កីឡាជាតិ
ជាតិ
ជ័យជម្នះ​បើកឆាក​ជើង​ទី​ពីរ​សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ អគ្គិសនី​កម្ពុជា និង​គិរីវង់​សុខ​សែន​ជ័យ​
06, Jul 2019 , 10:51 pm        
រូបភាព
ខ្សែប្រយុទ្ធ​ជប៉ុន Reiya Kinoshita អបអរជាមួយមិត្តរួមក្រុមក្រោយស៊ុតបាល់បញ្ចូលទីលើយុវជនបាទី។ រូបថត CNCC
ខ្សែប្រយុទ្ធ​ជប៉ុន Reiya Kinoshita អបអរជាមួយមិត្តរួមក្រុមក្រោយស៊ុតបាល់បញ្ចូលទីលើយុវជនបាទី។ រូបថត CNCC
ដោយ: ថ្មីៗ
​ការប្រកួត​បើកឆាក​ជើង​ទី​ពីរ​នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ នា​រសៀល​ថ្ងៃទី​៦ ខែកក្កដា នេះ ផ្តល់​ភាព​រីករាយ​សម្រាប់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ អគ្គិសនី​កម្ពុជា និង​គិរីវង់​សុខ​សែន​ជ័យ ដែល​សុទ្ធតែ​ដណ្តើមបាន​៣​ពិន្ទុ​រៀងៗ​ខ្លួន ពី​ក្រសួងការពារជាតិ ខេត្តកំពង់ចាម និង​យុវជន​បាទី​។​



​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប អង្គ​រថា​យ​ហ្គឺ​រ បាន​យកឈ្នះ​ក្រសួងការពារជាតិ ៣-១ ដើម្បី​ឡើងទៅ​ឈរ​នៅ​លេខ​២​បណ្តោះអាសន្ន​។ គ្រាប់​បាល់​បញ្ចូល​ទី​បាន​កើតឡើង​នៅ​តង់​ទី​ពីរ ដោយ Ryota Hayashi ស៊ុត​នាំមុខ​សម្រាប់​ថា​យ​ហ្គឺ​រ ហើយ Mohammed Faeez តាម​ស្មើ​សម្រាប់​ការពារជាតិ​។ ទីបំផុត ថា​យ​ហ្គឺ​រ​ជា​អ្នក​បាន​៣​ពិន្ទុ ក្រោយ Alexis Ramos និង Okereke Timothy ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​១​គ្រាប់​ទៀត​។ កាលពី​ជើង​ទីមួយ ក្រុម​ទាំងពីរ​បានបញ្ចប់​ការប្រកួតក្នុងលទ្ធផលស្មើ ១-១ ។​

​ដោយឡែក​ជ័យជម្នះ ៣-១ ដូចគ្នា បានកើត​ឡើង​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដែល​នេះ​ជាការ​សងសឹក​របស់​អគ្គិសនី​កម្ពុជា​ទៅ​ក្រុម​ខេត្តកំពង់ចាម​។ ឈឿន វិ​ស៊ី​នុ រកបាន​គ្រាប់​បើកឆាក​ឲ្យ​អគ្គិសនី​នៅ​៨​នាទី​ដំបូង តែ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Osei Tutu Michael វាយបក​តាម​ស្មើ​សម្រាប់​កំពង់ចាម​ក្នុង​នាទី​បន្ថែម​នៃ​តង់​ទីមួយ​។ ឈានដល់​តង់​ទី​ពីរ ម៉ៅ ប៊ុន​ចន្ថា និង សៀន សុភ​ត្រា រកបាន​ម្នាក់​១​គ្រាប់​ទៀត​សម្រាប់​អគ្គិសនី​កម្ពុជា​។ កាលពី​ជើង​ទីមួយ អគ្គិសនី​កម្ពុជា​រង​ការខកចិត្ត​នៅលើ​ទឹកដី​របស់ខ្លួន ដោយ​ចាញ់​កំពង់ចាម ១-០ ហើយក៏​ជា​ជោគជ័យ​តែម្តង​គត់​របស់​ក្រុម​ខេត្ត​មួយ​នេះ​ផងដែរ​។​

​ងាក​ទៅ​ជំនួប​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ក្រុម​គិរីវង់​សុខ​សែន​ជ័យ នៅតែ​ទទួលបាន​៣​ពិន្ទុ​លើ​យុវជន​បាទី​ក្នុង​លទ្ធផល ១-០​។  ខ្សែប្រយុទ្ធ​ជប៉ុន Reiya Kinoshita ជា​អ្នក​នាំ​ជ័យជម្នះ​សម្រាប់​គិរីវង់​នៅ​៧​នាទី​មុន​បញ្ចប់​ការប្រកួត​។ កាលពី​ជើង​ទីមួយ ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ ក៏បាន​យកឈ្នះ​យុវជន​បាទី​ផងដែរ ក្នុង​លទ្ធផល ៤-១​។​


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com