ជាតិ
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍១៩០កន្លែង សម្រាប់និស្សិតសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
× ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ១០០ភាគរយ ចំនួន១៩០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង មានមុខជំនាញវិទ្យាសាស្ត្រដំណាំ,វិទ្យាសាស្ត្រសត្វ,វិទ្យាសាស្ត្រជលផល,កុំព្យូទ័រធុរកិច្ច,បច្ចេកវិទ្យាអាហារ និងជំនាញការដំឡើងប្រព័ន្ធអគ្គិសនី។ ចំណែកថ្នាក់បរិញ្ញាបត្រ មានមុខជំនាញវិទ្យាសាស្ត្រដំណាំ និងវិទ្យាសាស្ត្រសត្វ។
លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងអស់ ត្រូវជាសិស្សប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ(គិតចាប់ពីឆ្នាំ២០០២) និងត្រូវជាសិស្សប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
ការប្រឡងជ្រើសរើស នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកកំពង់ស្ពឺ។ សិស្សនិស្សិត ដែលចាប់អារម្មណ៍ អាចទៅទទួលពាក្យសុំប្រឡង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ ខែតុលា ឬអាចទាញយកតាមគេហទំព័រ
www.ksit.edu.kh/form2018/។ បេក្ខជនទាំងអស់ ត្រូវដាក់ពាក្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងនៅនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម ទាក់ទងទៅកាន់លេខទូរសព្ទ ០៨៥ ៤៨៣ ៦០៩៕
Tag:
អប់រំ
និស្សិត
អាហារូបករណ៍
បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com