះ​យកមក​ជូន​ប្រទេសជាតិ​»​។ 
 
​កីឡាករ យ៉េ​ង សុខ​រ៉ា​, សុខ ប៉ុន​តាន​, ទុំ វុត្ថា​, ផល វ៉ាន់ណេត​, សំ ដាំ​, គូ រ៉ាត់​, ស្រី មករា និង ជា សីមា គឺជា​បេក្ខភាព ដែល​នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស នា​ថ្ងៃទី​២៥ ខែកក្កដា ខាងមុខនេះ ដើម្បី​ចូលរួម​ការប្រកួត Homeless World Cup 2019 ដែលមាន​ក្រុម​ចូលរួម​រហូតដល់​៧២ មកពី​៤៨​ប្រទេស គឺ​ច្រើន​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​៕ 

Tag:
 Homeless World Cup
  Tina Redshaw
  Paraic Grogan
© រក្សាសិទ្ធិដោយ thmeythmey.com