លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ស្នើឲ្យអង្គការបាល់ទាត់រីករាយកម្ពុជាអូស្ត្រាលី(HFCA)បង្កើតក្រុមបាល់ទាត់នារីគ្មានទីពឹង ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Homeless World Cup ដែលបង្កើតឡើងដើម្បីលើកទឹកចិត្តជនអនាថានៅជុំពិភពលោក។ ការស្នើនេះ ពេលអ្នកស្រីចូលរួមសន្និសីទសារព័ត៌មាន ស្តីពីការបង្ហាញក្រុមកីឡាករបាល់ទាត់ជនគ្មានទីពឹង ដើម្បីត្រៀមចូលរួមប្រកួត Homeless World Cup 2019 កាលពីពេលថ្មីៗ។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Tina Redshaw មានមោទកភាពយ៉ាងខ្លាំងចំពោះអង្គការ HFCA ដែលបានបញ្ជូនក្រុមកីឡាករជនគ្មានទីពឹង ឲ្យចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកជនគ្មានទីពឹង Homeless World Cup ដែលចក្រភពអង់គ្លេសធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ។ លើសពីនេះ អ្នកស្រី បានកោតសរសើរ HFCA ដែលយកចិត្តទុកដាក់បណ្តុះបណ្តាល និងផ្តល់ឱកាសឲ្យយុវជនជាជនអនាថា បានចូលរួមលេងបាល់ទាត់ និងសិក្សាបទពិសោធថ្មីៗនៅក្រៅប្រទេស។
ទន្ទឹមនឹងនេះអ្នកស្រី Tina Redshaw ជំរុញឲ្យ HFCA បង្កើនការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលឲ្យមានក្រុមបាល់ទាត់នារីគ្មានទីពឹងបន្ថែមទៀត ដើម្បីផ្តល់ឱកាសឲ្យពួកគេបានចូលរួមលេងបាល់ទាត់ និងឃើញពិភពខាងក្រៅដូចបុរស។ បន្ថែមលើនេះ អ្នកស្រីបានលើកពីគុណសម្បត្តិរបស់វិស័យបាល់ទាត់ ក្នុងការជួយបង្កើតមិត្តភាព សាមគ្គីភាព និងជួយឲ្យពួកគេចេះធ្វើការងារជាក្រុមជាដើម។
«នៅអង់គ្លេសការប្រកួតបាល់ទាត់នារី ក៏មានការពេញនិយមខ្លាំងដែរ ដូច្នេះខ្ញុំសង្ឃឹមថា ការប្រកួតក្រោយៗទៀត HFCA នឹងរៀបចំឲ្យមានក្រុមនារីទៅចូលរួមដែរ ដើម្បីផ្តល់ឱកាសឲ្យនារីកម្ពុជាបានលេងកីឡា និងបានឃើញអ្វីថ្មីៗនៅពិភពខាងក្រៅ»។ អ្នកស្រី Tina Redshaw បង្ហាញក្តីរំពឹងបែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពីការបង្ហាញក្រុមកីឡាករបាល់ទាត់ជនគ្មានទីពឹងចំនួន៨រូប ដែលត្រូវទៅចូលរួមការប្រកួត Homeless World Cup នាចុងខែកក្កដានេះ។
ជាការឆ្លើយតបនឹងសំណើរខាងលើ ស្ថាបនិកអង្គការបាល់ទាត់រីករាយកម្ពុជាអូស្ត្រាលីលោក Paraic Grogan បានគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរនេះ ហើយប្តេជ្ញាថា លោកនឹងបញ្ជូនក្រុមបាល់ទាត់នារីគ្មានទីពឹងឲ្យចូលរួមការប្រកួតព្រឹត្តិការណ៍ខាងលើនៅឆ្នាំក្រោយៗទៀត។ លោកបន្ថែមថា បច្ចុប្បន្នមានកីឡាការិនីចំនួន៥០នាក់កំពុងហ្វឹកហាត់នៅអង្គការរបស់លោក។ ដូច្នេះវាមិនមានការលំបាកក្នុងការបង្កើតក្រុមកីឡាការិនីបាល់ទាត់ ដើម្បីត្រៀមចូលរួមការប្រកួតនេះឡើយ។
ស្ថាបនិករូបនេះបានបន្ថែមថា៖«Homeless World Cup ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ឯកម្ពុជាបានបញ្ជូនក្រុមកីឡាករឲ្យទៅចូលរួមតាំងពីឆ្នាំ២០០៨មក គឺយើងបានផ្តល់ឱកាសឲ្យយុវជនវ័យក្មេងរបស់កម្ពុជាសរុប៦០នាក់ បានផ្លាស់ប្តូរជីវិតតាមរយៈការប្រកួត Homeless World Cup នេះ»។
លោក ថុង គីមហុង គ្រូបង្វឹកក្រុមកីឡាបាល់ទាត់កម្ពុជាប្រចាំ HFCA ដែលធ្លាប់ចូលរួមប្រកួត Homeless World Cup កាលពីឆ្នាំ២០១៥បាននិយាយថា៖«បើប្រៀបធៀបទៅនឹងក្រុមចូលរួមប្រកួតមុនៗ គឺកីឡាករទាំង៨នាក់ ត្រៀមទៅប្រកួតលើកនេះ គឺពួកគាត់មានការប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់ ធ្វើឲ្យសមត្ថភាពលេងរបស់ពួកគាត់មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហេតុនេះពួកយើង នឹងខំប្រឹងលេងឲ្យបាន១០០ភាគរយ ដើម្បីដណ្តើមជ័យជម្នះយកមកជូនប្រទេសជាតិ»។
កីឡាករ យ៉េង សុខរ៉ា, សុខ ប៉ុនតាន, ទុំ វុត្ថា, ផល វ៉ាន់ណេត, សំ ដាំ, គូ រ៉ាត់, ស្រី មករា និង ជា សីមា គឺជាបេក្ខភាព ដែលនឹងត្រូវធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស នាថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ ដើម្បីចូលរួមការប្រកួត Homeless World Cup 2019 ដែលមានក្រុមចូលរួមរហូតដល់៧២ មកពី៤៨ប្រទេស គឺច្រើនបំផុតមិនធ្លាប់មានពីមុនមក៕