ជាតិ
សង្គមជាតិ
លោក ហេង សុភ័ណ្ឌ៖«ខ្ញុំធ្វើទីងមោងមុខស្អាតៗ ដើម្បីអភិរក្សសម្បត្តិដូនតា»
× កណ្តាល៖ លោក ហេង សុភ័ណ្ឌ ជាអ្នកធ្វើទីងមោងនៅស្រុងស្អាង ខេត្តកណ្តាល។ ចេះធ្វើទីងមោងបន្តពីឪពុក លោក សុភ័ណ្ឌ បានច្នៃប្រឌិតបន្ថែម ដោយធ្វើទីងមោងដែលមានមុខស្អាតៗតាមតារាចម្រៀង និងតារាសម្តែងទាំងក្នុងក្រៅប្រទេស។ លោក សុភ័ណ្ឌ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា លោកបន្តធ្វើទីងមោង ព្រោះចង់អភិរក្សសម្បត្តិដូនតានេះ ឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់ ខណៈដែលការប្រើប្រាស់«ទីងមោង»នាពេលបច្ចុប្បន្នបានធ្លាក់ចុះពីមួយទៅមួយឆ្នាំ។
លោក ហេង សុភ័ណ្ឌ មានទេពកោសល្យ និងចំណង់ចំណូលគូររូបតាំងពីតូច ហើយលោកបានចេះធ្វើទីងមោង ដែលមានទម្រង់មុខស្អាតៗបែបនេះ ជាង១០ ឆ្នាំមកហើយ។ លោក បានច្នៃគំនិត ពីធ្វើការទីងមោងបែបបុរាណៗរបស់ឪពុក មកជាទីងមោងដែលមានមុខមាត់ស្រស់ស្អាត ដែលការពេញចិត្ត និងជាទីស្រលាញ់របស់មនុស្សសម័យថ្មី ពិសេសក្មេងៗតែម្តង។
ទោះបីជាដឹងថា ក្នុងពិធីបុណ្យជាតិនានា ដូចជាពិធីកឋិនទាន និងការដង្ហែរទានព្រះវស្សា មិនសូវមានអ្នកយកទីងមោងឆៃយ៉ាំមកប្រើប្រាស់ច្រើនក៏ពិតមែន (ពោលធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ) ក៏បុរសវ័យ២៩ឆ្នាំរូបនេះ មានឆន្ទៈក្នុងការបន្តធ្វើទីងមោងនេះដដែល។ លោក ហេង សុភ័ណ្ឌ បាននិយាយដូច្នេះ៖« ខ្ញុំធ្វើទីងមោង ដែលមានមុខមាត់ស្អាតៗបែបនេះ មិនមែនដើម្បីរកតែប្រាក់ចំណូលនោះទេ។ ខ្ញុំធ្វើទីងមោងដែលមានមុខស្អាតនេះ ព្រោះកន្លងមកទីងមោងដែលបងប្អូនប្រជាពលយើងឃើញមានមុខមាត់អាក្រក់ គួរឲ្យខ្លាចជាដើម ហើយខ្ញុំកែច្នៃទីងមោងដែលមានមុខមាត់ស្អាតៗបែបនេះ គឺដើម្បីចង់ចូលរួមអភិរក្សសម្បត្តិដូនតាយើងនេះ សម្រាប់ទុកឲ្យមនុស្សជំនាន់ក្រោយបានដឹង និងស្គាល់ផងដែរ»។
តាមពិត លោក ហេង សុភ័ណ្ឌ ជាអតីតពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ដែលទើបត្រឡប់មកស្រុកកំណើតវិញជិត១ឆ្នាំប៉ុណ្ណោះ។ ក្នុងរយៈពេលជិតមួយឆ្នាំចុងក្រោយនេះ យុវជន សុភ័ណ្ឌ បានកែច្នៃ និងធ្វើមុខទីងមោងបានកាន់តែស្អាត និងធ្វើបានដូចទម្រង់មុខមាត់ដូចតារាចម្រៀង និងតារាសម្តែងខ្មែរ, K-POP និងតារាថៃជាដើម។ បើតាមលោក សោភ័ណ្ឌ រយៈពេលប៉ុន្មានខែនេះ លោកធ្វើលក់បានជិត១០គូ និងកំពុងធ្វើឲ្យគេ៣-៤គូទៀត តាមការបញ្ជាទិញរបស់អតិថិជនផងដែរ។
យុវជនរូបនេះ បានបន្តប្រាប់សារព័ត៌មានThmeyThmeyដូច្នេះ៖«ខ្ញុំដឹងថាតម្រូវការទីងមោងនៅពេលអនាគត គឺមិនមានច្រើនដូចពីមុនៗ និងសព្វថ្ងៃនេះទេ ព្រោះទីងមោងមួយគូៗ អាចប្រើប្រាស់រហូតដល់៣០ឆ្នាំ។ ប្រសិនបើទីងមោងនោះខូចខាត បែក ប្រេះមុខតិចតួច យើងអាចជួលជុល បាននិងស្អាតដូចដើម ហើយតម្លៃជួសជុល ត្រឹមតែ១០ ទៅ៣០ដុល្លារ អាស្រ័យទៅលើទំហំខូចខាតប៉ុណ្ណោះ។ ថ្វីដ្បិតទីងមោងមួយគូរ ប្រើបានរយៈពេលវែង ជាមួយនឹងការធ្លាក់ចុះនៃទំនៀបទម្លាប់ប្រើប្រាស់ទីងមោងឆៃយ៉ាំនេះក៏ពិតមែន ប៉ុន្តែខ្ញុំនឹងនៅបន្តធ្វើ។ ទោះបីជាគ្មានអ្នកកម្មង់ក៏ដោយ ក៏ខ្ញុំធ្វើទុកនៅផ្ទះមួយគូ សម្រាប់ចូលរួមទៅលេងកម្សាន្ត និងដង្ហែលេងជាមួយគេនៅតាមវត្តនានា ក្នុងភូមិផងដែរ។ ព្រោះខ្ញុំស្រលាញ់ ចូលចិត្ត និងចង់ថែរក្សាសម្បត្តិដូនតានេះ ដើម្បីឲ្យគ្រប់គ្នាបានស្គាល់ បានដឹង និងបានលេងកម្សាន្តដូចខ្ញុំដែរ»។
បើតាម លោក ហេង សុភ័ណ្ឌ ទម្រាំបានទីងមោងមួយគូៗ លោក និងសមាជិកគ្រួសារ៣នាក់ទៀត ត្រូវចំណាយពេលយ៉ាងហោចណាស់ ១០ថ្ងៃ ដើម្បីដំឡើង។ សុភ័ណ្ឌ និងប្អូនប្រុស មានតួនាទី ធ្វើទម្រង់មុខមាត់ សក់ និងលាបពណ៌ថ្នាំឲ្យទីមោង។ ឪពុក ជាអ្នកជួយបិតឫស្សីធ្វើទ្រុងទីងមោង។ រីឯម្តាយ ជាអ្នកដេរសម្លៀកបំពាក់ឲ្យទីងមោង។
ទីងមោងមួយគូ អាចលក់តម្លៃ ១,១០០,០០០រៀល ឬ២៧៥ដុល្លារ។ សម្រាប់ លោក ហេង សុភ័ណ្ឌ ប្រាក់ដែលទទួលពីការធ្វើទីងមោង មិនសូវជាឆ្លើយតបនឹងកម្លាំងពលកម្ម ស្នាដៃ និងទឹកចិត្ត ដែលក្រុមគ្រួសាររបស់លោក សុភ័ណ្ឌ ធ្វើនោះទេ។ ប៉ុន្តែដោយសារតែក្តីស្រលាញ់ និងចង់អភិរក្សទីងមោងឆៃយ៉ាំទាំងនេះ លោក សុភ័ណ្ឌ នឹងមិនរួញរាក្នុងការធ្វើទីងមោងបន្តឡើយ ហើយប្តេជ្ញាបង្កើនការច្នៃប្រឌិតទីងមោង ឲ្យកាន់តែប្រសើរថែមទៀត។ លោក សុភ័ណ្ឌ ក៏នឹងចាប់ជំនាញនេះ ធ្វើជាអាជីពប្រចាំគ្រួសារ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងចែករំលែក ឲ្យពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងបរទេសផង ឲ្យបានដឹងកាន់តែទូលាយពីសម្បត្តិដូនតានេះ៕
Tag:
ទីងមោង
ទំនៀមទម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com